ពលរដ្ឋ​ចោទ​រដ្ឋាភិបាល ថា​«ប្លន់»​ដី​រាស្រ្ត​មិន​ដែល​ខុស

ជិតមួយខែហើយចាប់តាំងពីថ្ងៃទី០៣ ខែឧសភា ប្រជាពលរដ្ឋប្រមាណជាងជាង៥០នាក់ ស្មើនឹង៥០គ្រួសារ​ពីខេត្ត​ក្រចេះ បាននាំគ្នាមកកាន់រាជធានីភ្នំពេញ ដើម្បីស្វែងរកការអន្តរាគម ពីរាជរដ្ឋាភិបាលកម្ពុជាជួយផ្តល់នូវ«យុត្តិធម៌» ដែលអាជ្ញាធរឃុំ ស្រុក និងខេត្តក្រចេះ ឃុបឃិតជាមួយមន្រ្តីពាក់ព័ន្ធ និងអ្នកមានលុយ មានអំណាច បានដុតបំផ្លាញ និងរឹបអូសយកដីលំនៅដ្ឋាន និងដីចំការនានា ទៅឲ្យក្រុមហ៊ុនវៀតណាម ដោយគ្មានដំណោះស្រាយ។
ពលរដ្ឋ​ចោទ​រដ្ឋាភិបាល ថា​«ប្លន់»​ដី​រាស្រ្ត​មិន​ដែល​ខុស
លោក ហ៊ុន សែន (រូបលើកដៃចង្អុល) នាយករដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់ នៃរដ្ឋាភិបាលកម្ពុជា។ (រូបថត Reuters)
Loading...
  • ដោយ: អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២៦ ឧសភា ២០១៤
  • កែប្រែចុងក្រោយ: May 26, 2014
  • ប្រធានបទ: ដីធ្លី
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

សិទ្ធិលំនៅដ្ឋាន - មកទល់ថ្ងៃទី២៧ ខែឧសភានេះ ប្រជាពលរដ្ឋទាំងអស់ បានកើនឡើង ប្រមាណជាង២៦០គ្រួសារ ស្មើនឹង២៦០នាក់ ដែលបានធ្វើចំណាក ស្រុក ព្រោះតែគ្មានដី និងលំនៅដ្ឋាន«ជ្រកកោណ»នោះ ព្រោះតែអាជ្ញាធរ និងក្រុមហ៊ុនវៀតណាម បានឈូសកំទេចផ្ទះ លំនៅដ្ឋាន និងដីចំការកាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៤។ ពួកគាត់​ក៏បាននាំគ្នា ឡើងមករាជធានីភ្នំពេញ និងបានស្នាក់នៅ ក្នុងវត្តសាមគ្គីរង្សី ព្រោះវត្តផ្សេងទៀត មិនទទួលពួកគាត់។

ប្រជាពលរដ្ឋទាំងនោះ បានថ្លែងប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ពួកគាត់នឹង«មិន»មានកន្លែងស្នាក់នៅទេ បើ​ព្រះចៅអធិការវត្តសាមគ្តីរង្ស៊ី មិនទទួលពួកគាត់ឲ្យស្នាក់នៅនោះ។ អ្នកទាំងនោះបានបន្តថា ព្រោះវត្តក្រៅពីនេះ គេ​មិនទទួលឲ្យស្នាក់នៅទេ មិនត្រឹមតែប៉ុណ្ណោះ ឲ្យតែលឺថាពួកកគាត់ជាអ្នករងគ្រោះ ព្រោះការបាត់បង់ដីធ្លី វត្តនានា​ក្នុងរាជធានីភ្នំពេញ គឺមិនទទួលឡើយ។ ដោយវត្តទាំងនោះចាត់ទុកថា ប្រជាពលរដ្ឋដែលរងគ្រោះទាំងនេះ ជាអ្នក​ឡើងមកដើម្បីតែធ្វើ«បាតុកម្ម» ដើម្បីប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលទៅវិញ។

