មន្រ្តីសង្គមស៊ីវិល សង្ឃ័យករណីចាក់សម្លាប់ព្រះសង្ឃខ្មែរក្រោម ថាមានអ្នកនៅពីក្រោយ
- ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១២ មករា ២០១៥
- កែប្រែចុងក្រោយ: January 13, 2015
- ប្រធានបទ: ឃាតកម្ម
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«យើងខ្ញុំដែលជាអង្គការសង្គមស៊ីវិល ក៏ដូចជាអង្គការសិទ្ធិមនុស្ស សំណូមពរឱ្យសមត្ថកិច្ច ប៉ូលីស នគរបាលហ្នឹង គឺធ្វើការស៊ើបអង្កេតឱ្យបានច្បាស់លាស់ថែមទៀត ថាតើនេនអង្គនេះប្រព្រឹត្តដោយចិត្តឯង ឬក៏មានអ្នកណា នៅពីក្រោយការប្រព្រឹត្តិអំពើឃាតកម្មនេះ»។ នេះជាការស្នើឡើងរបស់លោក ណៃ វ៉ង់ដា អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក ទៅកាន់សមត្ថកិច្ច ដែលធ្វើការស៊ើបអង្កេតទាក់ទងករណីឃាតកម្ម សម្លាប់គ្រូសូត្រឆ្វេងនៅវត្តសាមគ្គីរង្សី ព្រះនាម ថាច់ ខាន់ ដែលបានសុគតនៅម៉ោងជាង៨ព្រឹកនៅថ្ងៃទី១២ ខែមករានេះ។
លោក ណៃ វ៉ង់ដា បន្តថា ព្រះតេជគុណ ថាច់ ខាន់ ជាព្រះសង្ឃខ្មែរក្រោមមួយអង្គ ដែលទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋ ជាពិសេសជនរងគ្រោះ ដែលជួបរឿងអយុត្តិធម៌ផ្សេងៗ។ លោកថាដោយសារតែព្រះតេជគុណ ថាច់ ខាន់ តាំងពីមករស់នៅក្នុងទឹកដីកម្ពុជា រហូតដល់អស់ព្រះជន្មនេះ ព្រះអង្គបានចូលរួមយ៉ាងសកម្ម នៅក្នុងការស្វះស្វែងរកយុត្តិធម៌សង្គម ជូនជនរងគ្រោះដែលរងគ្រោះដោយសាររឿងដីធ្លី ទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត ដូច្នេះហើយលោកចង់ឱ្យមានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ បើទោះជាឃាតកម្មនេះ ចាប់បានជនល្មើសហើយក៏ដោយ។
អនុប្រធានផ្នែកសិទ្ធិមនុស្ស និងមេធាវីតំបន់របស់សមាគមការពារសិទ្ធិមនុស្សអាដហុករូបនេះ បញ្ជាក់បន្ថែមថា៖ «ដូច្នេះហើយ បានជាយើងដែលជាក្រុមអង្គការសង្គមស៊ីវិល និងសិទ្ធិមនុស្សហ្នឹងដាក់ការសង្ស័យ សង្ស័យ៥០%។ ហើយការសង្ស័យនេះ ដាក់ឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវបន្ថែមទៀត ឱ្យបានច្បាស់លាស់ ថាតើរឿងនេះជារឿងប្រព្រឹត្ត ដោយចិត្តខ្លួនឯង ឬក៏មានអ្នកណាបញ្ជាពីក្រោយខ្នង។»។
លោកបន្តថា នៅពេលដែលមានអ្នកណានៅពីក្រោយខ្នង សមត្ថកិច្ចត្រូវតែហ៊ានវែកមុខ ហើយធ្វើសន្និសិទ្ធកាសែតជាផ្លូវការ បង្ហាញរបាយការណ៍ដល់សាធារណៈជន ព្រោះថារឿងនេះទាំងសង្គមស៊ីវិល ពុទ្ធបរស័ទចំណុះជើងវត្ត ព្រមទាំងប្រជាពលរដ្ឋ ចង់ដឹងថា តើករណីនេះកើតឡើងពិតប្រាកដយ៉ាងម៉េចខ្លះ?
