ខឹម វាសនា ហៅ ព្រាប កុល ថា«អាសំគិស»
- ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស ថ្ងៃទី០៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 08, 2014
- ប្រធានបទ: សង្គ្រាមសម្ដី
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
សង្គ្រាមពាក្យសម្ដី បានផ្ទុះឡើងប្លែកៗ នៅក្នុងចំណោមមនុស្សល្បីៗ អ្នកនយោបាយ និងនៅក្នុងចំណោមអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក។ ប៉ុន្តែសម្រាប់សង្គ្រាមពាក្យសម្ដី ដែលកាន់តែបង្កចង្ងល់ ពីភាព«ចម្លែកៗ»ខ្លាំងឡើងនោះ ជាភាសាជេរប្រទេចផ្ដាសារ របស់លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ទៅលើប្រធានអង្គការតម្លាភាពកម្ពុជា ដ៏ល្បីឈ្មោះ គឺលោក ព្រាប កុល។
នៅក្នុងសារមួយ ដែលបានបង្ហោះ កាលពីថ្ងៃសុក្រទី៧ ខែវិច្ឆិកា នៅលើជញ្ជាំងគណនីហ្វេសប៊ុករបស់លោក មេបក្ស«ជួង»ដែលល្បីថា មានមាត់ផុយស្រួយ ខាងការជេរបញ្ចោរនោះ បានសរសេរដំបូងឡើងថា៖ «បងប្អូនមើល ពាក្យសំដីខ្ញុំ ដែលនិយាយទៅកាន់សមាជិកខ្លួន និងសំដី ព្រាប កុល មើល៍ តើស៊ីសង្វាក់នឹងគ្នា(ឬ)ទេ?»
តែបើអានប្រយោគនោះ ចុះមកក្រោមបន្ដិច គេនឹងបានភ្លក្សរសជាតិ នូវពាក្យពិសេសៗមួយចំនួន និងរហស្សនាមថ្មីមួយ ដែលលោក ខឹម វាសនា បានដាក់ឲ្យលោក ព្រាប កុល៖ «អាសំគិស»។ លោក ខឹម វាសនា បានសរសេរថា៖ «អាអើយអា អញស្គាល់គុម្ពោតអាឯងច្បាស់ណាស់ អាសំគិស កុល (...)។ ទ័ព LDP មិនល្ងង់ដល់ថ្នាក់មើលចិត្ត និងមើលភាពរបិញរបុញ ជាធាតុអសីលធម៌ របស់អាសំគីសឯងមិនយល់ទេណា អាសំគិស។»
«សំគិស»មានន័យថាដូចម្ដេច?
ពាក្យនេះ តែងមានគេប្រើជាទូទៅ តែមិនបានសេចក្ដីថា មនុស្សគ្រប់គ្នាយល់ពីន័យ និងការបម្រើបម្រាស់របស់វាទេ។ នៅក្នុងវចនានុក្រម របស់សម្ដេចសង្ឃ ជួន ណាត បានពន្យល់ពាក្យ«សំគិស» ឬពាក្យ«សំគិះ»នេះថា៖ ជាគុណនាម មានន័យស្មើនឹង «កខ្វក់, គគ្រក់, គម្រក់, ចោលម្សៀត, កំសោយ»។ បើគេហៅ «មនុស្សសំគិស» បានន័យនឹងហៅមនុស្សនោះ ថាជា«មនុស្សគម្រក់»។
មានរឿងអី?
រឿង មិនមែនទើបនឹងចាប់ផ្ដើមក្នុងពេលនេះ ឬប៉ុន្មានថ្ងៃកន្លងមកនេះទេ។ លោក ព្រាប កុល តែងបានយកការបង្ហោះផ្សាយ នូវរូបភាព អត្ថបទ ឬវីដេអូ របស់គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ មកចែករំលែកបន្តជារឿយៗ ដោយក្នុងនោះ លោកមានបន្ថែមពាក្យពេជន៍ ដាក់ជាយោបល់ផ្ទាល់ខ្លួន មកជាមួយផង។ ប៉ុន្តែភាសាទាំងនោះ ទំនងជានៅមិនឆ្ងាយ ពីការឃ្លាំមើលជាញយដង របស់លោក ខឹម វាសនា នោះឡើយ និងរហូតធ្វើឲ្យមេបក្សរូបនេះ ទ្រាំមិនសរសេរតបវិញមិនបាន។ កាលពីថ្ងៃទី៤ ខែវិច្ឆិកានេះ មេបក្ស«ជួង» បានបង្ហោះរូបភាពមួយរបស់លោក ព្រាប កុល ដោយសរសេរដាក់ថា៖ «ដៀមដាមៗៗៗ មិនហ៊ាននិយាយចំៗ តាមបេះដូងដែលខ្លួនមានទេ»។
ប៉ុន្តែ ជុំវិញការផ្ដល់រហស្សនាមឲ្យលោក កាលពីថ្ងៃសុក្រទី៧ ខែវិច្ឆិកានេះ គេនៅមិនទាន់ឃើញលោក ព្រាប កុល ប្រតិកម្មថាម៉េចមកវិញនៅឡើយ។ នៅលើជញ្ជាំងហ្វេសប៊ុក របស់នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជារូបនេះ គេឃើញលោក ព្រាប កុល បែរជាបានសរសេរការពារនយោបាយ របស់លោក ខឹម វាសនា ទាក់ទងពី«ហេតុផល និងពន្យល់ទាក់ទងនឹងមូលដ្ឋានគ្រឹះ នៃប្រជាធិតតេយ្យ»នោះទៀត។ តែលោកបានសរសរបន្ថែម នៅចុងប្រយោគថា៖ «គ្រាន់តែពេលខ្លះ គាត់ (លោក ខឹម វាសនា) ប្រេីភាសាអសុរស និងគ្មានសុជីវធម៌»៕