លោកពូសុគន្ធ ដែលជាអ្នកតាមពីព្រឹត្តិការណ៍ ហេតុការណ៍ និងការអនុវត្តគោលនយោបាយជាយុត្តិសាស្រ្តចតុកោណ កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដោយរដ្ឋាភិបាលក្រោមការដឹកនាំរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងអាណត្តិទីប្រាំនេះ។ ក្រោយពីព្រឹត្តការណ៍នានាជាច្រើនពាក់ព័ន្ធនឹងការរំលោភការប្លន់«ដីរាស្រ្ត» ទៅឲ្យឈ្មួញ ឬមន្រ្តីមានអំណាចមួយចំនួននោះ តែងតែកើតឡើងជាបន្តបន្ទាប់នៅតាមទីប្រជុំជននានាទាំងក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។

លោកបានបង្ហាញពីមតិយោបល់ផ្ទាល់ខ្លួនប្រាប់ទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ប្រជាពលរដ្ឋទាំងអស់ដែលមានវត្តមានក្នុងការទាមទាដីលំនៅដ្ឋាន គ្មានអ្នកណាម្នាក់ចង់ឡើងមកទេ បើគ្មានការរំលោភបំពាន និងបើមានការដោះស្រាយឲ្យសន្តិវិធីនោះ។ លោកបង្ហាញពីការខកចិត្តចំពោះរដ្ឋាភិបាលសព្វថ្ងៃ ដែលបានធ្វើទុកបុកម្នេញទៅលើប្រជាពលរដ្ឋរបស់ខ្លួន ដោយយកដីទៅឲ្យក្រុមហ៊ុនយួន។ សម្មភាពនេះលោកបានឲ្យជានិយមន័យថា«ដេញខ្មែរ យកដីផ្ទះនឹងស្រែ ឲ្យទៅយួន ដើម្បីតែចង់ផ្គាប់ផ្គុនចិត្តអ្នកណាម្នាក់ ឬធ្វើតាមការបញ្ជារបស់អ្នកណាម្នាក់ដោយមិនហ៊ានជមទាស់។»

លើកឡើងប្រហែលគ្នានេះ ប្រជាពលរដ្ឋម្នាក់ដែលរងគ្រោះជាក់ស្តែងពីការឈូសកំទេចផ្ទះនោះបានលើកឡើងថា ក្រោយពីការកំទេចផ្ទះប្រជាពលរដ្ឋហើយមិនមានដំណោះស្រាយនោះ ប្រជាពលរដ្ឋបាននាំគ្នាធ្វើ«ញត្តិ» ដើម្បីថ្លែងពីទុក្ខលំបាករបស់ខ្លួនទៅដល់រាជរដ្ឋាភិបាល ជាមួយនឹងការស្វែងរកការអន្តរាគមន៍ផងដែរ។

កំពុងឈរកាន់បដា ដែលមានរូបភាពជាច្រើនបង្ហាញពីការឈូស ការកម្ទេចលំនៅដ្ឋាន លោកបានបន្តថា មិនត្រឹមតែមិនដោះស្រាយទេ រដ្ឋាភិបាលបែរជាចោទប្រកាន់ប្រជាពលរដ្ឋទាំងនោះថាជាជនដែល«ខុស»ច្បាប់ទៅវិញ ថែមទាំងចោទថាមានការប្រើអំពើហិង្សា។ លោកបានបន្តថា ក្នុងពេលដែលប្រជាពលរដ្ឋចង់ហែរក្បួនដាក់ញ្ញតិ កម្លាំងរដ្ឋាភិបាលប្រដាប់ដោយខែល ដំបង និងកាំភ្លើងជាដើម មករារាំង និងវាយប្រជាពលរដ្ឋដៃទទេបែរជាមិនខុសច្បាប់ទៅវិញ។ លោកថា៖ «ប្រជាពលរដ្ឋមកដៃទទេ ចោទថាធ្វើខុសច្បាប់ ប្រើអំពើហិង្សា។ ឯពួកគាត់មកស្ទាក់វាយ មានដំបង កាំភ្លើង ថាអត់មានប្រើអំពើហិង្សា និងអត់ខុសច្បាប់។ ពួកគាត់(អាជ្ញាធររាជរដ្ឋាភិបាល)ត្រូវរហូត ពួកខ្ញុំ(ប្រជាពលរដ្ឋ)ខុសរហូត។»

