រ៉ុង ឈុន៖ បញ្ហាទាំងអស់របស់គ្រូ ក្រសួងត្រូវតែធ្វើការដោះស្រាយ
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: November 08, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
កម្រងមតិ និងគំនិតរបស់លោកគ្រូ-អ្នកគ្រូ ត្រូវបានរៀបចំឡើងក្នុងសិក្ខាសាលាមួយដែលស្តីពីភាពចាំបាច់ និងការពង្រឹងសមត្ថភាព គុណភាពនៃការអប់រំសម្រាប់សិក្សានុសិស្ស ដើម្បីចូលរួមក្នុងការប្រគួតប្រជែងជាមួយនឹងវិស័យអប់រំ ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។ ការប្រមូលមតិ និងគំនិតពីលោកគ្រូ អ្នកគ្រូតាមបណ្តាខេត្ត-ក្រុងចំនួន១៩ នូវបញ្ហានានាដែលពួកគាត់បានជួបប្រទះ ដើម្បីដាក់ទៅក្រសួងអប់រំពិនិត្យ និងដោះស្រាយ។ នេះជាការលើកឡើងរបស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ។
លោក រ៉ុង ឈុន ប្រធានសមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ។ (រូបថត MONOROOM.info/ O.vary)
រាជធានីភ្នំពេញ - បញ្ហាការអប់រំក្នុងបច្ចុប្បន្នភាពនៅកម្ពុជា មានការធ្លាក់យ៉ាងខ្លាំង រួមជាមួយ នឹងកំរិតនៃជីវភាពរបស់គ្រូបង្រៀនក៏កាន់តែខ្វះខាត់ដែរនោះ។ នេះជាការកត់សម្គាល់របស់លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្នុងសិក្ខាសាលានាព្រឹកថ្ងៃទី៨ ខែវិច្ឆិការនេះ។ គម្រោងនៃសិក្ខាសាលារយៈពេលបីថ្ងៃលោក រ៉ុង ឈុន បានបញ្ជាក់ថា សមាគមគ្រូបង្រៀននឹងប្រមូលមតិ-គំនិតពីលោកគ្រូ អ្នកគ្រូ នៅតាមបណ្តាខេត្តក្រុងចំនួន១៩ ដែលបានចូលរួមថ្ងៃនេះ ដើម្បីបង្ហាញនូវការលំបាក និងបញ្ហានានាដែលកំពុងតែជួបប្រទះក្នុងការពង្រឹងគុណភាពនៃការអប់រំ ក៏ដូចជាការស្វែងរកការជម្រុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះគ្រូបង្រៀន ដូចជាការតម្លើងប្រាក់ខែសម្រាប់គ្រូបង្រៀនឲ្យបានយ៉ាងតិចមួយលានរៀលក្នុងមួយខែជាដើម។
លោក រ៉ុង ឈុន បន្តរថា ការប្រមូលនូវមតិ គំនិតថ្មីៗពីតំណាងខេត្តនីមួយៗ ដោយធ្វើការចងក្រងនូវគនិតទាំងអស់នោះដាក់ជូនក្រសួងអប់រំឲ្យធ្វើការដោះស្រាយជុំវិញ អ្វីដែលលោកគ្រូ អ្នកគ្រូបានលើកឡើង។ លោកធ្វើការកត់សម្គាល់ថា «ការលើកឡើងរបស់លោកគ្រូ អ្នកគ្រូ សុទ្ធតែឆ្លុះបញ្ជាំងរឿងការពិត រឿងដែលពួកគាត់ជួបប្រទះ ហើយក្រសួងត្រូវតែយកចិត្តទុកដាក់នូវបញ្ហាហ្នឹង ប្រសិនជាចង់បានឲ្យការអប់រំនោះមានភាពល្អប្រសើពិតមែន។»
