ថ្ងៃបញ្ចប់នៃការប្រណាំងទូក៖ ទូកងពីរឈ្លោះគ្នាកណ្តាលទន្លេ
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី០៧ វិច្ឆិកា ២០១៤
- កែប្រែចុងក្រោយ: November 08, 2014
- ប្រធានបទ: ឧប្បទេវហេតុ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ថ្ងៃផ្តាច់ព្រ័តនៃព្រះរាជពិធីបុណ្យ អុំទូកបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកបានបញ្ចប់ ដោយជោគជ័យ បើពិនិត្យជាទូទៅ។ តែទោះជាភាពជោគជ័យ ក្នុងន័យនេះ ចង់ផ្ដោតទៅលើគ្រោះថ្នាក់ ឬចង់និយាយថា ពុំមានកីឡាករអុំទូក ចែវទូកណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតក៏ដោយ ប៉ុន្តែយ៉ាងហោចណាស់ ក៏មានទូកពីរបានឈ្លោះប្រកែក រហូតមានការវាយតប់គ្នា រវាងអ្នកចែវ ទាំងពួកខ្លួននៅកណ្តាលទន្លេ។
ទូក«ង»ដែលបានឈ្លោះគ្នា នៅកណ្តាលទន្លេ ក្នុងការប្រកួតគ្នា នៅថ្ងៃចុងបញ្ចប់នៃពិធីបុណ្យជាតិមួយនេះ មានឈ្មោះថា កំហែងមហាហង្សសែនជ័យ ពាក់ផ្លាកលេខ០៩៣ មានកម្លាំងចំណុះទូក៧៣នាក់ ប្រកួតជាមួយទូក«ង» ឈ្មោះស្រអែមបារមីស្វាយជ្រំ ពាក់ផ្លាកលេខ០៩០។
បើតាមលោក វេង វណ្ណារិទ្ធ ដែលជាមេដឹកនាំគណកម្មាការទូកឈ្មោះ កំហែងមហាហង្សសែនជ័យ ដែលត្រូវបានគូរប្រកួតអុំមកបុកពីក្រោយនោះ បានរៀបរាប់ថា លោក មិនដឹងថាមូលហេតុអ្វី បានជាគេចងគំនុំជាមួយទូករបស់លោកនោះទេ។ តែលុះមកដល់ក្រោយពេលកើតហេតុ ចំណុះកម្លាំងទូក (កីឡាករ) របស់លោក បានប្រាប់ថា ទូកដែលជាគូប្រកួតរបស់លោក បានសួរពីរឿងខ្សែថា ទូកនេះជាខ្សែររបស់អ្នកណាគេ ម៉េចបានជាខ្លាំងម្លេះ។
លោកវេង វណ្ណារិទ្ធបន្តថា៖ «អញ្ចឹងចំណុះកម្លាំងខ្ញុំ ក៏បានប្រាប់ថាទូកហ្នឹង ជាទូកខ្សែររបស់ ហ៊ុន សែន ដែរទេ។ ហើយគេថាហ្អែងក៏ខ្លាំងម្លេះ រួចក៏ប្រើអំពើហិង្សាវាយលើកម្លាំងរបស់ខ្ញុំតែម្តងទៅ។»
តំណាងឲ្យគណកម្មាការរបស់ទូកខាងលើ បានអះអាងថា លោកនឹងធ្វើទៅតាមច្បាប់ ដោយប្តឹងឡើងទៅគណៈកម្មាការរៀបចំការប្រណាំងទូក ឱ្យចាត់វិធានការចំពោះបញ្ហានេះ។ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់ ពីគណៈកម្មាការទូ«ង»ឈ្មោះ ស្រអែមបារមីស្វាយជ្រំ បានទេ ដោយទូកមួយនេះ បានអុំរត់គេចទៅត្រើយទន្លេម្ខាងទៀត បន្ទាប់ពីកើតហេតុរួច។
សាក្សីនៅនឹងកន្លែង បានបញ្ជាក់ថា ទូកងឈ្មោះស្រអែមបារមីស្វាយជ្រំ បានទៅបុកពីក្រោយទូកឈ្មោះ កំហែងមហាហង្សសែនជ័យ បណ្តាលឱ្យលិច និងប្រើអំពើហិង្សាទៅកូបដិបក្សរបស់ខ្លួននោះ ហើយបន្ទាប់មក ក៏បានអុំគេចខ្លួនចេញទៅ។ ក្រោយពីមានការឈ្លោះប្រកែកគ្នា អាជ្ញាធរបានមកចេញមកជួយអន្តរាគមន៍ និងបានទៅជួយង្គ្រោះទូកដែលលិចនោះ ត្រឡប់មកដីគោកវិញ ដោយសុវត្ថិភាព៕