ថោង សារ៉ាត់ គេចខ្លួនបាត់ឈឹង ខណៈឪពុកម្តាយចូលពន្ធនាគារជំនួស
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញ ថ្ងៃទី០៨ ធ្នូ ២០១៤
- កែប្រែចុងក្រោយ: December 08, 2014
- ប្រធានបទ: ឧក្រិដ្ឋកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ខណៈពេលដែលអង្គរក្សទាំងបួន និងឪពុកម្តាយ ត្រូវបានតុលាការសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួននៅពន្ធនាគារព្រៃសរនោះ លោក ថោង សារ៉ាត់ ឯណេះវិញ កំពុងស្ថិតក្នុងការគេច ឬលាក់ខ្លួនបាត់ដំណឹងឈឹង។ បញ្ហានេះត្រូវបានប្រធានអនុគណៈកម្មការ ការពារ រក្សាសន្តិសុខ លោក នេត សាវឿន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា កម្លាំងជំនាញកំពុងតាមចាប់ខ្លួនមេឧក្រិដ្ឋជនរូបនេះ ហើយលោករំពឹងថា នឹងអាចចាប់បាន ក្នុងពេលឆាប់ៗដ៏ខ្លីនេះ។
ឯអ្នកស្រី ឌួង ថាវរី ដែលត្រូវជាភរិយាទីមួយរបស់លោក ថោង សារ៉ាត់ រួមទាំងបងប្អូនបីនាក់ផ្សេងទៀត មានឈ្មោះ តាំង សុខ, សុខ ខេង និង សុខ ឡាយ ក៏ស្ថិតក្នុងការរត់គេចខ្លួនដែរ។ មកទល់ពេលនេះ អ្នកទាំងបួននាក់ នៅមិនទាន់មានការបញ្ជាក់ពីសមត្ថកិច្ច ឬតុលាការ ថានឹងមានជាប់ពាក់ព័ន្ធ ឬយ៉ាងណានោះនៅឡើយ។
សូមរំលឹកថា កាលពីថ្ងៃ៧ ខែធ្នូ ម្សិលម៉ិញនេះ វេលាម៉ោង១២ថ្ងៃត្រង់ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កញ្ញា វ៉ា សក្កដា និងលោក ស្វាយ តុញ ចៅក្រមស៊ើបសួរ សម្រេចឃុំខ្លួនលោកស្រី កែវ សារី ត្រូវជាម្តាយ និងលោក ថោង ចំរើន ត្រូវជាឪពុកលោក ថោង សារ៉ាត់ ពីបទរារាំងការស៊ើបអង្កេតរបស់សមត្ថកិច្ច និងលាក់ទុកអាវុធខុសច្បាប់ តាមមាត្រា៤៩០ នៃក្រមព្រហ្មទណ្ឌ។ ជនជាប់ចោទទាំងពីរ នឹងត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារ ពី៦ខែ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់មួយលាន ទៅប្រាំមួយលានរៀល បើតុលាការរកឃើញថា បានប្រព្រឹត្តដូចការចោទប្រកាន់ របស់តំណាងអយ្យការនោះ។
ចំណែកអ្នកស្រី ទាវ ធីតា អាយុ២៣ឆ្នាំ ដែលត្រូវជាភរិយាទីពីរ របស់លោក ថោង សារ៉ាត់ រស់នៅភូមិគ្រឹះក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងលោក ថោង បូណា ប្អូនប្រុសបង្កើតរបស់លោក ថោង សារ៉ាត់ ត្រូវបានតុលាការដោះលែងវិញ ក្រោយពីពិនិត្យឃើញថា គ្មានជាប់ពាក់ព័ន្ធនឹងករណីឃាតកម្ម លើលោក អ៊ឹង ម៉េងជឺ ។
តាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមួយរូប ដែលមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា លោក ថោង សារ៉ាត់ មានប្រពន្ធចំនួនប្រាំពីរនាក់ ក្នុងនោះបួននាក់ បានចុះលិខិតអាពារណ៍ពិពាហ៍តាមច្បាប់។ មន្ត្រីរូបនោះ បាននិយាយទៀតថា រយៈពេលជាងពីរសប្ដាហ៍មកនេះ និងបន្តបន្ទាប់មកទៀត ទាំងសមត្ថកិច្ច ទាំងតុលាការ កំពុងអនុវត្តតាមច្បាប់ ក្នុងការអង្កេត ស្រាវជ្រាវវែករកមុខ អ្នកជាប់ពាក់ពន័្ធក្នុងឃាតកម្មលើលោក អ៊ឹង ម៉េងជឺ ដ៏រំជើបរំជួលនេះ។
លោកឧកញ៉ា អ៊ឹង ម៉េងជឺ ជាថៅកែស៊ីម៉ង់តិ៍ត្បូងពេជ្រ និងជាម្ចាស់ហាងលក់គ្រឿងអលង្ការហុងកុង ត្រូវបាន ឃាតកបាញ់ជាច្រើនគ្រាប់ ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ឃាតកម្មនេះកើតឡើងកាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ មុខហាងលក់ផ្លែឈើមួយកន្លែង ជិតអាងទឹកអូរឡាំពិក។
គួបញ្ជាក់ផងដែរថា អង្គរក្សទាំងបួននាក់មានឈ្មោះ សៀង វាសនា ត្រូវបានសង្ស័យថាជាជនដៃដល់។ ឈ្មោះ លី សៅ ជាអ្នកឌុបជនដៃដល់។ ឈ្មោះ មាស សម្បត្ដិ អ្នកជិះម៉ូតូបិទគូទ (មើលផ្លូវ) និងឈ្មោះ កុយ ចាន់ថុល អ្នកជិះជាមួយ មាស សម្បត្ដិ ជាអ្នកពិនិត្យមើលថាស្លាប់ ឬរស់។ អ្នកទាំងបួននេះ ត្រូវបានលោកចៅក្រម លី សុខឡេង បានសម្រេចឃុំខ្លួន និងចោទប្រកាន់តាមមាត្រា២០០ នៃក្រមព្រហ្មទណ្ឌ ពីបទឃាតកម្មគិតជាទុកជាមុន ដែលអាចជាប់ពន្ធនាគារអស់មួយជីវិត។
ទស្សនាវដ្តីមនោរម្យ.អាំងហ្វូ មិនអាចសុំការបញ្ជាក់បន្ថែម ពីលោកចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ស្វាយ តុញ ឬពីកញ្ញា វ៉ា សក្កដា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងពីមេធាវី ចុង អៀវហេង មេធាវីការពារគ្រួសារលោក ថោង សារ៉ាត់ បានទេនារសៀលថ្ងៃទី៨ ខែធ្នូនេះ។
ប្រធានផ្នែកបច្ចេកទេសស៊ើបអង្កេត របស់អង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត បានថ្លែងប្រាប់ទស្សនាវដ្តី ក្នុងកិច្ចសម្ភាសមួយ ទទួលស្គាល់ថា ក្រុមសមត្ថកិច្ចកម្ពុជា មិនមែន«អសមត្ថភាព»នោះទេ។ លោកបន្តថា ទោះស្ថិតក្នុងករណីនៃបទល្មើសនោះ ធំយ៉ាងណាក៏ដោយ បើសមត្ថកិច្ចនោះមានឆន្ទៈ ក្នុងការស្វែងរក ប្រាកដជាអាចរកឃើញភ្លាមៗ។ តែបើសមត្ថកិច្ចគ្មានឆន្ទៈ ឬរឿងកើតចេញពីរឿងនយោបាយ នោះពិបាកនឹងឲ្យសមត្ថកិច្ច ដែលមានជំនាញនោះស្វែងរក ឬរកឃើញជនដៃដល់ណាស់។ ហើយបើទោះជារកឃើញ ក៏មិនអាចធ្វើការបកអាក្រាតបានដែរ។
លោក អំ សំអាត បានថ្លែងបន្តទៀតថា៖ «ទោះបីជាការស៊ើបអង្កេតនេះ មានខុសនីតិវិធីខ្លះក៏ដោយ តែរឿងនេះកំពុងស្ថិតក្នុងដៃចៅក្រមស៊ើបអង្កេត ហើយយើងក៏កំពុងតាមដាន នូវនីតិវិធីរបស់ចៅក្រមស៊ើបអង្កេតនេះ ជាបន្តទៅមុខទៀត»៕