ប្រធាន​​ផ្សារ​​ដើម​​គរ​បញ្ជា​​សន្តិសុខ​ឲ្យ​​វាយ​​កម្មករ​ ព្រោះ​ជិះ​ម៉ូតូ​ប៉ះ​ខ្លួន

ប្រធានផ្សារដើមគរលោក សេង សារ៉ន បានបញ្ជាកងសន្តិសុខចំនួន ៥នាក់ ទៅវាយកម្មករអូសរទេះបន្លែ នៅ​ច្រក​ចេញ​ចូល​ផ្សារ​បណ្តាល​ឲ្យ​មាន​របួស​ បន្ទាប់ពីកម្មករទាំងពីរនោះ បានជិះម៉ូតូរិអិលជ្រុលចង្កូតទៅបុកលោក បណ្ដាល​ឲ្យ​មាន​ដាច់​រហែក​ខោ​បន្តិច​បន្តួច​ប៉ុណ្ណោះ។
Loading...
  • ដោយ: ក. វិច្ចនី អត្ថបទ៖ក. វិច្ចនី ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញ ថ្ងៃទី ២៧ មករា ២០១៥
  • កែប្រែចុងក្រោយ: January 28, 2015
  • ប្រធានបទ: វាយតប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កម្មករ​ស៊ី​ឈ្នួល​អូស​រទេះ​បន្លែ នៅ​ផ្សារ​ដើម​គរ​ត្រូវ​បាន​កង​សន្តិសុខ របស់​ប្រធាន​​ផ្សារ​​ដើម​​គ​ លោក សេង សារ៉ង វាយ​ជា​ច្រើន​ដៃ បន្ទាប់​ពី​កម្មករ​​រង​គ្រោះ​ទាំង​​ពីរ បាន​ជិះ​ម៉ូតូ​រអិល​ទៅ​ប៉ះ​ជើង​ប្រធាន​ផ្សារ​ដើម​គ​រូប​នេះ ហើយ​បាន​បណ្តាល​រហែក​​ខោ​លោក​​បន្តិច។ ប៉ុន្តែ វា​ជា​ការ​ដាច់​រហែក​ខោ​ ដែល​បាន​បញ្ឆេះ​កំហឹង​របស់​លោក​ប្រធាន​ផ្សារ​ឲ្យ​ឆេះ​ឈួល​ឡើង រហូត​បាន​បញ្ជា​ឲ្យ​កង​សន្តិសុខ​ផ្សារ​ចំនួន ៥នាក់ ទៅ​វាយ​កម្មករ​យ៉ាង​ចាស់​ដៃ បើ​ទោះ​ជា​ជន​រង​គ្រោះ បាន​លើក​ដៃ​សំពះ​សុំ​ទោស​លោក​ហើយ​ក៍​ដោយ។

បុរស​ទាំង​ពីរ ដែល​ត្រូវ​បាន​សន្តិសុខ​ផ្សារ​វាយ​នេះ មា​នម្នាក់​ឈ្មោះ ថេត របួស​នៅ​ត្រង់​ពោះ និង​ម្នាក់​ទៀត​ឈ្មោះ ប៉ោង ត្រូវ​ចំ​មុខ។ ហេតុការណ៍​វាយ​តប់ ត្រូវ​បាន​អាជីករ​លក់ដូរ និងអ្​នករត់​ម៉ូតូ​ឌុប​នៅ​កន្លែង​កើត​ហេតុ​បាន​ជួយ​ស្រែក និង​ចាប់​ឃាត់ ដើម្បី​បញ្ឈប់​ការ​វាយ​តប់​ជន​រង​គ្រោះ​ទាំង​ពីរ​នេះ។

ជនរងគ្រោះឈ្មោះ ថេត បានប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូឲ្យដឹងថា លោកទាំងពីរជាកម្មករស៊ីឈ្នួល អូស​បន្លែឲ្យគេនៅក្នុងផ្សារនេះ ហើយថ្ងៃនេះ លោកទាំងពីរបានមកជិះម៉ូតូមកទិញម្ហូបយកទៅចំអិន បន្ទាប់ពី​សំរាកការងារ ប៉ុន្តែជាចៃដន្យផ្លូវក្នុងផ្សារនេះរអិល ហើយលោកបានជុ្រលទៅបុកជើងលោកប្រធានផ្សារ ហើយ​លោកមិនបានមានចេតនាចង់ទៅបុកនោះទេ។ លោកថា លោកបានសុំទោសដោយលើកដៃសំពះ​លោក សេង សារ៉ន រួចហើយ ប៉ុន្តែមិនដឹងជាហេតុអ្វី បានជាសន្តិសុខទាំងនោះនាំគ្នាមកព្រួតវាយលោក​ទៅ​វិញ។

