ឧត្ដមស្នងការ​សិទ្ធិមនុស្ស អ.ស.ប ថ្មី បរិហារ​ពី​ការ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

នៅក្នុង​សុន្ទរកថា​បើក​សម័យប្រជុំ លើកទី ៣៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ (អ.ស.ប) ក្នុងថ្ងៃចន្ទ ទី១០ ខែកញ្ញានេះ ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស អ្នកស្រី មីសែល បាឆែលលែត (Michelle Bachelet) បានបរិហារ ពីការធ្លាក់ចុះធ្ងន់ធ្ងរ នៃសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ នៅក្នុងប្រទេសកម្ពុជា និងទាមទារឲ្យដោះលែង និងទម្លាក់ចោល នូវរាល់ការចោទប្រកាន់ទាំងអស់ ទៅលើអ្នកទោសមនសិការ។
ឧត្ដមស្នងការ​សិទ្ធិមនុស្ស អ.ស.ប ថ្មី បរិហារ​ពី​ការ​ធ្លាក់ចុះ​ធ្ងន់ធ្ងរ នៃ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា
អ្នកស្រី មីសែល បាឆែលលែត (Michelle Bachelet) ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស។ (រូបថត UN)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១០ កញ្ញា ២០១៨
  • កែប្រែចុងក្រោយ: September 11, 2018
  • ប្រធានបទ: នយោបាយ​ខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ដូចបានគ្រោងទុក នៅក្នុងរបៀបវារៈរបស់ខ្លួន សម័យប្រជុំលើកទី ៣៩ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស របស់អង្គការសហប្រជាជាតិ (អ.ស.ប) ដែលចាប់ផ្ដើមដំណើរការ នៅព្រឹកថ្ងៃចន្ទ ទី១០ ខែកញ្ញានេះ រហូតដល់ថ្ងៃទី២៨ ខែកញ្ញាខាងមុខ នឹងមានការជជែកពិភាក្សា ពីបញ្ហាសិទ្ធិមនុស្ស នៅក្នុងប្រទេសកម្ពុជា។ ហើយវាក៏ជាអ្វី ដែលមាន នៅក្នុងសុន្ទរកថាបើក របស់អ្នកស្រី មីសែល បាឆែលលែត (Michelle Bachelet) ឧត្តមស្នងការ អ.ស.ប ទទួលបន្ទុកសិទ្ធិមនុស្ស នោះដែរ។

ជាមួយនឹងការថ្លែងស្វាគមន៍ ចំពោះការដោះលែង អ្នកការពារសិទិ្ធមនុស្ស អ្នកកាសែត និងសមាជិកគណបក្សប្រឆាំងច្រើននាក់ ដែលរួមមានលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលទើបត្រូវបាន​ដោះលែង ឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីព្រឹកទៀបភ្លឺ ថ្ងៃចន្ទទី១០ ខែកញ្ញានេះ ឧត្តមស្នងការ អ.ស.ប នៅបានទទួលស្គាល់ ពីភាពជឿនលឿនទៅមុខ នៃការកាត់បន្ថយភាពក្រីក្រ ប្រាក់ឈ្នួលអប្បបរិមា និងកិច្ចគាំពារសង្គមជាមូលដ្ឋាន នៅក្នុងប្រទេសផងទៀត។

ប៉ុន្តែអ្នកស្រី មីសែល បាឆែលលែត បានសង្កត់ធ្ងន់ថា នៅក្នុងពេលជាមួយគ្នា ក៏មានការធ្លាក់ចុះធ្ងន់ធ្ងរ ផ្នែកសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ​ ដែលជាការគម្រាមកំហែង ដ៏ខ្លាំង ទៅដល់ភាពជឿនលឿនទាំងនេះ។ អ្នកស្រី បានពន្យល់ថា៖ «ការបោះឆ្នោត នាពេលថ្មីៗនេះ បានធ្វើឡើង នៅពេលដែលមាន ការបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងការរំលាយគណបក្សប្រឆាំង ដែលបានដកហូតសិទ្ធិពលរដ្ឋជាច្រើន ក្នុងការជ្រើសរើសអ្នកតំណាងរបស់ខ្លួន»។

ដោះលែង និងទម្លាក់ចោល ការចោទប្រកាន់ទាំងអស់...

ឧត្តមស្នងការ អ.ស.ប បានថ្លែងបញ្ជាក់ទៀតថា រដ្ឋាភិបាលកម្ពុជាគួរតែដោះលែង និងទម្លាក់ការចោទប្រកាន់ ទៅលើអ្នកនយោបាយទាំងអស់ អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋសាមញ្ញទាំងឡាយណា ដែលត្រូវបានចាប់ខ្លួន ឬផ្តន្ទាទោស ដោយសារតែពួកគេអនុវត្តសិទ្ធិមនុស្ស របស់ខ្លួន។

អ្នកស្រីថា ការអភិវឌ្ឍប្រកបដោយចិរភាព តម្រូវឲ្យអាជ្ញាធរ ត្រូវការពារ និងពង្រីកលំហរ សម្រាប់អង្គការសង្គមស៊ីវិល ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកនយោបាយ មកពីគណបក្សប្រឆាំង សម្រាប់បរិយាកាស នៃការជជែកដេញដោល ដែលនឹងអនុញ្ញាត ឲ្យពលរដ្ឋកម្ពុជាទាំងអស់ មានសម្លេងចូលរួម រួមទាំងអ្នករិះគន់រដ្ឋាភិបាលផង។

អ្នកស្រី មីសែល បាឆែលលែត អតីតប្រធានាធិបតី នៃប្រទេសឈីលី ត្រូវបានជាប់ឆ្នោត និងជ្រើសតាំង ឲ្យក្លាយជាឧត្ដមស្នងការ អ.ស.ប ថ្មី ទទួលបន្ទុកសិទ្ធិមនុស្ស ចាប់ពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ ២០២២។ អ្នកស្រី បានស្នងតំណែង ជាឧត្ដមស្នងការ អ.ស.ប បន្តពីព្រះអង្គម្ចាស់ ហ្សេដ រ៉ាអាដ អាលហ៊ូសេន (Zeid Ra'ad Zeid Al-Hussein) ឧត្ដមស្នងការមុន ដែលបានបញ្ចប់អាណត្តិ របស់ព្រះអង្គ ក្នុងឆ្នាំ២០១៨នេះរួចសព្វគ្រប់៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...