តាមរដ្ឋធម្មនុញ តំណាងរាស្រ្តធ្វើ«ពហិការ» មានប្រាក់បៀវត្សរ៍...
- ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី២៥ កក្កដា ២០១៤
- កែប្រែចុងក្រោយ: July 25, 2014
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តាមច្បាប់រដ្ឋធម្មនុញ្ញ តំណាងរាស្រ្តគ្រប់រូប ត្រូវទទួលប្រាក់បំណាច់។ ឯបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា មិនបានបញ្ជាក់ពីការបាត់បង់នូវប្រាក់បំណាច់ នៅពេលតំណាងរាស្រ្តណាម្នាក់ ធ្វើ«ពហិការ»មិនចូលរដ្ឋសភានោះដែរ។
រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ (រូបថត MONOROOM.info/ O.Vary)
នយោបាយ - មន្រ្តីច្បាប់មួយរូបរបស់គណបក្សសង្គ្រោះជាតិ លោក រស់ សួរ បានបញ្ជាក់ថា ដរាបណាតំណាងរាស្រ្តគណបក្សជាប់ឆ្នោត មិនបាន«បោះបង់»អាសន្នចោល ឬជាប់នូបបទពិរុទ្ធផ្សេង ដែលត្រូវដកអភ័យឯកសិទ្ធិសភា ទើបមិនអាចទទួលបាននូវប្រាក់បំណាច់ទាំងនោះ។
នេះជាការឆ្លើយតប ទៅនឹងការលើកឡើងរបស់លោក ជាម យៀប មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ធ្វើបទសម្ភាសជាមួយអ្នកសារព័ត៌មានមួយចំនួននោះ។ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនោះ បានលើកឡើងថា បេក្ខជនតំណាងរាស្ត្រជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ«មិន»អាចទទួលបានប្រាក់បៀវត្សរ៍ ក្នុងពេលធ្វើ«ពហិការ» មិនចូលប្រជុំសភានោះទេ ព្រោះតែមិនមែនជាតំណាងរាស្ត្រពេញសិទ្ធិ និងមិនទាន់បានចូលស្បថ (សច្ចាប្រណិធាន) ព្រមទាំងមិនបានចូលកាន់តំណែងក្នុងរដ្ឋសភា។
លោក រស់ សួរ បានប្រតិកម្មបន្ថែមថា អ្វីដែលលោក ជាម យៀប បានលើកឡើងនោះ ជា«ច្បាប់»របស់ ជាម យៀប។ លោកបញ្ជាក់ថា តាមច្បាប់រដ្ឋធម្មនុញ្ញមាត្រា៨១ វាក្យខណ្ឌពីរចែងថា៖ «តំណាងរាស្ត្រ ត្រូវទទួលប្រាក់បំណាច់»។
ឯលោក ជាម យៀប ក៏បានយោងមាត្រា៨២ថ្មីនៃរដ្ឋធម្មនុញ្ញដែរ ត្រង់វាក្សខណ្ឌទីបួនចែងថា៖ «តំណាងរាស្ត្រទាំងអស់ ត្រូវធ្វើសច្ចាប្រណិធាន មុនចូលកាន់តំណែងដូចមានខ្លឹមសារចែងក្នុង ឧបសម្ព័ន្ធទី ៥ នៃរដ្ឋធម្មនុញ្ញ។»
