ព្រាប កុល៖ រដ្ឋ​សភា​កម្ពុជា​​កំពុង​​«រេ»​​តាម​​ខ្យល់​​​សាច់​​ញាតិ​​និយម

លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា បានបរិហារដ្ឋសភារបស់ប្រទេសកម្ពុជា ថាមានការបត់បែនយ៉ាងច្រើន ទៅតាម«ខ្យល់»នៃនយោបាយ ក្នុងរយៈពេលកន្លងមក។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២៧ មករា ២០១៥
  • កែប្រែចុងក្រោយ: January 27, 2015
  • ប្រធានបទ: បក្សពួក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋសភា​ជា​ស្ថាប័ន​ច្បាប់​កំពូល​របស់​កម្ពុជា តែ​ហាក់​ដូច​ជា​គ្មាន​ជំហរ​ច្បាស់​លាស់ ទាំង​ក្រប​ខណ្ឌ​ច្បាប់ និង​នីតិវិធី​គ្រប់​គ្រង ក្នុង​ការ​បង្ហាញ​ដល់​សាធារណៈ​ជន​ឡើយ។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក ព្រាប កុល ប្រធាន​អង្គការ​តម្លា​ភាព​កម្ពុជា នៅ​ក្នុង​វេទិការ​តុ​មូល ដែល​រៀបចំ​ដោយ​អង្គការ​ខុមហ្វ្រែល នៅ​ភោជនីយដ្ឋាន​ខ្មែរ​សូរិន្ទ្រ កាល​ពី​ព្រឹក​ថ្ងៃ​ទី២៧ ខែ​មករា​នេះ។

លោក​បាន​ពន្យល់​ថា៖ «អ្នក​នយោបាយ បង្កើត​បាន​ជា​ព្យុះ ហើយ​បក់​ទៅ​ផ្នែក​ណា​មួយ។ ឯ​រដ្ឋសភា​ក៏ ​“រេ” ទៅ​តាម​នោះ​ដែរ។ (…) ករណី​នេះ បើ​បន្ត​កើត​មាន​ត​ទៅ​ទៀត​នោះ មិន​ស័ក្កិ​សម ជា​ស្ថាប័ន​ច្បាប់​កំពូល​​របស់​កម្ពុជា​ទេ ព្រោះ​តែ​គ្មាន​ច្បាប់ និង​នីតិវិធី​ច្បាស់​លាស់ ដើម្បី​គ្រប់​គ្រង​ខ្លួន​ឯង​នោះ។»

លោក ព្រាប កុល បានបន្តថា ករណីនេះលោកនឹងបន្តតាមដានជាបន្តទៀត ដើម្បីបានដឹងថា តើនឹងមានវិធាន​ការអ្វីទៀតកើតមាននៅក្នុងរដ្ឋសភា។ ជាមួយគ្នានេះលោកបានប្រកាសថា នឹងមិនអាចទទួលយកបានឡើយ ចំពោះចម្លើយរបស់តំណាងរាស្រ្តមួយចំនួន ដែលធ្លាប់បានលើកឡើងថា «ឥតមានច្បាប់និយាយពីក្រុម​គ្រួសារ ឬសាច់ញាតិនិយមនោះទេ អត់មានចាំបាប់និយាយពីទំនាស់ផលប្រយោជន៍ទេ។ដូច្នេះរឿងហ្នឹង មិន​ដឹងថាធ្វើយ៉ាងណានោះទេ។»

លោកបានលើកយកនូវចំណុចមួយចំនួន ដែលមានបញ្ហាកំពុងកើតឡើងក្នុងរដ្ឋសភា ដែលរដ្ឋសភាខ្លួន​ឯង​នេះ មិនមានវិធានការផ្លួវច្បាប់ ឬក៏កំពុងបិទបាំងឬកប់ចោល នូវបញ្ហាបក្សពួក និងសាច់ញាតិនិយម ក្នុង​តំណែង​ធំៗនៃរដ្ឋសភា។ លោកបានបន្ថែមទៀតថា បញ្ហាទាំងនេះ បើស្ថាប័នណាមួយ រួមទាំង​ស្ថាប័នរដ្ឋសភា​គិតថាតូចតាច ហើយធ្វើការបំភ្លេចនោះ វាជារឿងដោយឡែក តែសម្រាប់លោកផ្ទាល់ មិនគិតថាតូច ហើយ​និងមិនបំភ្លេចនោះឡើយ។

