ឆ្កែមួយក្បាល ខាំសម្លាប់បុរស ដែលមកជួយសង្គ្រោះម្ចាស់វា
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១១ មិនា ២០១៥
- កែប្រែចុងក្រោយ: March 12, 2015
- ប្រធានបទ: ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
អត្ថបទចេញផ្សាយ កាលពីម្សិលម៉ិញ បានសរសើរសត្វឆ្កែដ៏ធំមួយ ដែលត្រូវបានម្ចាស់វាបង្ហាត់ ធ្វើឲ្យមានមានចរិកស្លូតបូត និងចេះយកចិត្តម្ចាស់ បើទោះជា វាមានមាឌធំ ខុសពីធម្មតាក៏ដោយ។ ប៉ុន្តែសម្រាប់អត្ថបទចេញថ្ងៃនេះ សត្វឆ្កែដែលមានពូជដដែល បានខាំសម្លាប់បុរសម្នាក់ ដែលចូលមកជួយដាស់ ចលនាបេះដូងម្ចាស់របស់វា។
ហេតុការណ៍ដ៏តក់ស្លុត បានកើតឡើង ទៅលើបុរសវ័យ៦២ឆ្នាំមួយរូប កាលពីថ្ងៃអាទិត្យមុន នៅវេលាម៉ោង៩យប់ ហើយត្រូវបាន ទូរទស្សន៍អាមេរិក Fox News យកមកធ្វើ សេចក្ដីរាយការណ៍។
បុរសវ័យចំណាស់ បានស្លាប់ បន្ទាប់ពីត្រូវបានឆ្កែ ភីតប៊ូល (pitbull) ខាំ ព្រោះគាត់បានចូលទៅជួយ ធ្វើចលនាបេះដូង ឲ្យម្ចាស់របស់វា ដែលជួបគ្រោះគាំងបេះដូង នៅក្នុងផ្ទះរបស់ខ្លួន។ នគរបាលត្រូវបានគេទូរស័ព្ទហៅ ដើម្បីឲ្យជួយធ្វើអន្តរាគមន៍ ប៉ុន្តែនៅពេលពួកគេមកដល់ ក្រុមនគរបាលទាំងនោះ បានរកឃើញសាកសពបុរសទាំងពីរនាក់ បានដាច់ខ្យល់ទៅហើយ។
បើតាមការស៊ើបអង្កេតជំហានដំបូង បានឲ្យដឹងថា លោក ដេវិដ វ័ឡាស (David Wallace) អាយុ៦៣ឆ្នាំ បានរងគ្រោះស្លាប់ ដោយជំងឺគាំងបេះដូង ខណៈលោក រ៉យ ហីហ្គេនបូថាម (Roy Higgenbotham) រងគ្រោះដល់ស្លាប់ ជាមួយនឹងរបួស លើដងខ្លួនជាច្រើនកន្លែង ដោយការវាយប្រហារ ពីឆ្កែរបស់លោក ដេវិដ។
តាមពិតទៅ ឆ្កែភីតប៊ូលអាយុ៣ឆ្នាំ និងលោក រ៉យ មិនមែនថា មិនដែលស្គាល់គ្នាសោះនោះទេ។ ប៉ុន្តែសម្រាប់កាយវិការ របស់លោក រ៉យ ដែលចូលមកធ្វើចលនាបេះដូង ឲ្យលោក ដេវិដ សត្វឆ្កែទំនងជាយល់ថា លោក រ៉យ កំពុងវាយប្រហារម្ចាស់របស់វា។ បើតាមសម្ដីអ្នកជិតខាងមួយរូប បានឲ្យដឹងថា៖ «សត្វឆ្កែនេះ ចេះដឹងស្លូតបូតណាស់ តាំងពីណាណីមក»។
យ៉ាងណាក៏ដោយ ក៏ពេលនេះ ឆ្កែត្រូវបានយកទៅដាក់ ក្នុងមជ្ឈមណ្ឌលបន្សាំមួយ ហើយអាចរង នឹងការចាក់ថ្នាំសម្លាប់ នាពេលខាងមុខ៕