បង្កើតទំព័រហ្វេសប៊ុក ដើម្បីប្រមាញ់ក្មេងស្រីស្អាតៗ កក្រើកញ៉ូហ្សេឡេន
- ដោយ: សេក មនោរកុមារ
- កែប្រែចុងក្រោយ: November 09, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបង្ហាញរូបភាពនៅតាមបណ្ដាញផ្សព្វផ្សាយ ស្ដីពីសកម្មភាពរបស់ក្រុមយុវជនមួយ ដែលបានឲ្យនាងៗ ជាយុវតីក្មេងៗស្អាតៗ ផឹករហូតដល់ស្រវឹង ដើម្បីឈានទៅដល់ការរួមភេទជាក្រុមនោះ បានធ្វើឲ្យផ្ទុះជារឿងអាស្រូវកក្រើកពេញប្រទេសញ៉ូហ្សេឡេន។ ខណៈពេលដែលនគរបាល ត្រូវបានចោទប្រកាន់ពីការបិទភ្នែក ធ្វើមិនដឹងមិនលឺជុំវិញហេតុការណ៍នោះ រដ្ឋាភិបាលនៃប្រទេសនេះ កំពុងតែចាប់ផ្ដើមចាត់វិធានការ«ខ្លាំង»ដៃមួយ។
ទ័ព័រហ្វេសប៊ុក របស់ក្រុមយុវជន«អ្នកប្រមាញ់ដើម្បីចំអិន»។ (រូបចម្លងពីទំព័រហ្វេសប៊ុក)
ជីវិតយុវវ័យ - នេះហើយដែលអ្នកផងនិយាយថា ការលេងសើច ដែលបណ្ដាលឲ្យមានរឿងធំ។ ក្រុមយុវជនដែលមានអាយុយ៉ាងតិច២០ឆ្នាំ បានបង្កឲ្យមានជារឿងអាស្រូវដ៏ធំមួយ នៅប្រទេសញ៉ូហ្សេឡេន ដោយពួកគេបានបង្ខំយុវតីក្មេងៗ ឲ្យរួមភេទជាក្រុម ក្រោយបន្ទាប់ពីពួកនាងត្រូវបានពួកយុវជន ចាប់បញ្ច្រកសុរាយ៉ាងជោគជាំនោះមក។ បទយកការណ៍នេះ ត្រូវបានស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយ លើកមករាយការណ៍ កាលពីថ្ងៃអាទិត្យកន្លងទៅ តែបានបង្កឲ្យផ្ទុះជារឿងអាស្រូវដ៏ធំមួយ ដែលរដ្ឋាភិបាលនៃប្រទេសនេះ កំពុងចាត់វិធានការរឹងបន្តឹង ជាពិសេសទៅក្នុងភាពចន្លោះប្រហោងរបស់នរគរបាល។
ក្រុមនោះមានសមាជិកជាយុវជន ចំនួន៧នាក់ រស់នៅក្នុងទីក្រុងអូក្លេន ដែលពួកគេនិយាយថាសុទ្ធសឹងជាមិត្តភ័ក្រតាំងពីតូចៗមកនោះ ធ្លាប់បានប្រព្រឹត្តិរឿងនេះតាំងពី២ឆ្នាំមកហើយ។ ជាមួយយនឹងវិធីដែលពួកគេធ្វើរាល់ដង នោះគឺ៖ បន្ទាប់ពីលួងលោមក្មេងៗស្រីៗ អាយុពី១៣ឆ្នាំទៅដល់១៦ឆ្នាំ នៅតាមបណ្ដាញសង្គមហ្វេសប៊ុករួចមក ក្រុមយុវជនទាំងនោះបានហៅពួកនាងៗ មកពង្វក់ដើម្បីបាន«រួមភេទ»ជាក្រុម។ ដោយមានមោទនភាពយ៉ាងខ្លាំង នឹងគម្រោងការដ៏ពិសេសនេះ ក្រុមយុវជនថែមទាំងបានប្រកាសអួតអាង ពីសកម្មភាពរបស់ពួកគេ នៅលើប្រព័ន្ធហ្វេសប៊ុក ដោយដាក់ទាំងឈ្មោះ ប្រើទាំងពាក្យមិនគប្បី ចុះផ្សាយទាំងវីដេអូ របស់ស្រីក្មេងៗរងគ្រោះនោះទៀត។
អំពើដ៏ឆ្កួតលីលា បានបណ្ដាលឲ្យក្រុមយុវជននេះ ហ៊ានឆ្លើយនៅលើប្រព័ន្ធបណ្ដាញសង្គមហ្វេសប៊ុក ទៅនឹងមនុស្សដែលចូលចិត្ត (Like) ក្រុមខ្លួន ដែលចង់ដឹងពីវិធីដែលប្រសើរបំផុតក្នុងការទាក់ទាញ«ស្រី» ឲ្យឡើងគ្រែនោះ គឺ«ប្រើថ្នាំសណ្ដំ»។ ពួកគេមានឈ្មោះនៅលើបណ្ដាញសង្គមថា «Roast Busters» ដែលបកប្រែជាខេមរភាសាថា ជា«អ្នកប្រមាញ់មកចម្អិន»។
