ទើបនឹងរកឃើញពស់ថ្លាន់«យក្ស»មួយទៀត នៅប្រេស៊ីល
- ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៨ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 30, 2016
- ប្រធានបទ: ពីនេះពីនោះ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ពស់ថ្លាន់យក្សមួយក្បាល ទើបនឹងត្រូវបានគេប្រទះឃើញ កាលពីសប្ដាហ៍មុន នៅក្នុងការដ្ឋានសាងសង់មួយ ស្ថិតក្នុងក្រុង «Altamira» ភាគកណ្ដាលនៃប្រទេសប្រេស៊ីល។ សារព័ត៌មានអង់គ្លេស «Daily Mail» បានរាយការណ៍ថា ពស់ថ្លាន់នោះ មានប្រវែងប្រមាណជា១០ម៉ែត្រ និងមានទម្ងន់ប្រមាណជា ៤០០គីឡូក្រាម។ ប្រវែងនិងទម្ងន់នេះ ក៏ត្រូវបានសារព័ត៌មានចិន «People's Daily» រាយការណ៍ដូចគ្នាដែរ។
វាត្រូវបានប្រទះឃើញ បន្ទាប់ពីកម្មការបានដាក់ម្សៅបំផ្ទុះដី នៅក្នុងការដ្ឋាននោះ។ កម្មករបាននិយាយថា អង្កត់ផ្ចិត(ទទឹង)របស់ពស់ថ្លាន់យក្ស មានប្រវែងដល់ទៅ១ម៉ែត្រ។
បន្ទាប់ពីដំណឹងខាងលើ និងរូបភាពនៃសាកសពពស់ ត្រូវបានផ្សព្វផ្សាយរួច ក្រុមអ្នកស្រឡាញ់ និងអភិរក្សសត្វព្រៃ បានបន្ទោសក្រុមកម្មករយ៉ាងខ្លាំង ដែលបានព្យាយាមសម្លាប់សត្វ ដ៏កម្រមួយក្បាលនេះ និងមិនបានព្រលែងវា ឲ្យទៅរស់តាមបែបធម្មជាតិវិញ។
យ៉ាងណា គេមិនដឹងពិតប្រាកដ ពីវាសនារបស់សត្វពស់មួយក្បាលនេះ ថានឹងក្លាយទៅជាយ៉ាងណាឡើយ។
ការប្រទះឃើញពស់ថ្លាន់ដ៏ធំ នៅពេលនេះ ជាហេតុការណ៍ទីពីរ ក្នុងឆ្នាំនេះ បន្ទាប់ពីហេតុការណ៍ប្រទះឃើញ ពស់ថ្លាន់យក្សមួយក្បាលមុន កាលពីខែមេសាកន្លងទៅ នៅលើកោះ «Penang» របស់ប្រទេសម៉ាឡេស៊ី ដែលមានទំហំដ៏ធំដែរ។ ប៉ុន្តែគេមិនអាចដឹងជាផ្លូវការ នូវប្រវែងបណ្ដោយទទឹង និងទម្ងន់របស់វាបានទេ រហូតមកដល់ពេលនេះ ដែលធ្វើឲ្យពិបាកវិន្និច្ឆ័យ ថាតើពស់យក្សណាមួយ ដែលធំជាងគេ។
» នេះជាវីដេអូបង្ហាញ ពីពស់ថ្លាន់យក្ស ដែលគេរកឃើញ នៅប្រទេសម៉ាឡេស៊ី៖
សម្រាប់សៀវភៅបំបែកឯកត្តកម្មវិញ បានចុះបញ្ជីពស់ថ្លាន់ដែលធំជាងគេ គឺសត្វពស់ ដែលគេប្រទះឃើញ ក្នុងក្រុង «Kansas City» សហរដ្ឋអាមេរិក និងដែលគេដាក់ឈ្មោះ ឲ្យវាថា «Medusa»។ តែសត្វពស់ ដែលសៀវភៅ «Guinness World Records» បានចុះបញ្ជីបំបែកឯកត្តកម្មនេះ មានប្រវែងតែ ៧,៦៧ម៉ែត្រ និងទំងន់តែ ១៥៨,៨គីឡូក្រាមប៉ុណ្ណោះ៕