គ.ជ.ប រង​ការ​ចោទ​ថា​ចែក«បណ្ណ័​ព័ត៌មាន» មាន​ការ​រើស​អើង

ភ្នំពេញ៖ គ.ជ.ប តែងតែអះអាងថា ខ្លួនយកចិត្តទុកដាក់ចំពោះកិច្ចការ ដែលខ្លួនទទួលខុសត្រូវ។ តែទោះជាយ៉ាងនេះក្តី ក៏ស្ថាប័ននេះ តែង​ត្រូវបានរិះគន់ដោយអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងជារឿយៗថា មិនគ្មានតម្លាភាព ឬមាន​លក្ខណៈជាប្រពន្ធ័ ដែល​ផ្តល់​ឲ្យដល់តែបក្សពួកនិយម។ តួយ៉ាងដូចជាករណី នៃការចែកបណ្ណ័អ្នកបោះឆ្នោតជាដើម ត្រូវ​បានចោទប្រកាន់ថា មិន​មានការគ្រប់គ្រងឲ្យបានម៉ត់ចត់ អង្គុយចាំតែយករបាយការណ៍ដែលបានខ្លួនទទួលមកសរុប ហើយសម្រេចថាជា​«លទ្ធផលវិជ្ជមាន» នោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 21, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្នំពេញ៖ គ.ជ.ប តែងតែអះអាងថា ខ្លួនយកចិត្តទុកដាក់ចំពោះកិច្ចការ ដែលខ្លួនទទួលខុសត្រូវ។ តែទោះជាយ៉ាងនេះក្តី ក៏ស្ថាប័ននេះ តែង​ត្រូវបានរិះគន់ដោយអង្គការសង្គមស៊ីវិល និងគណបក្សប្រឆាំងជារឿយៗថា មិនគ្មានតម្លាភាព ឬមាន​លក្ខណៈជាប្រពន្ធ័ ដែល​ផ្តល់​ឲ្យដល់តែបក្សពួកនិយម។ តួយ៉ាងដូចជាករណី នៃការចែកបណ្ណ័អ្នកបោះឆ្នោតជាដើម ត្រូវ​បានចោទប្រកាន់ថា មិន​មានការគ្រប់គ្រងឲ្យបានម៉ត់ចត់ អង្គុយចាំតែយករបាយការណ៍ដែលបានខ្លួនទទួលមកសរុប ហើយសម្រេចថាជា​«លទ្ធផលវិជ្ជមាន» នោះ។


សន្និសិទកាសែតនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី២១ ខែមិថុនា។ (រូបថត MONOROOM.info/ O. Vary)

ក្នុងសន្និសិទកាសែតនៅទីស្តីការ គ.ជ.ប ព្រឹកថ្ងៃទី២១ ខែមិថុនានេះ លោក ស៊ិន ឌឹម សមាជិក គ.ជ.ប បាន​បង្ហាញ​នូវ​លទ្ធផលនៃការចែកប័ណ្ណព័ត៌មាន អ្នកបោះឆ្នោតជាបណ្តោះអាសន្ន ចាប់គិតថ្ងៃទី១ រហូតដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៣ មានចំនួនជាងប្រាំមួយលាន (៦,៧៥៥.៧៥៦) សន្លឹក និងប័ណ្ណដែលនៅសល់ជាងពីលាន (២,៩១៩,៦៩៧) សន្លឹក។ លោក​បន្តថា ចំពោះប័ណ្ណព័ត៌មាន ដែលនៅសល់នេះនឹងបន្តរចែករហូតដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៣ វេលាម៉ោងប្រាំ​និង​សាមសិបនាទី(៥.៣០)ល្ងាច។ ហើយអ្នកដែលមិនទាន់បានទទួលប័ណ្ណព័ត៌មានទេ អាចទៅយកបាននៅឃុំ-សង្កាត់​រៀងៗ​ខ្លួនបាន។

លោកបានបញ្ជាក់ថា «ប័ណ្ណព័ត៌មានសម្រាប់អ្នកបោះឆ្នោតនេះ» មិនមែនជា«ប័ណ្ណសម្រាប់ប្រើប្រាស់ជាផ្លូវការ» ជំនួសឲ្យ «អត្តសញ្ញាណបណ្ណ័» ដើម្បីអាចនឹងចូលរួមការបោះឆ្នោតបាននោះទេ វាគ្រាន់តែជា «ប័ណ្ណព័ត៌មានបណ្តោះ​អាសន្ន»​សម្រាប់ជាការជូនដំណឹង ឬជាព័ត៌មានឲ្យបានដឹងពីថ្ងៃខែឆ្នាំ ទៅបោះឆ្នោត ជាការសម្រួលដល់ប្រជាពលរដ្ឋ​ឲ្យងាយ​រក​ការិយាល័យបោះឆ្នោតរបស់ខ្លួន ងាយស្រួលក្នុងការផ្ទៀងឈ្មោះក្នុងបញ្ជីរបោះឆ្នោត និងបានដឹងថា តើនឹងមានឯកសា​រ​អ្វីខ្លះ​ដែលត្រូវយកភ្ជាប់ទៅជាមួយ នៅថ្ងៃបោះឆ្នោតនោះតែប៉ុណ្ណោះ។

