ទំនង​មាន​អ្នក​ញុះ​ញង់​ឲ្យ​សម្លាប់​គ្រូ​សូត្រ​ឆ្វេង បើ​តាម​ចៅ​អធិការ​វត្ត​

ព្រះតេជគុណ សៀង សុវណ្ណារ៉ា ចៅអធិការវត្តសាមគ្គីរង្សី មានសង្ឃដីការថា ទំនងជាមានអ្នកញុះញង់ នៅពីក្រោយខ្នង ទើបបណ្តាលឱ្យនេនវ័យ១៨វស្សា ហ៊ានចាក់សម្លាប់គ្រូសូត្រឆ្វេងអង្គឯង។
Loading...
  • ដោយ: ប្រាថ្នា អត្ថបទ៖ ប្រាថ្នា ([email protected]) យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញ ថ្ងៃទី១២ មករា ២០១៥
  • កែប្រែចុងក្រោយ: January 13, 2015
  • ប្រធានបទ: ឃាតកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដោយ​សារ​តែ​មាន​បុគ្គល​ញុះ​ញង់ ឱ្យ​នេន​តូច​រូប​នេះ​ប្រើ​អំពើ​ហឹង្សា ទើប​ព្រះ​ភិក្ខុ​ដែល​មាន​ព្រះ​ជន្ម​១៨​ព្រះ​វស្សា​អង្គ​នេះ ហ៊ាន​លើក​កាំបិត​ចាក់​សម្លាប់ គ្រូ​សូត្រ​ឆ្វេង​ព្រះ​នាម ថាច់ ខាន់ នៃ​វត្ត​សាមគ្គី​រង្សី​កាល​ពី​ថ្ងៃ​ទី​១២ ខែ​មករា ម្សិល​ម៉ិញ។ ព្រោះ​កន្លង​មក​ព្រះ​ភិក្ខុ​អង្គ​នេះ មិន​ដែល​មាន​គំនិត​ប្រើ​អំពើ​ហឹង្សា​អញ្ចឹង​ទេ តែ​ឥលូវ​នេះ ស្រាប់​តែ​ឃើញ​នេន​អង្គនេះ​មាន​ការ​ប្រែ​ប្រួល។ នេះ​ជា​ការ​សង្កេត​របស់​ព្រះ​សង្ឃ សៀង សុវណ្ណារ៉ា ចៅ​អធិការ​វត្ត​សាមគ្គី​រង្សី ថ្លែង​ប្រាប់​ទស្សនាវដ្ដី​មនោរម្យ.អាំងហ្វូ

យ៉ាងណា​ក៏​ដោយ ព្រះ​តេជ​គុណ​មាន​សង្ឃដីការ​ថា ជន​ដែល​ញុះញង់​នៅ​ពី​ក្រោយ​នោះ មិន​ដឹង​ថា​ជា​បុគ្គល​ណា​ឡើយ។ ព្រះ​តេជគុណ បាន​បញ្ជាក់​បន្ថែម​ថា៖ «ប៉ុន្តែ​នៅ​លើក​ចុង​ក្រោយ លោក​ដូច​ជា​មាន​បញ្ជា ឬ​ក៏​មាន​ការ​ញុះ​ញង់​ពី​ណា​ក្រោយ​ខ្នង ទើប​ធ្វើ​ឱ្យ​លោក​ហ៊ាន​ដល់​កម្រិត​ចាក់​គ្រូ​សូត្រ​នេះ​ឯង»។

ចៅអធិការវត្តសាមគ្គីរង្សីបានឱ្យដឹងបន្តថា សង្ឃជាជនដៃដល់មានព្រះនាម ទឹង ជាមនុស្សចូលចិត្តលេងសើច និងល្បែងមួយចំនួនដូចជាការទាត់សី នៅក្នុងវត្ត ដែលមើលទៅដូចជាមិនសម ដូច្នេះហើយគ្រូសូត្រឆ្វេង​តែង​ហៅទៅស្តីបន្ទោស។ ព្រះអង្គថា ព្រះតេជគុណ ថាច់ ខាន់ ធ្លាប់ហៅជនដៃដល់រូបនោះ ទៅស្តីបន្ទោសពីរបីដង​រួចមកហើយ ប៉ុន្តែជនដៃដល់មិនដែលស្តាប់ការទូន្មានរបស់គ្រូសូត្រឆ្វេងនោះទេ។ ហើយនៅថ្ងៃកើតហេតុ មាន​ការហៅទៅទូន្មានម្តងទៀត ក៏មានការចាក់សម្លាប់គ្នាតែម្តង។

ចំពោះការសុគតរបស់គ្រូសូត្រឆ្វេងវត្តសាមគ្គីរង្សី បានធ្វើឱ្យប្រជាពលរដ្ឋមានការសោកស្តាយជាខ្លាំង ជា​ពិសេស​ព្រះតេជគុណជាចៅអធិការផ្ទាល់តែម្តង។ ព្រះតេជគុណសៀង សុវណ្ណារ៉ា មានថេរៈដីការថា គ្រូសូត្រ​ឆ្វេងជាមនុស្សស្លូតត្រង់ ជាមនុស្សមិនចូលចិត្តមាត់ករ ព្រះអង្គជាមនុស្សស្វាហាប់នឹងការងារសង្គម និង​ការងារ​កសាងវត្ត៕


ព្រះភិក្ខុជាប់សង្ស័យថាបានចាក់សម្លាប់គ្រូសូត្រ។ (រូបថត monoROOM.info/ S. tith)

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...