កំណែ​ទម្រង់​នៃ​ប្រព័ន្ធ​អប់រំកម្ពុជា៖ គុណភាព​៥​យ៉ាង និង​បញ្ហា​៨​ចំនុច

ក្នុងយន្តការកំណែទម្រង់ ប្រព័ន្ធអប់រំនីតិកាលទីប្រាំនៅកម្ពុជា គណៈកម្មការទី៧នៃរដ្ឋសភា ស្នើឲ្យមាន​ការ​កែទម្រង់ នូវ​ប្រព័ន្ធ​គ្រប់គ្រងមួយចំនួន របស់ក្រសួងអប់រំ ដើម្បីតម្លាភាព ស្មើភាព ពង្រឹងគុណភាព​នៃ​​ប្រព័ន្ធ​​អប់រំ ពិសេស​ការ​តម្លើង​ប្រាក់បៀវត្សន៍ ជូនដល់គ្រូបង្រៀនជាដើម។ ប៉ុន្តែលោករដ្ឋមន្ត្រីក្រសួងអប់រំវិញ បាន​បញ្ជាក់ថា នោះជាអ្វីដែល​ក្រសួង​កំពុង​តែ​ធ្វើ ទាក់ទងនឹងបញ្ហាចំនួន៨។
Loading...
  • ដោយ: អ៊ុម វ៉ារី ដោយ អ៊ុម វ៉ារី (ទាក់ទង៖ [email protected]) - ភ្នំពេញ ថ្ងៃទី១៨ កញ្ញា ២០១៤
  • កែប្រែចុងក្រោយ: September 18, 2014
  • ប្រធានបទ: សិក្សាធិការ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក យ៉ែម បុញ្ញាឬទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា នាល្ងាចថ្ងៃទី១៧ ខែកញ្ញា ម្សិលម៉ិញនេះ បាន​ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចសួរដេញដោលជាមួយ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួង​អបរំ នៅវិមានរដ្ឋសភា ថា លោកគាំទ្រនូវកំណែទម្រង់របស់រាជរដ្ឋាភិបាល ដែលកំពុងតែអនុវត្តនេះ។ តែ​ទោះយ៉ាងណាក៏ដោយ លោកក៏ស្នើសុំឲ្យមានការបញ្ចូល នូវកំណែទម្រង់លើ «គុណភាព» ប្រាំយ៉ាង ដែល​រួម​មាន គុណភាពសិស្ស, គុណភាពគ្រូបង្រៀន, គុណភាពមធ្យោបាយ, គុណភាពកម្មវិធីសិក្សា និង​គុណភាព​សង្គម។

លក្ខខណ្ឌមួយចំនួន ដែលលោកត្រូវស្នើ ក្នុងគោលបំណងឲ្យមានការពង្រឹងការសិក្សារបស់សិស្ស ពង្រឹង​សមត្ថភាពរបស់គ្រូ ពិសេសជាងនេះនោះគឺការគិតតម្លើងប្រាក់បៀរវត្សគ្រូ។ លោកបានបញ្ជាក់ដូច្នេះថា៖ «យើងត្រូវលម្អិតបន្ថែម។ អ្វីដែលខ្ញុំបានស្នើឲ្យ លោករដ្ឋមន្ត្រីជួយផ្តល់ថវិកា ពិសេសប្រាក់ខែលោកគ្រូ អ្នកគ្រូ ដើម្បីឲ្យពួកគាត់មានការរស់នៅសមរម្យ និងជួយពង្រឹង វិស័យអប់រំរបស់យើងឲ្យកាន់តែល្អ។ (...)ការធ្វើ​អធិការកិច្ច លើការរឹតបណ្តឹងវិន័យគ្រូ និងសិស្ស ដែលបច្ចុប្បន្នមានបញ្ហាមួយចំនួន ដូចជាការលក់​"វត្តមាន"​ឲ្យសិស្សដែលមិនចូលរៀន និងសិស្សទិញ"ពិន្ទុ"ដោយមិនចាំបាច់ប្រឡងជាដើម។»

ឆ្លើយតបទៅនឹងការលើកឡើងខាងលើនេះ លោក ហង្ស ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក៏​បានថ្លែងប្រាប់អ្នកសារព័ត៌មានភ្លាមៗថា អ្វីដែលបានលើកឡើងដោយ​ប្រធានគណៈកម្មការទី៧នៃ​រដ្ឋសភា លោក យ៉ែម បុញ្ញាឬទ្ធិ នោះ ជាអ្វីដែលក្រសួងអប់រំ កំពុងត្រូវបានអនុវត្តជាប្រចាំ។ លោកបន្តថា ក្នុងឆ្នាំ​២០១៥ ខាងមុខនេះក្រសួងអប់រំ នឹងបានទទួលថវិកាបន្ថែម ដែលកើនពីចំនួន១៦,៣ភាគរយ ឡើងទៅដល់ ១៧,៣ភាគរយ គឺប្រហែលជា១ភាគរយ នៃថវិកាជាតិ ក្នុងការធ្វើការកំណែទម្រង់ប្រព័ន្ធអប់រំ។ លោក​បញ្ជាក់​ថា លោកនឹងប្រើប្រាស់នូវថវិកានេះ ឲ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីធ្វើការកំណែទម្រង់នូវគោលការណ៍ ទាំង​ប្រាំចំណុចខាងលើនេះ ក៏ស្ថិតក្នុងអាទិភាពនៃការងាររបស់ក្រសួង ដែលបានដាក់ចេញ និងកំពុងតែអនុវត្ត មានរហូតដល់ប្រាំបីចំណុច៖

- បញ្ហាកំណែទម្រង់ហិរញ្ញវត្ថុ,
- បញ្ហាគុណភាពអប់រំ,
- បញ្ហាប្រឡង,
- បញ្ហាបុគ្គលិក,
- បញ្ហាកំណែទម្រង់កីឡា,
- គុណភាពអប់រំ,
- បញ្ហាឧត្តមសិក្សា,
- បញ្ហាយុវជន
និងពាក់ព័ន្ធការបង្កើត ក្រុមប្រឹក្សាស្រាវជ្រាវវិស័យអប់រំ។

លោក យ៉ែម បុញ្ញាឬទ្ធិ ប្រធានគណៈកម្មការទី៧នៃរដ្ឋសភា មកពីគណបក្សសង្គ្រោះជាតិ បានបញ្ជាក់បន្ថែម​ថា ក្រុមការងារលោក នឹងតាមដានមើលការអនុវត្តនៃការកែទម្រង់ថ្មីលើប្រព័ន្ធអប់រំនេះ ដើម្បីបានជា​ប្រយោជន៍​ដល់ប្រជាពលរដ្ឋ សង្គមនិងប្រទេសជាតិ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...