ស្ត្រីសម្រាលកូនបានជាសត្វត្រី រងការរិះគន់ច្រើនជាង
- ដោយ: ប្រាថ្នា ដោយ ប្រាថ្នា (ទាក់ទង៖ [email protected] ) - ភ្នំពេញ ថ្ងៃទី២៧ តុលា ២០១៤
- កែប្រែចុងក្រោយ: November 03, 2014
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
វាជារឿងមួយដ៏គួរឱ្យហួសចិត្ត នៅពេលដែលស្រ្តីមានផ្ទៃពោះ តែ១៥ថ្ងៃ បែរជាកើតបានកូនត្រីផ្ទក់ទៅវិញ។ បើតាមរូបថតប៉ុន្មានសន្លឹក ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គម ហ្វេសប៊ុកបង្ហោះ និងនាំគ្នាចែករំលែកយ៉ាងព្រោងព្រាតនោះ បានបង្ហាញពីស្ត្រីវ័យក្មេងម្នាក់ ដែលអះអាងថាទើបតែរៀបការរួច បែរជាកើតកូនចេញជាសត្វត្រីមួយក្បាលទៅវិញ។
«ស្រ្តីដែលមានបុត្រជាត្រីនោះ បានឱ្យដឹងថា នាងបានយល់សុបិន្តឃើញ មានទេពធីតាមួយអង្គ បានឲ្យត្រីនាងចំនូនបូន តែនាងយកតែមួយទេ ព្រោះនាងថាទៅវិញថា នាងមិនអាចបង្កើតបានច្រើនដល់ម្លឹងទេ។ បន្ទាប់ពីថ្ងៃយល់សុបិន្ត ចំនួន១៥ថ្ងៃ នាងបានមើលពោះរបស់នាង ហាក់បីដូចជាធំទៅៗ។ រហូតដល់ថ្ងៃកាន់សីល នាងឈឺចុកចាប់ហើយហៅឆ្មប និងអ្នកជិតខាងមកជួយ រួចក៍បានកូនត្រីនោះតែម្តង។» នេះបើតាមការសរសេររៀបរាប់ របស់អ្នកបង្ហោះរូបទាំងនេះ ដែលជាម្ចាស់ទំព័រហ្វេសប៊ុកមួយ មិនមានអត្តសញ្ញាណច្បាស់លាស់។
ប្រភពដដែលបានបង្ហោះ រួចសុំឲ្យគេជួយចែកផ្សាយបន្តនោះ បានបញ្ជាក់បន្ថែមទៀតថា ហេតុការណ៍ចម្លែកនេះ បានកើតឡើងនៅឃុំ ស្វាយជ្រុំ ស្រុកមេសាង ខេត្តព្រៃវែង នាវេលាម៉ោង ៧យប់ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១៤។
ចំពោះអភូតហេតុដែលមិនគួរឱ្យជឿនេះ ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសលើកឡើងថា វាគ្រាន់តែជាការប្រឌិតឡើង ដើម្បីឱ្យបានល្បី និងសម្រាប់ឲ្យម្ចាស់ទំព័រហ្វេសប៊ុក ដែលបានបង្ហោះរឿងនេះ បានទទួលបានការចាប់អារម្មណ៍ប៉ុណ្ណោះ។
ម្ចាស់គណនីម្នាក់ ដែលមិនជឿនូវអបិយជំនឿនេះ បានសរសេរបញ្ចើចបញ្ចើរ ទៅជារឿងកម្លែងថា៖ «ឱ!លោកម្ចាស់ អ្នកមានបុណ្យអ៊ើយ សម្បត្តិត្រឹមត្រី ចិញ្ចៀន ពងមាន់ពងទា ..អីនេះ កូនចៅធ្លាប់បានឃើញ ធ្លាប់ហូបហើយ បើអ្នកពិតជាមានបុណ្យបារមីមែន សូមឱ្យកើតមកជាសត្វដាយណូស័រ ដំរីម៉ាំមុត ហ្គូតស៊ីឡា ឱ្យកូនចៅបានឃើញផង ត្បិតកូនចៅមិនដែរឃើញសត្វទាំងនោះហ្នឹងទេ»។
ចំណែកឯប្រិយមិត្តដទៃទៀតវិញ បានផ្តល់យោបល់ថា ចំពោះអ្នកដែលប្រឌិតរឿងបោកប្រាស់ភូតកុហកដូច្នេះ គួរតែមានការអន្តរាគមន៍ ដាក់ទោសទណ្ឌឱ្យរៀងចាលម្តង ដើម្បីកុំឱ្យដើរបោកប្រាស់គេឯងទៀត។
រយៈពេលចុងក្រោយនេះ រឿងចម្លែកៗជាច្រើន បានកើតឡើង នៅក្នុងព្រះរាជាណាចក្រអច្ឆរិយ ជាបន្តបន្ទាប់។ បន្ទាប់ពីបុរសម្នាក់ ដែលបានអះអាងថាខ្លួនជាព្រះសិអាមេត្រីយ៍ ទើបតែបានស្ងប់ស្ងាត់នោះ អភូតហេតុចម្លែកមួយបានកើតឡើង ទៅលើស្រ្តីម្នាក់នៅឯខេត្តកំពង់ឆ្នាំង ដោយសម្រាលកូនចេញបានចិញ្ចៀន និងពង។ រឿងមុនៗ បានកន្លងផុតនៅមិនទាន់បាត់ក្ដៅរនាបផង ក៏ស្រាប់ស្រ្តីម្នាក់ដែលនៅខេត្តព្រៃវែងនេះ បញ្ចេញរឿងចម្លែកមួយដែរ៖ «សម្រាលកូន បានជាត្រីផ្ទក់»៕