ទោះជាមានការបញ្ជាក់ពី គ.ជ.ប ថាប័ណ្ណព័ត៌មាននេះនឹងបានដល់ប្រជាពលរដ្ឋទាំងអស់ ដោយមិនមានការរើសអើង ឬ​ប្រកាន់និន្នាការនយោបាយក៏ដោយ ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីបញ្ចប់សន្និសិទកាសែតតំណាងគណបក្សប្រឆាំង លោក រស់ សួរ បានចោទប្រកាន់ថា នៅតាមមូលដ្ឋាននៅតែមានការរើសអើងពីប្រធានភូមិ ពីសមានជិករបស់គ.ជ.ប ប្រចាំ​ភូមិ-ឃុំ ឬសង្កាត់បើសិនជាពួកគេបានដឹងថាអ្នកនោះ ឬគ្រួសារនោះមិនមែនជាសមាជិក ឬមិនគាំទ្រគណបក្សខ្លួនទេ មិនមានការចែកបណ្ណ័ព័ត៌មាននោះឲ្យឡើយ។ លោកបន្តថាករណីនេះមានស្ទើរគ្រប់ក្រុងទាំងអស់ ជាពិសេសក្នុងខេត្ត​កំពង់ធំតែម្តង។

តំណាងរូបនេះបន្តរថា ការចែកប័ណ្ណនេះទៀតសោធ មិនមានអ្វីបញ្ជាក់ថា ឈ្មោះនោះពិតជាបានទទួលទេ ព្រោះតែការ​ចែកនោះមិនមានជាហត្ថលេខា ឬផ្តិតមេដៃសម្គាល់ឡើយ ។ លោកបន្ថែមថា«អ្នកចែក ហែកផ្នែកខាងចុងយក​ទៅ​ទុក​ដោយមិនបានចែក ឬយកទៅបោះចោល បែរជាមកប្រមូលខាងគុលបញ្ជីមកធ្វើការសរុប យកព័ត៌មានឬទិន្នន័យ ថាចែក​បានច្រើន»។ តាំងពីឆ្នាំ២០០៣ និយាយរួមតាំងពីចាប់ផ្តើមប្រើទំរង់១០១៨មក តាមរយៈការចែកបណ្ណ័នេះ បង្ករឲ្យមានជា​ការ«បោះឆ្នោតជំនួស» ព្រោះគេដឹងថាអ្នកណាខ្លះដែលត្រូវជំនួសនោះ។

តំណាងបក្សប្រឆាំងរូបនេះក៏បានចោទទៅលើ គ.ជ.ប ថាបានប្រើប្រាស់នូវលក្ខណៈជាប្រពន្ធ័ សម្រាប់ការចែកនូវ​ប័ណ្ណ​ព័ត៌មាននេះ ហើយប្រជាពលរដ្ឋនៅតាមមូលដ្ឋានតិចតួចបំផុតដែលនឹងទទួលបាន។ លោកបានបញ្ជាក់ គណបក្សលោក​នឹង​ធ្វើការបង្ហាញពី«លទ្ធផលមួយចំនួនដែល គ.ជ.ប បានធ្វើក្នុងលក្ខណៈជាប្រពន្ធ័»នេះនាថ្ងៃខាងមុខ។

ឯតំណាងអង្គការសង្គមស៊ីវិល មកពីខុមហ្រ្វេល (COMFREL) លោក សីហា បានលើកឡើងថា ខុមហ្រ្វេលបានធ្វើការ​ស្រាវជ្រាវនៅក្រោយការបោះឆ្នោត ក្នុងឆ្នាំ២០០៩ ឃើញថាការបោះឆ្នោតក្នុងឆ្នាំ២០០៨ ប្រមាណជាប្រាំបួនភាគរយ(៩%) ត្រូវបានបដិសេធពីមន្ត្រីការិយាល័យមួយចំនួន មិនឲ្យបោះឆ្នោត ដោយសំអាងថាគ្មានប័ណ្ណព័ត៌មាននេះ។ លោកបន្តថា គ.ជ.ប ហាក់បីដូចជាមានការលាក់លាមចំពោះ ការចែកប័ណ្ណព័ត៌មាននេះនៅក្នុងដំណាក់កាលទីពីរចាប់ពីថ្ងៃទី២៦ មិថុនា ដល់ថ្ងៃទី២៥ ខែកក្តដា មិនដឹងថាចែកបានប៉ុន្មាន និងនៅសល់ប៉ុន្មាន។

ឆ្លើយតបទៅនឹងការលើកឡើងនេះ អគ្គលេខាធិកាលោក ទេព នីថា បានបដិសេធនូវចំណុចនេះ ដោយលោកបាន​បញ្ជាក់​ថា គ.ជ.ប បានបើកចំហរក្នុងការចូលរួមសង្កេតការណ៍ ក៏ដូចជាការទទួលយកនូវព័ត៌មានទាំងនេះ តែមិនដែល​មាន​អង្គការសង្គមស៊ីវិលណាមួយបានមកចូលរួមនោះទេ។ ម្យ៉ាងទៀត គ.ជ.ប ក៏មិនដែលបានទទួលបណ្តឹង ពីការហាម​ឃាត់​មិនឲ្យបោះឆ្នោតដោយសារតែមានប័ណ្ណព័ត៌មាននោះដែរ។ លោកបានអះអាងថា ករណីនេះ​មិនដែលមានទេ នា​ពេល​កន្លងមក តែទោះជាយ៉ាងនេះក្តីលោកនឹងខិតខំព្យាយាម ធ្វើយ៉ាងណាមិនឲ្យករណីនេះកើតមាន​ឡើយក្នុងពេល​បោះឆ្នោត​ខាងមុខនេះ៕

-------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២១ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...