ហេតុអ្វី​ពុទ្ធបរិស័ទ​យក​ថ្ងៃ​១៥កើត ខែ​មាឃ ប្រារព្ធ​ពីធី​បុណ្យ​រម្លឹក​ដល់​ព្រះសម្មាសម្ពុទ្ធ?

ថ្ងៃទី១៥ កើត ខែមាឃ ព.ស ២៥៥៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ជាថ្ងៃដែលប្រជាពលរដ្ឋ ដែលកាន់នូវ​សាសនាព្រះពុទ្ធ ប្រារព្ធពីធីបុណ្យដើម្បីរម្លឹកដល់ថ្ងៃបង្កើតពុទ្ធសាសនា។ នៅតាមវត្តអារាមនីមួយៗ មានប្រជាជន​ច្រើនកុះករនៅថ្ងៃនេះ។ តើពីធីបុណ្យមានប្រវត្តិយ៉ាងដូចម្តេច និងប្រតិបត្តយ៉ាងដូចម្តេច?
Loading...
  • ដោយ: ប្រាថ្នា
  • កែប្រែចុងក្រោយ: February 14, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ថ្ងៃទី១៥ កើត ខែមាឃ ព.ស ២៥៥៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៤ ជាថ្ងៃដែលប្រជាពលរដ្ឋ ដែលកាន់នូវ​សាសនាព្រះពុទ្ធ ប្រារព្ធពីធីបុណ្យដើម្បីរម្លឹកដល់ថ្ងៃបង្កើតពុទ្ធសាសនា។ នៅតាមវត្តអារាមនីមួយៗ មានប្រជាជន​ច្រើនកុះករនៅថ្ងៃនេះ។ តើពីធីបុណ្យមានប្រវត្តិយ៉ាងដូចម្តេច និងប្រតិបត្តយ៉ាងដូចម្តេច?


ព្រះសម្មាសម្ពុទ្ធ ទ្រង់សម្ដែងធម៌ទៅដល់បណ្ដាភិក្ខុ និងសាវ័ករបស់ព្រះអង្គ។ (រូបថតពីគំនូរព្រះសម្មាសម្ពុទ្ធ)

សាសនា - មាឃបូជា ជាពីធីបុណ្យមួយដែលមានសារៈសំខាន់នៅក្នុងពុទ្ធសាសនា បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ងដែល ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោក នាប្រទេសឥណ្ឌា​កាលពី ៥៨៨ ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី ១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ ខែគត់។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១២៥០ អង្គ ជាសមាជិក ក្នុងអង្គមហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់។ នៅក្នុងមហា​សន្និបាត​នោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនៅគោលការណ៍ ចំនួន១១ ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាត ទាំងអស់កាន់យកជាវិថីជីវិត និងសម្រាប់យកទៅ ផ្សព្វផ្សាយ ដល់ជនដទៃទៀត ឲ្យបានយល់ពី ពុទ្ធសាសនា ។

មុនថៃ្ង បរិនិព្វាន៣ខែ គឺថៃ្ងពេញបូណ៌មី ខែមាឃ ព្រះសម្មាសម្ពុទ្ធទ្រង់ប្រថាប់នៅ បាវាលចេតិយ ។ មាឃបូជា​ប្រារព្វ​ដោយហេតុ៥ប្រការៈដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ នៅថ្ងៃអាទិត្យ ពេញបូណ៌មី ខែមាឃ ក្នុងឆ្នាំ​ម្សាញ់ មុនពុទ្ធសករាជ ៣ខែ ។

១. ជាថ្ងៃ១៥កើតពេញបូរមីខែមាឃ ដែលមានព្រះច័ន្ទពេញវង់។
២. ជាថ្ងៃនៃព្រះអរហន្តខីណាស្រព បានមកជួកជុំគ្នានៅវត្តវេឡាវន្ត នាដែនមគធៈ ជាថ្ងៃដែលព្រះសម្មាសម្ពុទ្ធ​ប្រកាស​សម្តែង គោលសំខាន់បំផុតនៃព្រះធម៌ ហៅថាឧវាទប្បាតិមោគ្ខ។
៣. ជាថ្ងៃដែលព្រះសិរីបុត្រ ដែលជាធម្មសេនាបតីរបស់ ព្រះសម្មាពុទ្ធបានសំរេចជាព្រះអរហន្ត មានបដិសម្ភិទា ៤ វិជ្ជា ៣ និងអភិញា ៦។
៤. ថ្ងៃដែលព្រះពុទ្ធបានស្ថាបនាព្រះសិរីបុត្រ និងព្រះមោគ្គលានក្នុងតំណែងខ្ពស់បំផុត ក្នុងពុទ្ធសាសនាជា អគ្គសាវ័ក​ស្តាំ និងអគ្គសាវ័កឆ្វេង។
៥. លុះដល់វស្សាទី ៤៥ក្នុងថ្ងៃ១៥កើតខែមាឃនេះ ទ្រង់គង់ត្រង់ បាវាលចេតីយ ហើយប្រកាសសំដែងធម៌ ៤គឺៈ ឆន្ទៈ វីរយៈ ចិត្តៈ វិមំសា ដល់ព្រះអនន្តដ៏មានអាយុ រួចទ្រង់ក៏និមន្តចាកចេញទៅ។ ពេលនោះមារមានចិត្តបាប​ក៏ចូលទៅ​អារធនានិមន្តព្រះពុទ្ធយាងចូល បរិនិព្វាន។

