នៅ​អាមេរិក កាប់​ដាច់​ក្បាល​ម្ដាយ​ឯង​នឹង​ពូថៅ ព្រោះ​ប្រើ​ឲ្យ​រៀប​ផ្ទះ

ទ្រាំមិនបាននឹងបញ្ជារបស់ម្ដាយ ដែលចេះតែឲ្យខ្លួនរៀបចំហិប និងប្រអប់នៅចំណតរថយន្ដក្នុងផ្ទះ យុវជន​ដែល​មាន​អាយុ​ទើប​២៣ឆ្នាំ បានទាញពូថៅមកកាប់ម្ដាយខ្លួន ឲ្យដាច់ក្បាលស្លាប់ភ្លាមមួយរំពេច។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០៤ មករា ២០១៥
  • កែប្រែចុងក្រោយ: January 04, 2015
  • ប្រធានបទ: ហួសនិស្ស័យ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កាល​ពី​ថ្ងៃ​ពុធ​សប្ដាហ៍​មុន នគរបាល​ក្រុង ភីនេឡាស (Pinellas) ក្នុង​រដ្ឋផ្លរីដា សហរដ្ឋ​អាមេរិក បាន​ប្រទះ​នូវ​បទ​ល្មើស​ដ៏​សាហាវ​ព្រៃផ្សៃមួយ នៅ​ក្នុង​លំនៅ​ដ្ឋាន​ដ៏​ស្ដុកស្ដម្ភ នៃ​សង្កាត់ ឱកស្មារ (Oldsmar)។ អ្នកស្រី ម៉ារីយ៉ា ស្វារេស សេសាញ (Maria Suarez-Cassagne) ជា​ម្ចាស់​ផ្ទះ ត្រូវ​បាន​នគរបាល​រក​ឃើញ​ស្លាប់ ជា​សាក​សព​មាន​ក្បាល​ដាច់​ចេញ​ពី​ខ្លួន។ ការ​ស៊ើប​អង្កេត​ជំហាន​ដំបូង បាន​បញ្ជាក់​ថា អ្នកស្រី ម៉ារីយ៉ា អាយុ​៤៨​ឆ្នាំ ត្រូវ​បាន​កូន​ខ្លួន​ឯង យុវជន គ្រីស្ទៀន ហ្សូហ្សេ ហ្គូមេស (Christian Jose Gomez) កាប់​នឹង​ពូថៅ។

បើទោះជា​យុវជន​អាយុ​២៣​ឆ្នាំ​រូប​នេះ ត្រូវ​គេ​ស្គាល់​ថា មាន​រោគ​ចិត្ត​ប្រចាំ​កាយ​ក៏​ដោយ ប៉ុន្តែ​នគរបាល​បាន​ចាប់​ខ្លួន​យុវជន​នេះ​ភ្លាមៗ នៅ​ក្នុង​បរិវេណ​ភូមិ​គ្រឹះដដែល ហើយ​យក​មក​ដាក់​ឃុំ រង់ចាំ​ការ​ស៊ើប​អង្កេត។

អ្នកដែលបានឃើញហេតុការណ៍នេះភ្លាមៗ គឺបងប្រុសអាយុ២៦ឆ្នាំ របស់គ្រីស្ទៀន ដែលក្នុងពេលបន្ទាប់មក​បាន​រាយការណ៍ហៅនគរបាល។ ដោយបានស្ដាប់ឮសំលេងចម្លែកមួយ បង្ហើរចេញពីចំណតរថយន្ដក្នុងផ្ទះ យុវជនជាបងរូបនេះបានរត់ទៅមើល ឃើញមានពូថៅមួយដិតដាមដោយឈាម ដាក់ចោលនៅលើដី។ នៅ​ខាងក្រៅផ្ទះជិតធុងសម្រាម បងប្រុសបានឃើញបន្ទាប់មកទៀត សាកសពដាច់ក្បាល នៃម្ដាយរបស់ខ្លួន។

នាយនគរបាលប្រចាំតំបន់ ដែលទទួលបន្ទុកសំនុំរឿង លោក បប់ ហ្គ័លថៃអើរី (Bob Gualtieri) បានពន្យល់​ទៅកាន់អ្នកកាសែតថា៖ «ឃាតករបានយកក្បាលជនរងគ្រោះ គ្រវាត់ដាក់ចូលធុងសម្រាម ហើយព្យាយាម​យកខ្លួនសាកសពដាក់ចូលទៀត។ តែដងខ្លួននោះ មានទំងន់ធ្ងន់ពេក។»ចំពោះមូលហេតុដែលជំរុញឲ្យយុវជន គ្រីស្ទៀន ឈានទៅប្រព្រឹត្តិអំពើហួសនិស្ស័យនេះ មានលក្ខណៈគួរហួសចិត្ត៖ នោះគឺយុវជនមិនអាចទ្រាំទ្ររួច នឹងបញ្ជារបស់ម្ដាយដែលសុំឲ្យខ្លួនជួយរៀបចំហិប និងប្រអប់ នៅក្នុងកន្លែងទុកសម្ភារៈនៃចំណតរថយន្ដនោះ។

នគរបាលបានសួរនាំយុវជន ហើយបានថ្លែងប្រាប់អ្នកកាសែតទៀតថា៖ «គ្រីស្ទៀន បានខឹងនឹងម្ដាយរបស់ខ្លួន តាំងពីពីរថ្ងៃមុនម្លេះ»។

«យុវជនបានពន្យល់ប្រាប់យើង ពីទង្វើរបស់ខ្លួន នៅក្នុងស្ថានភាពមួយស្ងប់ស្ងៀម មានរបៀបរបបច្បាស់លាស់ រហូតធ្វើឲ្យយើងគិតថា យុវជនមិនមានរោគចិត្តទេ។ ជាការស្ងប់ស្ងៀមគួរឲ្យភ័យខ្លាច។» នេះជាការរៀបរាប់បន្ត​របស់លោក បប់។

បើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា ជំងឺរោគចិត្តរបស់យុវជន ទើបនឹងត្រូវបានព្យាបាល កាល​ពីបីឆ្នាំកន្លងមកហើយនេះប៉ុណ្ណោះ។ យុវជនកំពុងស្ថិតនៅក្រោមការតាមដាន និងការលេបថ្នាំ ពីសំណាក់​គ្រូ​ពេទ្យនៅឡើយ។ ប៉ុន្តែគេមិនអាចដឹងថា តើយុវជន គ្រីស្ទៀន ពិតជាបានលេបថ្នាំ និងធ្វើអ្វីៗទៅតាមវេជ្ជបញ្ជា ឬអត់នោះទេ។ នៅពេលនេះមានតែតុលាការប៉ុណ្ណោះ ដែលត្រូវស៊ើបអង្កេតរឿងនេះ ហើយកំណត់ពីទោស​កំហុសរបស់យុវជន ថាតើត្រូវទៅចូលពេទ្យ«រោគចិត្ត» ឬត្រូវទទួលទោសប្រហារជីវិត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...