លោក ហូរ វ៉ាន់ តំណាងរាស្រ្ត មកពីគណបក្សសង្គ្រោះជាតិ បានលើកឡើង ក្នុងពេលជួបជុំប្រជាពលរដ្ឋ ក្នុងថ្ងៃទី២៧ ខែឧសភា នៅក្នុងវត្តសាមគ្គីរង្សីថា តើការឈូសឆាយដីផ្ទះសំបែង របស់ប្រជាពលរដ្ឋខ្មែរចោល និងដេញមិនឲ្យរស់នៅ លើដីរបស់ខ្លួននោះ ដោយក្រុមហ៊ុនវៀតណាម នៅក្នុងទឹកដីកម្ពុជានោះ តើសេចក្តីទុក្ខរបស់ប្រជាពលរដ្ឋខ្មែរ ដែលរងគ្រោះនោះ គ្រប់គ្រាន់ឬនៅ?។

លោកតំណាងរាស្ត្រ បានរំលឹកពីពាក្យរបស់អាជ្ញាធរ ដែលធ្លាប់លើកឡើងកន្លងមក យ៉ាងដូច្នេះថា៖ «មិនមានធ្វើបាប(ប្រជាពលរដ្ឋ)ទេ ដីនោះជាដីក្រុមហ៊ុន(វៀតណាម)។ (...) ខ្ញុំ(ហូរ វ៉ាន់) មិនដឹងទេ ខ្ញុំកើតមក ខ្ញុំដឹងថាដីនឹងដីខ្មែរ ដីរបស់ខ្មែរ ដីរបស់បងប្អូន។ បើក្រុមហ៊ុនចង់យក ទៅយកឯណាក៏យកទៅកុំមកយកដីប្រជាពលរដ្ឋខ្មែរ។ (...) យើង (រាជរដ្ឋាភិបាល) មានអំណាចតើ យើងមានសិទ្ធិតើ ទៅស៊ីញ៉េដីណា៥០០០ហិកតា ឲ្យក្រុមហ៊ុន ប៊ិញធឿកពីរនោះទៅ ហើយឲ្យដី២០០ហិកតា (របស់ពលរដ្ឋ) មកឲ្យបងប្អូនទៅ។ (វា)ចង្រៃយស្អី វាទាស់ខុសស្អី ដីនៅសល់ម៉ាគំនរ។ (...) បើដោះស្រាយមិនចេញ ដីម៉ាគនរ (អភិបាលខេត្តក្រចេះ) ចុះចេញទៅ!»

ចំពោះការហាមឃាត់ និងការបិទសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ក្នុងការសម្តែងមតិនោះ ត្រូវបានលោក ហូរ វ៉ាន់ ពន្យល់ថា៖ «គេ(ប្រជាពលរដ្ឋ) មិនមែនមកអំពាវនាវ ក្នុងវត្តទេ គេមកសម្តែងមតិ គេមកធ្វើបាតុកម្ម ដើម្បីយកដីរបស់គេវិញ។ បើមកសំរាកតែក្នុងវត្តដដែល មិនចាំបាច់មកទេ មកធ្វើអី?។ (...) គ្នាមកធ្វើការសម្តែងមតិ ដើម្បីឲ្យសាធារណៈជនឃើញ បើនៅតែក្នុងវត្តនោះ ឯណាសិទ្ធិប្រជាពលរដ្ឋ។ (...) សូមអាជ្ញាធរមើលរដ្ឋធម្មនុញ្ញឡើងវិញ តើសិទ្ធិប្រជាពលរដ្ឋ នៅកន្លែងណាខ្លះ? មានការបាត់បង់ហើយ មិនឲ្យធ្វើការតវ៉ា? វាមិនដែលមាន?»។

លោកបានធ្វើការឧបមាថា៖ «ឆ្កែកំពុងស៊ីបាយ ឥឡូវយើងទៅទាញបាយវាចេញ សួរថាតើឆ្កែវារករឿងយើងទេ? វារករឿង ព្រោះអាហ្នឹងវាចឹង។ ដីយើងកំពុងតែនៅ ហើយមកយកដីយើង សួថាយើងឈឺចាប់ទេ? យើឈឺចាប់!។ (...) អ្នកមករករារាំងត្រូវពិចារណាឲ្យស្រួលបួល ចាប់រដ្ឋធម្មនុញ្ញក៏ចែង ច្បាប់បាតុកម្មក៏ចែង សិទ្ធិមនុស្សក៏ចែង សិទ្ធិអន្តរជាតិក៏ចែង ហេតុអ្វីក៏បំបិទសិទ្ធិហ្នឹង?»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...