គណបក្ស«ឯកឧត្ដម»ថ្មីប្ដឹងសកម្មជនបក្សប្រឆាំង ទារ៦០០លាន
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 11, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បណ្ដឹងទារប្រាក់រយលាន បានកើតជាថ្មីទៀត... តែមិនមែនជាបណ្ដឹង ចេញពីកញ្ញា ធី សុវណ្ណាថា ឬរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន សែន ទេ។ វាជាបណ្ដឹង របស់គណបក្សយុវជនកម្ពុជា ដឹកនាំដោយលោក ពេជ្រ ស្រស់ ដែលទើបទទួលបានងារ «ឯកឧត្ដម» និងឋានៈស្មើ «ទេសរដ្ឋមន្ត្រី»។
បណ្ដឹងនេះ ដាក់ទៅកាន់សាលាដំបូងរាជធានី កាលពីថ្ងៃចន្ទម្សិលម៉ិញ ប្ដឹងប្រឆាំងសកម្មជនគណបក្សប្រឆាំងមួយរូប ឈ្មោះ អូន វ៉ាន់សាក់ ដែលកំពុងរស់នៅ ក្រៅប្រទេស បន្ទាប់ពីយុវជនរូបនេះ បានបង្ហោះសារ រិះគន់ងារ និងឋានៈថ្មីថ្មោង របស់លោក ពេជ្រ ស្រស់ នៅលើបណ្ដាញសង្គម។
ពាក្យបណ្ដឹង ដែលហៅប្រធានគណបក្សខ្លួនឯង ម្ដងជា «ឯកឧត្ដម ពេជ្រ ស្រស់» ម្ដងជា «លោកប្រធាន» និងដែលសរសេរពោរពេញ ដោយកំហុសអក្ខរាវិរុទ្ធ បានប្ដឹងយុវជន អូន វ៉ាន់សាក់ ឲ្យចូលខ្លួនមកបកស្រាយ ពីបទបរិហារកេរ្តិ៍ - ជេរប្រមាថជាសាធារណៈ - ញុះញង់ឲ្យមានការរើសអើង និងប្រព្រឹត្តិបទល្មើសជាអាទិ៍ រួមទាំងបទប្រមាថ ដល់ព្រះចេស្ដារព្រះមហាក្សត្រ។
គណបក្សយុវជនកម្ពុជា មិនបានសរសេរ ទាមទារឲ្យតុលាការផ្ដន្ទាទោស ចំពោះយុវជនសកម្មជនគណបក្សប្រឆាំងទេ តែគ្រាន់តែបានសរសេរ ឲ្យតុលាការចោទប្រកាន់ លើចុងបណ្ដឹង និងទាមទារសំណងជំងឺចិត្ត ពីចុងបណ្ដឹង ចំនួន៦០០លានរៀល។
កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ យុវជន អូន វ៉ាន់សាក់ បានចូលទៅសរសេរ ក្នុងផ្នែកដាក់មតិយោបល់ នៅលើទំព័រហ្វេសប៊ុក របស់លោក ពេជ្រ ស្រស់ ដូច្នេះថា៖ «អាចោរម្សៀត គ្មានភាពអៀនខ្មាសសោះ រាស្ដ្រមិនបានបោះឆ្នោតឲ្យផង បានឯកឧត្ដម ខ្មាសទាហានការពារព្រំដែន គាត់មានតំលៃណាស់»។
សំណេរនោះ ធ្វើឡើងនៅខាងក្រោមរូបភាព «គោរពជូនពរ និងអបអរសាទរ ដោយស្មោះអស់ពីដួងចិត្ត ជូនចំពោះឯកឧត្ដម ពេជ្រ ស្រស់ ក្នុងឱកាសដែល ឯកឧត្ដមត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា តែងតាំងជាសមាជិកឧត្ដមក្រុមប្រឹក្សាពិគ្រោះ និងផ្ដល់យោបល់ មានឋានៈស្មើ ទេសរដ្ឋមន្ត្រី» ដែលត្រូវបានលោក ពេជ្រ ស្រស់ ខ្លួនឯងបង្ហោះនៅលើបណ្ដាញសង្គម នៅមួយថ្ងៃ ក្រោយការតែងតាំងនោះ។
យុវជន អូន វ៉ាក់សាក់ បានការពារសំណេររបស់ខ្លួន ថាជាការសរសេរការពិត និងបានចំអកឲ្យលោក ពេជ្រ ស្រស់ បន្ថែមថា៖ «៦០០ លានរៀល! កុំភ័យអាស្រស់ បើតុលាការចាត់ការបណ្ដឹងហ្នឹងមែន លុយដុល្លារសែនចិនច្រើនណាស់ ដុតសែនឲ្យឯកឧត្ដម ពងស្រស់»៕