អាជ្ញាធរ​សង្កាត់​ដង្កោ​បដិសេធ​ការ​ចោទ​ថា ដក​ម៉ាស៊ីន​បូម​ទឹក​លិច​ព្រោះ​ចង់​បាន​ដី​ពលរដ្ឋ

អាជ្ញាធរសង្កាត់ដង្កោ ក្នុងខណ្ឌដង្កោ បានបដិសេធការចោទប្រកាន់ របស់ពលរដ្ឋក្នុងភូម ខ្វា ដែលថា អាជ្ញាធរ​បាន​ឃុបឃិត​ជា​មួយ​ឧកញ៉ា​មួយ​រូប ដកម៉ាស៊ិនបូមទឹកចេញ ដើម្បីទុកឲ្យលំនៅដ្ឋានរបស់ពលរដ្ឋ លិចលង់នឹងទឹកភ្លៀង ព្រោះ​ចង់​បាន​ដី​លំនៅដ្ឋានទាំងនោះ។
Loading...
  • ដោយ: សេក មនោរកុមារ ដោយ សេក មនោរកុមារ (ទាក់ទង៖ [email protected]) - ប៉ារីស​ ថ្ងៃទី៣១ តុលា ២០១៤
  • កែប្រែចុងក្រោយ: November 02, 2014
  • ប្រធានបទ: គ្រោះទឹកលិច
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អស់រយៈពេលជិត៤ខែហើយ ដែល​ពលរដ្ឋ​ក្នុង​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ បាន​រស់​នៅ​ក្នុង​ការ​លិច​លង់​ដោយ​ទឹក​ភ្លៀង។ ពលរដ្ឋ​នៅ​ទី​នោះ បាន​ធ្វើការ​ចោទ​ប្រកាន់​ថា អាជ្ញាធរ​បាន​ឃុបឃិត​ជា​មួយ​ឧកញ៉ាម្ចាស់​ស្រះ​មួយ​នៅ​តំបន់​នោះ ដើម្បី​ចង់​ទិញ​ដី​ទី​លំនៅ​របស់​ពួក​គាត់ ដោយ​ទុក​ពួក​គាត់​ឲ្យ​រស់​នៅ​ក្នុង​ទឹក ទាំង​គ្មាន​ដំណោះ​ស្រាយ​ពិត​ប្រាកដ និង​ថ្មីៗ​នេះ ថែម​ទាំង​បាន​ដក​ម៉ាស៊ីន​សម្រាប់​បូម​ទឹក​ចេញ​នោះ​ទៀត។

លោក គង់ ផល្លី ពលរដ្ឋ​មួយ​រូប​រស់​នៅ​ភូមិ​ខាង​លើ​ បាន​ថ្លែង​ថា៖ «អាជ្ញាធរ​ឃុប​ឃិត​ជា​មួយ​ឧកញ៉ា ម៉ៅ សុផល មាន​បំណង​បិទ​ស្រះ​ទឹក មិន​អោយ​ទឹក​ចេញ ហើយ​មាន​ចេតនា ចង់​ទិញ​ដី​ប្រជា​ពលរដ្ឋ​ទាំង​នោះ យក​ក្នុង​តម្លៃ ១ម៉ែត្រ​ការ៉េ ៣០ដុល្លារ ទើប​បណ្ដាល អោយ​មាន​ការ​លិច​លង់​យ៉ាង​យូរ​ដូច្នេះ»។

សូមអានបទយកការណ៍មួយ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ពីករណីនេះ នៅក្នុងអត្ថបទផ្សាយលើកមុន

ប្រតិកម្មនឹងការលើកឡើងរបស់ពលរដ្ឋខាងលើ លោកស្រី សឿ សេរី ចៅសង្កាត់រងទីមួយ នៅសង្កាត់ដង្កោ បាន​អោយដឹងថា អាជ្ញាធរមិនមានបំណង អោយប្រជាជនលិចទឹកនោះទេ។ លោកស្រីចៅសង្កាត់រងទីមួយ បាន​ថ្លែងតាមបទសម្ភាស៍ជាមួយ ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ថាការដែលអាជ្ញាធរសំរេច ដកម៉ាស៊ីនប៉ូមទឹក​ទាំង​នោះ​ចេញ ព្រោះថាមានទឹកភ្លៀងមកខ្លាំងឡើងៗ ធ្វើអោយកន្លែងដែលដាក់ម៉ាស៊ីននោះលិច ហើយខ្លាច​បណ្ដាលអោយលិចខូចម៉ាស៊ីន ទើបនាំគ្នាយកម៉ាស៊ីននោះចេញ។

លោកស្រី សឿ សេរី បានអះអាងទៀតថា ម៉ាស៊ីនទាំងអស់នោះ គឺជាជំនួយរបស់សាលារាជធានីភ្នំពេញ ហើយ​ថែមទាំងបានបន្ថែមប្រេង ១០០០លីត្រ កាលពីពេលថ្មីៗនេះ ក្នុងការបូមទឹកចេញ។ ប៉ុន្តែស្រះទឹកនោះធំ ហើយ​ជម្រៅជ្រៅទើបបូមមិនងាយរីង។ ម្យ៉ាងទៀត ពលរដ្ឋអ្នកភួមិ និងអាជ្ញាធរត្រូវរកវិធីកាយលូចាស់ ដែលបាន​បាក់​កាលពីមុនចេញ ទើបទឹកលែងស្ទះក្នុងភូមិតទៅទៀត។

ប៉ុន្តែគេនៅតែមានមន្ទិលនៅឡើយថា អាជ្ញាធរសម្រេចចិត្តដកម៉ាស៊ីនបូបទឹកចេញ ព្រោះខ្លាចម៉ាស៊ីននោះលិច​ទឹកនឹងរងការខូចខាត ចុះចំណែកទ្រព្យសម្បត្តិ ផ្ទះសម្បែង និងសុខភាពរបស់ពលរដ្ឋ ដែលរងការលិចទឹក​ទាំង​នោះវិញ តើអាជ្ញាធរមិនមានកតព្វកិច្ច ក្នុងការជួយការពារទេឬយ៉ាងណា? ភាពមន្ទិលបានកើត​ឡើងកាន់តែខ្លាំង​ថែមទៀត នៅពេលដែលលោកស្រីចៅសង្កាត់រង បានទទួលស្គាល់ថា ក្រុមលោកឧកញ៉ា ម៉ៅ សុផល ពិតជា​ចង់​ទិញដីលំនៅដ្ឋាន របស់ប្រជាពលរដ្ឋទាំងនោះមែន។

នៅក្នុងកិច្ចសម្ភាស លោកស្រីបានពន្យល់ថា លោកឧកញ៉ា ម៉ៅ សុផល ជាតំណាងឈ្មោះឲ្យលោក​ឧកញ៉ា​ម្នាក់​ទៀត ឈ្មោះ ឃុន សៀន ដែលជាអ្នកមានបំណង ចង់ទិញយកដីប្រជាពលរដ្ឋនៅក្នុងភូមិនេះ។ ហើយកន្លងមក​ប្រជាពលរដ្ឋខ្លួនឯង ក៏ធ្លាប់បានដាក់សំណើរដល់អាជ្ញាធរ ដើម្បីបើកឲ្យមានការពិភាក្សាជាមួយលោកឧកញ៉ា ម៉ៅ សុផល អំពីការទិញដីពីប្រជាពលរដ្ឋ ក្នុងតម្លៃមួយ ដែលអាចទទួលយកបានទាំងសងខាងដែរ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...