សួន សេរីរដ្ឋា៖ អាចារ្យ A ជាមេចោរកម្រិត A
- ដោយ: ដារា រិទ្ធ ([email protected]) - ភ្នំពេញ ថ្ងៃទី២៨ កញ្ញា ២០១៦
- កែប្រែចុងក្រោយ: September 29, 2016
- ប្រធានបទ: សារព័ត៌មាន-កម្ពុជា
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
គឺ«អាចារ្យ A ហៅ អាចោរ A នោះទេ ដែលវាជា មេចោរកម្រឹត A រហូតដល់ថ្នាក់នាយរដ្ឋមន្ត្រីស្រុកខ្មែរ ក៏សុខចិត្តបំបាក់មន្ត្រី ដែលខំអនុវត្តន៍ច្បាប់ ដើម្បីយកចិត្ត អាចោរ A នេះដែរ» នេះជាការឧទានឡើងខ្លាំងៗ របស់លោក សួន សេរីរដ្ឋា ប្រធានគណបក្សអំណាចខ្មែរ តបទៅលោក សេង ប៊ុនវ៉េង ដែលបានថ្លែងកាលពីប៉ុន្មានថ្ងៃមុន ប្រមាថអ្នកសារព័ត៌មាន ថាជាសត្វត្មាត ឬជាចោរ។
លោក សេរីរដ្ឋា បានថ្លែងដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់លោក ក្នុងនាមលោកជាអតីតអ្នកសារព័ត៌មានមួយរូប និងបានអះអាងថា លោកមិនដែលឃើញអ្នកកាសែតខ្មែរ ដើរលួច ដើរប្លន់ ទ្រព្យរបស់គេទេ បើទោះជាពួកគេ មាននិន្នាការប្រកាន់ ឬមិនប្រកាន់គណបក្សនយោបាយក៏ដោយ។ តែផ្ទុយទៅវិញ ប្រធានគណបក្សរូបនេះ បានថ្លែងឡើងថា៖ «សង្គមខ្មែរ និងពលរដ្ឋខ្មែរ ហែលឆ្លងសមុទ្រទុក្ខ មិនរួចរហូតដល់ថ្ងៃនេះ គឺដោយសារតែ ពួកអាចោរ ពាក់ឈ្មោះ អាចារ្យ នេះហើយ»។
ការប្រមាថអ្នកសារព័ត៌មាន ពីសំណាក់លោក សេង ប៊ុនវ៉េង ត្រូវបានក្រុមអ្នកសារព័ត៌មាន សំដែងប្រតិកម្មយ៉ាងខ្លាំងក្លា រាប់តាំងពីថ្ងៃទី២៧ ខែកញ្ញាមក។ ក្រុមអ្នកសារព័ត៌មានខ្លះ បានទាមទារឲ្យនាយកវិទ្យុ ABC ដែលមានដើមកំណើតជាថៃរូបនេះ ធ្វើការសុំទោសជាសាធារណៈ។ ក្រុមអ្នកសារព័ត៌មានទាំងនោះ បានធ្វើអត្ថាធិប្បាយថា ការលើកឡើងរបស់លោក សេង ប៊ុនវ៉េង គឺជាការសងសឹកទៅលើអ្នកសារព័ត៌មាន ដែលបានរាយការណ៍ ពីសកម្មភាពមិនប្រក្រតីមួយចំនួនរបស់លោក ក្នុងពេលកន្លងមក រួមមានទាំងការបំពានច្បាប់ អសីលធម៌ ការលើកទឹកចិត្ត ឲ្យស្ត្រីបម្រើការក្នុងហាងខារាអូខេ លក់ខ្លួនឲ្យពួកអ្នកមានលុយ និងប្រើប្រាស់រថយន្តគិលានសង្គ្រោះ ទៅដឹកទឹកត្របែកលក់ ដោយខុសច្បាប់ជាដើម។
តែមេដឹកនាំគណបក្សអំណាចខ្មែរ លោក សួន សេរីរដ្ឋា ទំនងជាដឹងប្រវត្តិលោក «អាចារ្យ A» ច្បាស់ជាងអ្នកសារព័ត៌មាន។ លោក រដ្ឋា បានចោទជាសំណួរដូច្នេះ៖ «តើអាចោរ A វាជានណា ?» មុននឹងឆ្លើយដោយខ្លួនលោក មកវិញថា៖ «វារកស៊ីជួញដូរ លក់គ្រឿងទឹកផ្លែឈើ អត់ច្បាប់ អត់ចុះបញ្ជី - យករថយន្តបិទស្លាកសង្គ្រោះបន្ទាន់ រួចដឹកទំនិញអត់ច្បាប់ - ចតរថយន្តបង្រៀនបើកបរ របស់ខ្លួននៅលើផ្លូវ ដែលគេហាមចត - ហើយឥឡូវ មកចោទអ្នកកាសែតខ្មែរ ថាជាចោរ ដែលខ្លួនឯងជាចោរ គឺធ្វើអាជីវកម្មជាចោរ ជ្រកក្រោមស្លាកមនុស្សធម៌នោះ?»៕