កាលពីថ្មីៗនេះ លោក សុន ឆ័យ អនុប្រធានគណកម្មាការទី២ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមកពី​គណបក្ស​សង្គ្រោះជាតិ ក៏ធ្លាប់ទាមទាឲ្យមានការបង្កើតច្បាប់ទាក់ទងនឹងគ្រួសារនិយម និងបក្សពួកនិយម​នេះដែរ។ ពិសេសជម្រុញឲ្យបង្ហាញឯកសារ និងនីតិវិធីនានា ជាសាធារណៈពាក់ព័ន្ធនឹងសែស្រឡាយនិយម បម្រើការនៅក្នុងរដ្ឋសភា ដែលជារឿងអំពើពុករលួយ ។

ការទាមទារ និងលើកឡើងខាងលើរបស់លោក សុន ឆៃ ត្រូវបានប្រធានប្រធានគណៈកម្មការកិច្ចការ​បរទេស​នៃរដ្ឋសភា លោក ឈាង វុន បានបដិសេធនិងសំអាងថា គ្មានច្បាប់ចែងពីគ្រួសារនិយម និងបក្សពួកនិយម​នេះ​ទេ និងបានអះអាងថា ច្បាប់នេះក៏មិនអាចនោះដែរ។ បន្ទាប់ពីពេលនោះមក លោក ហេង សំរិន ប្រធាន​រដ្ឋសភា ក៏បានសម្រេចបិទរឿងនេះចោល ដោយមិនអនុញ្ញាតិឲ្យធ្វើការសើរើឡើយ។

ចំពោះការលើកឡើងនេះ ក្នុងនាមអង្គការសង្គមស៊ីវិល លោក ព្រាប កុល ថាមិនអាចទទួលយកបានឡើយ បើទោះជាគ្មានច្បាប់និយាយពីបញ្ហានេះក៏ដោយ។ ករណីដូចជាច្បាប់ ស្តីពីការទប់ស្កាត់អំពើពុករលួយ ច្បាប់​ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលជាដើម មិនមានចែងលើចំណុចនេះ ហើយដែលទុកឲ្យមានភាពចន្លោះ​ប្រហោង ឬជាចេតនានៃអ្នកធ្វើច្បាប់ពេលនោះ ដើម្បីកេងយកប្រយោជន៍ដូចសព្វថ្ងៃនេះ ព្រោះដឹងថានឹងអាច​មានរឿងដូចសព្វថ្ងៃ។ លោក បានថ្លែងឲ្យដឹងទៀតថា៖ «ត្រូវតែមានចំណោទមួយចំនួន សួរទៅកាន់តំណាង​រាស្រ្តទាំងអស់ក្នុងរដ្ឋសភា ពិសេសតំណាងរាស្រ្តដែលលើកឡើងថា គ្មានច្បាប់ចែងធ្វើអ្វីមិនកើតនោះថា តើ​មកធ្វើតំណាងរាស្រ្ត ហើយអង្គុយក្នុងរដ្ឋសភាដើម្បីអ្វី? ក្រែងតំណាងរាស្រ្តមានតួនាទីពិសេសមួយ ក្នុងការ​ធ្វើច្បាប់? បើដឹងថាច្បាប់មិនមាននិយាយហើយ ម្តេចក៏មិននាំគ្នាបង្កើតច្បាប់ថ្មី ឬធ្វើវិសោធនកម្មលើច្បាប់​ចាស់ ដើម្បីការពារទៅ?»

ទុកឲ្យ អ្នករត់ម៉ូតូឌុប ឬរត់ទុកទុក ជាអ្នកពិភាក្សា​ច្បាប់...

លោក ព្រាប កុល បានបន្ថែមថា ក្នុងនាមតំណាងរាស្រ្ត ដែលអង្គុយក្នុងរដ្ឋសភា និងមានតួនាទីធ្វើច្បាប់គួរ​ណាស់ លើកយកបញ្ហានេះមកជជែកគ្នា ពិភាក្សាគ្នា ដើម្បីចេញបានជាសេចក្តីព្រាង មិនត្រូវអង្គុយធ្វើជាហី​នោះឡើយ។ ឬមួយតំណាងរាស្រ្តទាំងនោះ មានចេតនាទុកឲ្យ អ្នករត់ម៉ូតូឌុប ឬរត់ទុកទុក ជាអ្នកពិភាក្សា​ច្បាប់ទាំងនេះ ឬយ៉ាងណា?

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...