តែការចូលកាន់តំណែង«តំណាងរាស្រ្ត»នេះ ត្រូវបានលោក រស់ សួរ បកស្រាយថា មិនមានច្បាប់ណាមួយចែងពីការ«មិន»ស្បថ (សច្ចាប្រណិធាន) ហើយមិនមែនជាតំណាងរាស្រ្តនោះទេ។ តែផ្ទុយទៅវិញមានច្បាប់រៀបចំការបោះឆ្នោតរបស់ គ.ជ.ប និងច្បាប់ស្តីពីការដាក់ឲ្យដំណើរការរបស់រដ្ឋសភាដំបូង បានផ្តល់«សិទ្ធិ»ពេញលេញដល់បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោតណា ដែលមានឈ្មោះក្នុងបញ្ជីតំណាងរាស្រ្ត ហើយបានប្រកាស«សុពលភាព»ដោយ គ.ជ.ប និងក្រោយពីការឡាយព្រះហស្ថលេខាដោយព្រះមហាក្សត្រ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតជាសកល។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ មិនអាចសុំការបញ្ជាក់លំអិត ក្នុងរឿងប្រាក់បៀវត្សរ៍តំណាងរាស្រ្តសភាបានទេ នាព្រឹកនេះដោយលោកបញ្ជាក់យ៉ាងខ្លីថា មិនទាន់បានគិតគូរនៅឡើយ។
មន្ត្រីច្បាប់គណបក្សសង្គ្រោះជាតិ បានបន្តទៀតថា៖ «គ.ជ.ប ជាអ្នកប្រកាសលទ្ធផលផ្លូវការ និងដាក់ថ្វាយអង្គព្រះមហាក្សត្រឡាយព្រះហស្ថលេខាតាមផ្លូវច្បាប់ ប្រកាសជាតំណាងរាស្រ្តពេញច្បាប់។ ការមិនចូលរដ្ឋសភា ជាការធ្វើពហិការ ព្រោះតែមិនពេញចិត្ត។ ហើយនីតិវិធីស្តីពីការបង្កើតសភាដំបូងវិញ កាលណាបោះឆ្នោតចប់អ្នកមានឈ្មោះទាំងអស់ ក្លាយតំណាងរាស្រ្តតាមច្បាប់។ (...) បើមិនដូច្នេះទេ មិនចាំបាច់បោះឆ្នោតធ្វើអី ចាត់ជាតំណាងរាស្រ្តហើយ នាំគ្នាចូលស្បថតែម្តងទៅ និងក៏មិនបាច់ទូលទ្វាយព្រះមហាក្សត្រ ឲ្យទ្រង់ឡាយព្រះហសត្ថលេខានោះដែរ។»
មន្រ្តីគណបក្សប្រឆាំងរូបនេះ បានហៅការលើកឡើងរបស់លោក ជាម យៀប ថាជាចេតនាចង់«កេងបំបាត់»ប្រាក់បៀវត្សន៍ របស់តំណាងរាស្រ្តគណបក្សសង្គ្រោះជាតិទៅ។ ការស្បថនេះ គ្រាន់តែជាកាយវិការ សម្រាប់ផ្តល់នូវទំនុកចិត្តសម្រាប់តំណាងរាស្រ្តទាំងនោះប៉ុណ្ណោះ។
រយៈពេលធ្វើពហិការមិនចូលរដ្ឋសភា របស់បេក្ខជនតំណាងរាស្រ្តជាប់ឆ្នោត គណបក្សសង្គ្រោះជាតិ ក្រោយការបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ ខ្វះតែពីរថ្ងៃប៉ុណ្ណោះ នឹងឈានដល់មួយឆ្នាំគត់។ ដូច្នេះប្រាក់បៀវត្សរ៍ដែលតំណាងរាស្រ្តទាំង៥៥រូប ត្រូវទទួលបានជាសរុប ប្រមាណជាង១,១លានដុល្លារអាមេរិក (២ពាន់ដុល្លារក្នុងមួយខែ សម្រាប់តំណាងរាស្ត្រម្នាក់ៗ)។ ក្រៅពីប្រាក់បៀវត្សន៍ តំណាងរាស្ត្រមួយរូប ត្រូវទទួលបាននូវប្រាប់បន្ទាប់បន្សំផ្សេងទៀត ដូចជាប្រាក់ប្រជុំ ប្រាក់ម៉ោង និងប្រាក់ស្នាក់នៅជាដើម៕