ការប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរំលឹកដល់ថៃ្ងសំខាន់ៗក្នុងព្រះពុទ្ធសាសនា ២ យ៉ាងគឺ ៖
១ – រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់សំដែង ឱវាទប្បាតិមោក្ខ ហើយប្រជុំចតុរង្គ សន្និបាតប្រកប​ដោយអង្គ៤ គឺអង្គទី១ ជាថ្ងៃពេញបូណ៌មីខែមាឃ អង្គទី២ ព្រះអរហន្ត ១២៥០អង្គ គឺក្រុមបុរាណជដិល ១០០០ ក្រុមអគ្គសាវ័ក​២៥០អង្គ បានមកជួបជុំឯងៗ ឥតមាននរណានិមន្ត អង្គទី៣ ព្រះអរហន្តទាំងនោះ សុទ្ធតែសម្រេចអភិញ្ញា៦ អង្គទី៤ ព្រះអរហន្តទាំងនោះ សុទ្ធតែជា ឯហិភិក្ខុ បួសផ្ទាល់ព្រះអង្គ ដោយមានសក់ ពុកមាត់ពុកចង្កា កោរស្រាប់​មាន​បាត្រ​នឹងចីវរសម្រេច ដោយរិទ្ធិ៍ស្រាប់ៗ ។ ព្រះសម្មាសម្ពុទ្ធទ្រង់សំដែង ឱវាទប្បាតិមោក្ខ នៅថ្ងៃពេញបូណ៌មី​ ខែមាឃ ក្នុង​ឆ្នាំរកា មុន ពុទ្ធសករាជ ៤៤ ឆ្នាំ ។
២ – រំលឹកដល់ថៃ្ងដែលព្រះសម្មាសម្ពុទ្ធទ្រង់ដាក់ព្រះជន្មាយុសង្ខារ មានសេចក្កីដំណាលថា គ្រាបច្ចិម ពោធិកាល ដែលព្រះពុទ្ធអង្គទ្រង់សណ្ឋិតនៅក្នុងបច្ចិមវ័យ ព្រះជន្មគម្រប់ ៨០វស្សា។

តាមទំនៀមពិធីបុណ្យមាឃបូជា ប្រព្រឹត្តទៅនៅវេលាពេលយប់ក្នុងវត្ត ដូច្នេះហើយបានជាគេឃើញនៅគ្រប់​វត្តអារាម មានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ហើយមានមហាជន ចាស់ ក្មេង ប្រុស ស្រី ប្រកបដោយគ្រឿង​សក្ការ​បូជា មានផ្កាភ្ញី ទៀន ធូបជាដើម នៅប្រជុំគ្នាយ៉ាងអ៊ូអរ ។ ពុទ្ធបរិស័ទ ទាំងបព្វជិត ទាំងគ្រហស្ថ ត្រូវដើរដង្ហែរ​ប្រទក្សិណ​ព្រះវិហារ៣ជុំសិនមុននឹងចូលព្រះវិហារ។ ហើយគេយកទេយ្យវត្ថុរៀបចំដាក់នៅមុខពុទ្ធរូប រួចអុជទៀន ធូប បូជាផ្កាភ្ញីផ្សេងៗ។ គេនាំគ្នានមស្ការព្រះរតនត្រ័យ សមាទានសីល សា្តប់ពុទ្ធមន្ត ស្តាប់ធម៌ទេសនា អំពីពុទ្ធប្បវត្តិ​តាំងពីដើមរហូតដល់ចប់ ព្រះសង្ឃ និងឧបាសក ឧបាសិកា សូត្រធម៌បទផ្សេងៗដូចជានមោ ៨បទ ឋានធំ ៨កន្លែង​ជាដើម នៅយប់នោះគេធ្វើរហូតទល់ភ្លឺ តាមលទ្ធភាពវត្តនីមួយៗដើម្បី ឲ្យមានបសាទសទ្ធា ចំពោះព្រះរតនត្រ័យ​កាន់​តែខ្លាំងក្លាឡើង ។

ប្រជាជនដែលប្រកាន់ភ្ជាប់នូវពុទ្ធសាសនា បានអញ្ជើញនាំគ្នាធ្វើបុណ្យទានរក្សាសីល និងសមាធិសម្អាតចិត្ត របស់​ខ្លួនក្នុងថៃ្ងនេះ ដើម្បីបូជា និង រំលឹកចំពោះគុណព្រះសម្មាសម្ពុទ្ធដែលព្រះអង្គ បានបង្កើត ព្រះពុទ្ធសាសនា​សម្រាប់​ជាមាគ៌ា‌ជីវិតដល់ពួកគេ។ បុណ្យមាឃបូជា ក៏ជាពិធីបូជាមួយយ៉ាងធំដែរ ដែលពុទ្ធសាសនិកនាំគ្នាបា្ររព្ធធ្វើនៅថ្ងៃ ពេញបូណ៌មី ខែមាឃ ។

ពិធីបុណ្យនេះត្រូវបានអនុញ្ញាតអោយប្រជាជនខ្មែរទាំងអស់ មានឱកាសឈប់សម្រាកពីការសិក្សា និងការធ្វើ​ការងារ។ បើតាមរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រាទី ៤៣ ចែងថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហេតុដូច្នេះហើយ បុណ្យមាឃបូជាត្រូវបាន រាជរដ្ឋាភិបាលកម្ពុជា លើកដំកើងចាត់ទុកជាថ្ងៃបុណ្យជាតិ​របស់​ប្រទេស​កម្ពុជា ។ កម្មវិធីបុណ្យនេះ ពុទ្ធបរិស័ទទាំងគួរតែប្រកាន់ភ្ជាប់ តាមផ្លូវព្រះធម៌ឲ្យបានទាល់ភ្លឺ កុំឲ្យខុសរបៀបពី​បុរាណ​មកផង៕

-----------------------------------------------
ដោយ ក. ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...