សមាជិកគណៈកម្មការ ដឹកនាំទូកខេត្តកំពង់ឆ្នាំង ថាសប្បុរសជន«ក្ដាមប្រៃ» មានទាក់ទងនយោបាយ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៨ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 08, 2014
- ប្រធានបទ: បុណ្យអុំទូក
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីមានពាក្យរិះគន់យ៉ាងចាស់ដៃ ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទៅលើ គណៈកម្មាការដឹកនាំទូករបស់ខេត្តកំពង់ឆ្នាំងថា បានរើសអើងចំពោះទូកដែលមិនបានដាក់ឈ្មោះ«តេជោ» ឬ«សែនជ័យ» ជាពិសេសទូកឈ្មោះក្តាមប្រៃនោះ សមាជិកគណៈកម្មការដឹកនាំទូកខេត្តកំពង់ឆ្នាំងលោក លឿង ជុំសុបិន្ត បានសរសេរបកស្រាយនៅលើទំព័រហ្វេសប៊ុកថា ក្រុមការងារគណៈកម្មការដឹកនាំទូកខេត្តកំពង់ឆ្នាំង តែងរីករាយស្វាគមន៍ ចំពោះការជួយឧបត្ថម្ភគាំទ្ររបស់សប្បុរសជនជិតឆ្ងាយទាំងអស់។
លោកសរសេរបន្តថា ប៉ុន្តែអ្វីដែល គួរឱ្យកត់សម្គាល់ សម្រាប់ក្រុមសកម្មជន ដែលបានយកអំណោយសប្បុរសជនខាងលើ យកទៅចែកជូនឬចុះមកជួប កីឡាករទូកក្ដាមប្រៃម្ដងៗ ពួកគេមិនដែលមកប្រាស្រ័យទាក់ទង សាកសួរ ឬផ្ដល់ព័ត៌មាន ដល់ក្រុមគណៈកម្មការដឹកនាំទូកឡើយ។ ពួកគេមកម្ដងៗមានគ្នាច្រើន មកប្រជុំជួបជុំជាមួយកីឡាករ ជជែកពិភាក្សាលាយឡំបញ្ហានយោបាយ ប្រើសម្ដីវាយប្រហារ មកលើក្រុមការងារគណៈកម្មការដឹកនាំទូកខេត្តកំពង់ឆ្នាំង ចោទប្រកាន់ដោយគ្មានមូលដ្ឋាន ច្បាស់លាស់ មិនបានសាកសួរ ប្រមូលព័ត៌មាន គ្រប់ជ្រុង ជ្រោយ។
«អ្វីដែលគួរឲ្យកត់សម្គាល់ គឺពួកគាត់តែងនិយាយដដែលៗថា "ទូកក្ដាមប្រៃ" គ្មាននរណាឧបត្ថម្ភសោះ គ្មាននរណាយកចិត្តទុកដាក់គិតគូរសោះ បើគ្មានក្រុមខ្ញុំមកជួយឧបត្ថម្ភទេ គឺអុំមិនឈ្នះគេទេ ឈ្មោះទូក គ្មានពាក្យ "សែន" គឺច្បាស់ជាមិនឈ្នះទូកឈ្មោះមានពាក្យ "សែន" ទេ។ អត់ដែលឮផ្សាយតាមទូរទស្សន៍ថា មាននរណាគេឧបត្ថម្ភសោះ។ល។» លោក លៀង ជុំសុបិន្ត បន្ថែម។
សមាជិកគណៈកម្មការដឹកនាំទូក ខេត្តកំពង់ឆ្នាំងរូបនេះ បានបញ្ជាក់ទៀតថា មូលហេតុដែលនាំឱ្យមានការរិះគន់ដល់ក្រុមការងាររបស់លោកយ៉ាងដូច្នេះ ដោយសារ មួយរយៈពេលនេះ មានសកម្មជនខាងគណបក្សមួយ ដោយរួមទាំងព្រះសង្ឃឯករាជ្យ និងប្រព័ន្ធផ្សព្វផ្សាយមួយចំនួន បំផុសបំផុលផ្អើលគគ្រឹកគគ្រេង ចោទប្រកាន់យ៉ាង អយុត្តិធម៌បំផុតចំពោះអាជ្ញាធរខេត្ត និងគណៈកម្មការដឹកនាំ ទូកខេត្តកំពង់ឆ្នាំង ថាមិនបានគិតគូរយកចិត្តទុកដាក់ ចំពោះទូកឈ្មោះ ក្ដាមប្រៃ របស់ស្រុកកំពង់ត្រឡាច។
គួរម្លឹកថា កាលព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ មានហេតុការណ៍មួយបានកើតឡើង រវាងក្រុមសប្បុរសជន ជាមួយក្រុមគណៈកម្មការរៀបចំបុណ្យអុំទូក ខេត្តកំពង់ឆ្នាំង ខណៈពេលដែលសប្បុរសជនទាំងនោះ បាននាំគ្នាយកអំណោយជាម្ហូបអាហារមានដូចជា ត្រីចំហុយ សាច់គោ សាច់ជ្រូក និងបន្លែ រួមទាំងគ្រឿងឧបគោគ បរិភោគផ្សេងៗ និងថវិកាមួយចំនួន ផ្តល់ដល់កីឡាករអុំទូក«ក្តាមប្រៃ» តែត្រូវបានគណៈកម្មការរៀបចំបុណ្យអុំទូកខេត្តកំពង់ឆ្នាំង បានមករារាំងហាមឃាត់ក្រុមរបស់គាត់ ដោយបានចោទថា ម្ហូបអាហារទាំងនោះ មានថ្នាំពុល ដែលជាហេតុធ្វើឱ្យកីឡាករបាក់កម្លាំង។
ទូក«ង»របស់ខេត្តខេត្តកំពង់ឆ្នាំង ទាំងអស់មានចំនួន២២ កម្លាំងអុំចែវសរុប ១១២៦នាក់ ស្រី១២០នាក់។ គណៈកម្មាការដឹកនាំទូកខេត្តដឹកនាំ ដោយអភិបាលរងខេត្តចំនួន២រូប នាយក នាយករង រដ្ឋបាល និងថ្នាក់ដឹកនាំទីចាត់ការចំណុះសាលាខេត្ត។ ក្នុងនោះទូកឈ្មោះ«ក្តាមប្រៃ» ជាទូកមួយក្នុងចំណោមទូកចំនួន២២ របស់ខេត្តកំពង់ឆ្នាំង ដែលបានមកចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូក រយៈពេលបីថ្ងៃនេះ នៅរាជធានីភ្នំពេញ៕