លោកបន្តរថាកន្លងមកជំហររបស់រដ្ឋាភិបាល ពិសេសជំហររបស់អតីតរដ្ឋមន្រ្តីក្រសួងអប់រំលោក អ៊ឹម សិទ្ធី មានការរើសអើងជាមួយសមាគមគ្រូបង្រៀន។ លោកបន្តរថា បើនៅតែមានការរើសអើងបន្តរទៅទៀតនោះ ការអប់រំមិនអាចធ្វើការកែលំអរបាននោះទេ ដូច្នេះ ទាល់តែមានការចូលរួមពីអង្គការ ឬសមាគមគ្រូបង្រៀនដែលមានវិជ្ជាជីវៈ។ «យើងធ្លាប់ដាក់លិខិតជាច្រើនទៅអតីតរដ្ឋមន្រ្តីក្រសួងអប់រំ ដើម្បីសុំជួបធ្វើការផ្លាស់ប្តូរគំនិត តែត្រូវបានបដិសេធទាំងអស់។ (…) យើងនឹងសាកល្បងម្តងទៀតជាមួយរដ្ឋមន្រ្តីថ្មីនេះ ថាតើគាត់នឹងផ្តល់ឱកាសឲ្យសមាគមជួបពិភាក្សា និងលើកពីបញ្ហាឬមួយយ៉ាងណានោះ។ (…) បើនៅតែបន្តរការរើសអើងនោះ ជាលទ្ធផលដែលបានឃើញស្រាប់រួចមកហើយកាលពីថ្ងៃទី២៨ ខែកក្កដានោះ ។ ការរើសអើងជាមួយគ្រូបង្រៀន គណបក្សរបស់គាត់នឹងបាត់បង់នូវការកគាំទ្រ។»
លោករដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡាថ្មី ហង្ស ជួនណារ៉ុង មិនអាចទំនាក់ទំនងបានទេ។ តែលោក សុខ អាន កាលពីថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៣ ក្នុងពិធីចូលកាន់តំណែងជារដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាថ្មីនេះ លោក ហង្ស ជួនណារ៉ុង ត្រូវយកចិត្តទុកដាក់ក្នុងការកសាងធនធានមនុស្ស តាមរយៈនៃការអនុវត្តន៍គោលការណ៍ «ការអប់រំសម្រាប់ទាំងអស់គ្នា» ឱ្យកាន់តែសកម្ម និងមានប្រសិទ្ធភាព មានសមធម៌ក្នុងការទទួលសេវាអប់រំ លើកកម្ពស់គុណភាព និងប្រសិទ្ធភាពសេវាអប់រំគ្រប់កម្រិត ព្រមទាំងបន្តអភិវឌ្ឍស្ថាប័ន និងសមត្ថភាពមន្ត្រីអប់រំ។
លោក សុខ អាន បន្តរថា «គុណភាពនៃការអប់រំ ជាគន្លឹះសម្រាប់ដោះស្រាយរាល់បញ្ហាប្រឈមនានាដូចជាអភិបាលកិច្ច ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គម ក៏ដូចជាការអភិវឌ្ឍសហគមន៍ និងសង្គមគ្រួសារនីមួយៗ។ ក្រសួងអប់រំយុវជន និងកីឡា ជាតួអង្គសំខាន់នៅក្នុងការកសាងមូលធនមនុស្សឲ្យមានភាពរឹងមាំ និងមានសមត្ថភាពប្រកួតប្រជែង ដែលនឹងអនុញ្ញាតឲ្យកម្ពុជាចូលរួមប្រកបដោយប្រសិទ្ធភាព និងសមធម៌ នៅក្នុងសហគមន៍អាស៊ាននាឆ្នាំ២០១៥ ខាងមុខ។»
ក្នុងកិច្ចពិភាគ្សាផ្លាស់ប្តូរមតិ យោបល់របស់លោកគ្រូ អ្នកគ្រូមកពីបណ្តាខេត្ត-ក្រុងនោះ បានផ្តោតសំខាន់ទៅលើការស្នើឲ្យមានគិតគូរចំពោះជីវភាពគ្រូបង្រៀនតាមរយៈការតំឡើងប្រាក់បៀរវត្សដែលមាន«តុល្យភាព»ជាមួយទំនិញលើទីផ្សារ គុណភាពនៃការអប់រំ និងស្នើឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់ចំពោះគ្រូបង្រៀនជាដើម៕
---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី - ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