អ្នកស្រី រាម អាជីវករលក់ដូរនៅក្នុងផ្សារដើមគនេះ បាននិយាយថា កម្មករទាំងពីរនាក់នោះ បានជិះម៉ូតូ​ជាន់​ចំសំបកចេក ក៍រអិលដួលទៅប៉ះលោក សេង សារ៉ន ប្រឡាក់ខោបន្តិច។ បន្ទាប់ពីព្រឹត្តិការណ៍វាយតប់ ដែល​អ្នកស្រីថា ជាការបញ្ជាក់របស់ប្រធានផ្សាររូបនោះ អ្នកស្រីបាននិយាយទៀតថា វាជារឿងអយុត្តិធម៌បំផុត សំរាប់កម្មករនោះ ព្រោះពួកគាត់បានសំពះអង្វរហើយ នៅតែវាដំគាត់ទៀត។ អ្នកស្រីសំនូមពរឲ្យសមត្ថកិច្ច និងអាជ្ញាធរដែនដី ជួយសម្រុះសម្រួលឲ្យបានត្រឹមត្រូវបន្តិច ព្រោះការប្រព្រឹត្តបែបនេះ មកលើជនរងគ្រោះ​វាមិនសមរម្យនោះទេ។

ទស្សនាវដ្ដីមិនអាចសុំការបកស្រាយ ពីលោក សេង សារ៉ន ប្រធានផ្សារដើមគបានទេ ក្នុងពេលភ្លាមៗ។ ប៉ុន្តែ​ករណីនេះ ត្រូវបានតំណាងប្រធានផ្សារមួយរូបផ្សេងទៀត នាំយកទៅដោះស្រាយនៅទីស្នាក់ការផ្សារ។ បន្ទាប់​ពីមានការសម្រុះសម្រួល ពីអជ្ញាធរផ្សារទាំងនោះរួច លោក សេង សារ៉ន ត្រូវបានគេតម្រូវ​ឲ្យបង់ថ្លៃ​ជំងឺ​ចិត្ត ទៅឲ្យកម្មករទាំងពីរនាក់នោះក្នុងម្នាក់ ១០០ដុល្លា។

តាមការបញ្ជាក់របស់លោក ស ស៊ីណែត តំណាងមួយរូប ពីសមាគមប្រជាធិបតេយ្យ​ឯករាជ្យសេដ្ឋកិច្ចក្រៅ​ប្រព័ន្ធ បាននិយាយថា ករណីនេះជាករណីអយុត្តិធម៌បំផុត ព្រោះជនរងគ្រោះគ្រាន់តែជិះម៉ូតូប៉ះបន្តិច តែបែ​ជាបញ្ជាឲ្យសន្តិសុខវាយគ្នាដូច្នេះ។ លោកថា បើនិយាយតាមច្បាប់ បើសិនជាការប៉ះពារគ្នានេះ ធ្វើឲ្យបាន​បាក់​ដៃបាក់​ជើងក៍ដោយ ក៍មិនត្រូវវាយអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍នោះដែរ។ ប៉ុន្តែករណីនេះបានបង្ហាញថា វាជាការរំលោភសិទ្ធិរបស់អាជ្ញាធរ សន្តិសុខសណ្តាប់ធ្នាប់ និងសិទ្ធិប្រជាពលរដ្ឋ ដែលគ្រាន់តែប៉ះពាល់​បន្តិច​បន្តួច បង្កើតឲ្យមានការវាយតប់គ្នាទៅវិញ។

លោកបន្ថែមថា តាមចិត្តសមាជិករបស់លោក (ជនរងគ្រោះ) គ្រាន់តែចង់ឲ្យលោកជួយដោះស្រាយ ដើម្បី​សុំ​យកម៉ូតូវិញប៉ុណ្ណោះ ព្រោះម៉ូតូនោះពួកគាត់ខ្ចីគេជិះមកទិញម្ហូប។ រីរបួសដែលរងការវាយពីសន្តិសុខ ពួកគេ​ទាំង​ពីរសុំបញ្ចប់ត្រឹមណ្នឹង៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...