«ដរាបណា មិនទាន់មានការរកឃើញជាផ្លូវ មានការប្រកាសជាផ្លូវការពីសមត្ថកិច្ច ថារឿងនេះបណ្តាលមកពីរឿងអ្វី យើងនៅតែទទូចឱ្យមានការស្វះស្វែង រកមូលហេតុពិតនៃការសម្លាប់» លោក ណៃ វ៉ង់ដា បញ្ជាក់បន្ថែម។
សម្រាប់លោក ផេង អៀងម៉េង មន្រ្តីប៉ូលីសនៅសង្កាត់ស្ទឹងមានជ័យវិញ បានឱ្យដឹងថា ការចាក់ធ្វើគុតគ្រូសូត្រឆ្វេងវត្តសាមគ្គីរង្សីនេះ មិនមែនជារឿងគុំគួនអ្វីនោះទេ គឺធ្វើដោយអចេតនា ដោយសារការខឹង ព្រោះថាលោកគ្រូសូត្រឆ្វេងចូលចិត្តហៅព្រះសង្ឃអង្គនោះធ្វើការព្រមាន។ លោកថា រឿងនេះកើតឡើងដោយសារទំនាស់ពាក្យសម្តីគ្នា។
គ្រូសូត្រឆ្វេងដែលសុគត មានព្រះនាម ថាច់ ខាន់ ព្រះជន្ន៣៧ ព្រះវស្សានិមន្តមកពីខេត្តឃ្លាំងកម្ពុជាក្រោម។ ព្រះអង្គបានចូលមករស់នៅប្រទេសកម្ពុជា តាំងពីឆ្នាំ២០០៦។ ដោយឡែកកូនសិស្សដែលជាជនដៃដល់ មានព្រះនាម លី ទ្វឹង ព្រះជន្ម១៨ព្រះវស្សា។ ជនដែដល់ត្រូវបានសម្តថកិច្ចខ័ណ្ឌមានជ័យចាប់ខ្លួន និងធ្វើការផ្សឹក។
ថ្មីនេះ រឿងរ៉ាវជាច្រើនឧស្សាហ៍កើតឡើង ចំពោះព្រះសង្ឃកម្ពុជា។ ព្រះសង្ឃកម្ពុជាបីអង្គទើបនឹងត្រូវចាប់ផ្សឹក និងឃុំនៅពន្ធនាគារ ពាក់ព័ន្ធពីបទចូលរួមជាមួយជនទុច្ចរិត ប្រឆាំងមន្រ្តីរាជការសាធារណៈ និងក្លែងបន្លំឆាយ៉ា។ នៅថ្ងៃនេះព្រះសង្ឃកម្ពុជាក្រោមមួយអង្គទៀត ត្រូវបានកូនសិស្សអង្គឯងចាក់សម្លាប់។ ចំពោះមូលហេតុ ដែលនាំឱ្យមានរឿងអាក្រក់ចំពោះព្រះសង្ឃកម្ពុជានេះ មានមតិមួយចំនួនលើកឡើងថា ដោយតែព្រះសង្ឃកម្ពុជាក្រោមទាំងនោះ សកម្មពេកក្នុងការតវ៉ាឱ្យវៀតណាមសុំទោស ករណីរឿងទឹកដីកម្ពុជាក្រោម ដុតទង់ជាតិវៀតណាម និងចូលរួមយ៉ាងខ្លាំងខ្លាក្នុងការតវ៉ា ជាមួយប្រជាពលរដ្ឋដែលបានជួបរឿងអយុត្តិធម៌។
សូមបញ្ជាក់ថាវត្តសាមគ្គីរង្ស៊ី ជាវត្តរបស់ព្រះសង្ឃខ្មែរកម្ពុជាក្រោម ដែលមានព្រះតេជគុណ សៀង សុវណ្ណារ៉ា សង្ឃកម្ពុជាក្រោមជាព្រះចៅអធិការវត្ត។ វត្តនេះ ជាវត្តដែលតែងផ្តល់ជម្រកសម្រាប់ជនរងគ្រោះដីធ្លី មកពីតាមបណ្តាខេត្ត ធ្វើការតវ៉ាទាមទាររកដំណោះស្រាយ ពីរដ្ឋាភិបាលករណីរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ។ ចំណែកឯព្រះនៅក្នុងវត្តមួយនេះភាគច្រើន សុទ្ធសឹងជាព្រះសង្ឃដែលសកម្មនឹងរឿងតវ៉ា ជួយរកយុត្តិធម៌ឱ្យប្រជាពលរដ្ឋខ្មែរ៕