នៅក្នុងបទយកការណ៍របស់ស្ថានីយទូរទស្សន៍ប៉ុស្ដ៍លេខបី នៃប្រទេសញ៉ូហ្សេឡេន អ្នកកាសែតបានបង្ហាញថា នគរបាលបានតាមដានក្រុមនេះតាំងពីដំបូង (២០១១) មកម្លេះ។ នគរបាលបានស្គាល់ពីទំព័រហ្វេសប៊ុករបស់ក្រុមនេះ ដែលត្រូវបានហ្វេសប៊ុកបិទតាំងពីដើមទីមក ហើយថែមទាំងបានដឹងពីស្រីក្មេងៗ ជាជនរងគ្រោះនោះទៀត។ អធិការនគរបាលមួយរូប បាននិយាយថា «គ្មានស្រីក្មេងទាំងនោះណាម្នាក់ មានសេចក្ដីក្លាហាន ហ៊ានប្ដឹងជាលាយលក្ខណ៍អក្សរ មកអាជ្ញាធរ ដើម្បីយើងអាចធ្វើចំណាត់ការលើក្រុមយុវជនទាំងនោះទេ»។ បានសេចក្ដីថា នគរបាលមិនអាចធ្វើអ្វីបាន ក្រៅពីធ្វើការព្រមានទៅលើពួកយុវជនប្រមាញ់ បន្តិចបន្តួចប៉ុណ្ណោះឡើយ។
បន្ទាប់ពីបទយកការណ៍របស់អ្នកសារព័ត៌មាន ត្រូវបានផ្សព្វផ្សាយជាសាធារណៈនោះមក ប្រព័ន្ធផ្សព្វផ្សាយផ្សេងដទៃទៀត ក៏បានបន្ទរព័ត៌មាននេះជាបន្ត ធ្វើឲ្យពលរដ្ឋនៃប្រទេសនេះ បានយល់កាន់តែខ្លាំងឡើង ពីទំហំគ្រោះថ្នាក់នៃរឿងអាស្រូវ។ អ្នកការសែតបានរកឃើញទៀតថា នគរបាលបានកុហកនូវអ្វីដែលខ្លួនបាននិយាយខាងលើ ព្រោះគេបានរកឃើញថាក្មេងស្រីបួននាក់ បានប្ដឹងពីបញ្ហានេះទៅអាជ្ញាធរ តែពាក្យបណ្ដឹងរបស់ពួកនាង មិនត្រូវបានក្រុមនគរបាលចាត់ជារឿងមែនទែនឡើយ។ ក្មេងស្រីរងគ្រោះម្នាក់ បាននិយាយថា នាងថែមទាំងរងនូវការរិះគន់ត្រឡប់មកវិញ ថានាងបានស្លៀកពាក់ លេចលើបញ្ចេញក្រោម នៅពេលដែលនាងបានណាត់ជួបជាមួយក្រុមយុវជនទាំងនោះ ជាលើកដំបូង។
ហេតុអ្វីក៏នគរបាល មិនបានធ្វើអ្វីទាល់តែសោះ? ឬមួយក៏ដោយសារយុវជនទាំងប៉ុន្មាននាក់ខាងលើ សុទ្ធសឹងជាកូនចៅដែលចេញពីគ្រួសារមានលុយ មានថានះក្នុងសង្គម ? បើទោះជាខាងនគរបាលបានប្រកែកតវ៉ា តែខាងរដ្ឋាភិបាលវិញ ដូចជាបានបង្ហាញពីភាពទទួលខុសត្រូវរបស់ខ្លួន។ កាលពីថ្ងៃព្រហស្បត្តិ៍ទី០៧ខែវិច្ឆិកានេះ រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិ បានចាត់ទុកថាសំនុំរឿងនេះ មិនត្រូវបានចាត់ចែងឲ្យបានត្រឹមត្រូវ ដោយអ្នកក្រោមបង្គាប់នៃក្រសួងរបស់លោក ហើយលោកបញ្ជាឲ្យមានការស៊ើបអង្កេតមួយភ្លាម ដើម្បីស្វែងយល់ពីភាពចន្លោះប្រហោង ក្នុងជួរនគរបាល៕
សូមទស្សនាវីដេអូ នៃបទយកការណ៍ខ្លីមួយ ពីព្រឹត្តិការណ៍នោះ ដូចខាងក្រោម៖
-----------------------------------------------------
ដោយ៖ សេក មនោរកុមារ - ប៉ារីស ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