មេធាវី​ការពារ​ក្ដី​ឪពុក​ម្តាយ​ ថោង សារ៉ាត់ គ្រោង​ប្ដឹង​ឡើង​តុលាការ​កំពូល

សាលាឧទ្ឋរណ៍ បានច្រានចោលពាក្យស្នើសុំនៅក្រៅឃុំ របស់មេធាវីការពារក្ដីឲ្យឪពុកម្តាយ របស់លោក ថោង សារ៉ាត់ ខណៈសមត្ថកិច្ចកម្ពុជា បាននឹងកំពុងសហការជាមួយប៉ូលីសអាំងទែប៉ូល បន្តរស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២១ មករា ២០១៥
  • កែប្រែចុងក្រោយ: January 21, 2015
  • ប្រធានបទ: ឧក្រិដ្ឋកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តុលាការ​សាលា​ឧទ្ទរណ៍ នៅ​តែ​តំកល់​ការ​សម្រេច​ឃុំ​ខ្លួន របស់​សាលា​ដំបូង​រាជធានី​ភ្នំពេញ ទៅ​លើ​ឪពុក​ម្ដាយ​របស់​លោក ថោង សារ៉ាត់ ទុក​ជា​បាន​ការ។ សម្រាប់​ខាង​ការពារ​ក្ដី​វិញ នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ប្ដឹង​សារ​ទុក្ខ ឡើង​ទៅ​តុលាការ​កំពូល​ជា​បន្ត​ទៀត។

តាម​ការ​អះ​អាង​របស់​មេធាវី លោក ស៊ី សត្យា បាន​បង្ហាញ​ក្រោយ​ពី​បញ្ចប់​សវនាការ កាល​ពី​ថ្ងៃ​ទី២០ ខែ​មករា ម្សិល​ម៉ិញ​ថា ការ​​ស្នើ​​សុំ​​នៅ​​ក្រៅ​ឃុំនេះ ព្រោះ​តែ​លោក ថោង ចំរើន កូន​ក្តី​របស់​លោក​ដែល​ត្រូវ​ជា​ឪពុក​លោក ថោង សារ៉ាត់ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​ត្រូវ​បាន​នៅ​ក្រៅ​ឃុំ​ដើម្បី​ពិនិត្យ និង​ព្យាបាល​ជំងឺ។ បន្ទាប់​ពី​ប្រកាស​​សាល​ដីការ​របស់​សាលា​ឧទ្ធរណ៍ ដោយ​ដំកល់ និង​បន្ត​ឃុំ​ខ្លូន​កូន​ក្តី​របស់​លោក បន្ត​ទៀត​នោះ មេធាវី​រូប​​នេះ​​បាន​អះអាង​ថា លោក​នឹង​បន្ត​បណ្តឹង​សារ​ទុក្ខ ទៅ​កាន់​តុលាការ​កំពូល​ជា​បន្ត​ទៀត នា​ពេល​ខាង​មុខ។

លោកមេធាវី ស៊ី សត្យា បានថ្លែងឡើងថា៖ «ការបដិសេធហ្នឹង ខ្ញុំឃើញថាវាអយុត្តិធម៌សម្រាប់កូនក្តីខ្ញុំបាទ។ ព្រោះអីកូនក្តីខ្ញុំ កំពុងស្ថិតនៅក្នុងសភាពឈឺ។ (…) លោក ថោង ចំរើន គាត់កំពុងឈឺ។ (…) អញ្ចឹងសុខភាព​គាត់​កាន់តែទ្រុឌទ្រោម បើគាត់នៅក្នុងនោះ(ពន្ធនាគារ)ទៀត ។ (…) ខ្ញុំត្រូវប្តឹងសារទុក្ខ។»

ចំពោះករណីនៃការបន្តឃុំខ្លួននេះ ក្រោមការសម្រេចរបស់ប្រធានអង្គជំនុំជំរះ លោក ចៅក្រម ឃុន លាងម៉េង បានបដិសេធសុំមិនបង្ហាញនូវមូលហេតុ ក្នុងការសម្រេចនោះយ៉ាងណាទេ តែលោកគ្រាន់តែបញ្ជាក់ថា នីតិវិធី​កំពុងនៅដំណើរការ មិនអាចឲ្យនៅក្រៅឃុំបាននោះទេ។

បទចោទប្រកាន់ដោយតុលាការកម្ពុជា លើឪពុកម្តាយលោក ថោង សារ៉ាត់នេះ បើយោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ លោក ថោង ចំរើន និងអ្នកស្រី កែវ សាវី អាចប្រឈមមុខជាប់ពន្ធនាគារពី៦ ខែទៅ ៣ឆ្នាំ និងត្រូវពិន័យជាម្នាក់ក្នុងម្នាក់ៗ ពី១លានរៀល ទៅ ៦លានរៀល បើតុលាការរកឃើញថា អ្នកទាំងពីមានការ​ពាក់ព័ន្ធ​ដូចការចោទប្រកាន់នោះ។

លោក ថោង ចំរើន និងអ្នកស្រី កែវ សាវី ដែលជាឪពុក និងម្តាយរបស់លោក ថោង សារ៉ាត់ ត្រូវបានចោទ​ប្រកាន់ពីបទកាន់កាប់ លាក់ទុក និងប្រើប្រាស់អាវុធខុសច្បាប់។ នេះបើតាមដីកាបញ្ជា​ឲ្យចាប់ខ្លួនរបស់លោក លី សុខលេង ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០១៤។ អ្នកទាំងពីរ កាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៤ ក៏ត្រូវបានតុលាការសម្រេចឃុំខ្លូន​នៅពន្ធនាគារព្រៃសតែម្តង។

មកទល់ពេលនេះ នៅមិនទាន់មានរបាយការណ៍ណាមួយ ជាក់លាក់ពីសមត្ថកិច្ចកម្ពុជា ក្នុងការបង្ហាញនូវ​ប្រតិបត្តិការណ៍របស់ខ្លួនក្នុងការរុករក និងស្វែងរកចាប់ខ្លួនលោក ថោង សារ៉ាត់ នៅឡើយនោះទេ។ លោក​ថោង សារ៉ាត់ ត្រូវបានសង្ស័យថា ជាអ្នកបញ្ជា និងនៅពីក្រោយខ្នងនៃការបាញ់សម្លាប់លោក អ៊ឹង ម៉េងជឺ។

សូមរំលឹកថា ក្រៅពីការចាប់ខ្លួន និងចោទប្រកាន់លើឪពុកម្តាយលោក ថោង សារ៉ាត់ នោះ អង្គរក្សផ្ទាល់​របស់​លោក(ថោ សារ៉ាត់) ក៏ត្រូវបានចាប់ខ្លួន និងឃុំខ្លួនពាក់ព័ន្ធនឹងឃាតកម្មលើលោក អ៊ឹង ម៉េងជឺ។ សៀង វាសនា , លី សៅ, មាស សម្បត្ដិ និងកុយ ចាន់ថុល អង្គរក្សទាំងបួននេះ ត្រូវបានចោទប្រកាន់ជាជនដៃដល់ និងជា​អ្នក​សកម្ម ក្នុងអំពើមនុស្សឃាតគិតទុកជាមុនកាលពីថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កណ្តាលរាជធានីភ្នំពេញ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...