«នែ... បងឯងចង់យ៉ាងម៉ិចហ្នឹង? ខ្ញុំតំណាងរាស្រ្ត!» (vdo)
- ដោយ: អ៊ុម វ៉ារី អត្ថបទ ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ស្រ៊ុន ទិត្យ -ភ្នំពេញថ្ងៃទី២ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 02, 2015
- ប្រធានបទ: សិទ្ធតំណាងរាស្ត្រ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងថ្ងៃទី១ ខែកក្កដាម្សិលម៉ិញ លោក អ៊ុំ សំអាន តំណាងរាស្រ្តមកពីគណបក្សប្រឆាំង ត្រូវបានលោក ឈាង វុន ប្រធាន គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន មកពីគណបក្សប្រជាជនកម្ពុជា បណ្តេញចេញពីបរិវេណរដ្ឋសភាជាតិ ដោយមិនអនុញ្ញាត ឲ្យឆ្លើយនឹងសំនួរ របស់អ្នកសារព័ត៌មានឡើយ បន្ទាប់ពីលោក បានបញ្ចប់កិច្ចប្រជុំពិភាកក្សា របស់គណកម្មការទី៣នៃរដ្ឋសភា ពីបញ្ហាសេចក្តីព្រាងច្បាប់ ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាលរួចមក។
នៅព្រឹកថ្ងៃទី២ ខែកក្កដានេះទៀត លោកតំណាងរាស្ត្រដដែល ក៏ត្រូវបានសន្តិសុខ របស់ទីស្តីការគណៈរដ្ឋមន្រ្តី បណ្តេញចេញពីបរិវេននេះដូចគ្នា បន្ទាប់ពីសន្និសីទសារព័ត៌មាន របស់លោក វ៉ា គឹមហុង ស្តីពីបញ្ហាព្រំដែនកម្ពុជា-វៀតណាម ត្រូវបានបញ្ចប់។ ប៉ុន្តែនៅព្រឹកនេះ មិនមែនមានតែលោក អ៊ុំ សំអាន តំណាងរាស្រ្តមណ្ឌលសៀមរាប តែម្នាក់ទេ តែនៅមានលោក រៀល ខេមរិន្ទ្រ តំណាងរាស្ត្រ មកពីគណបក្សសង្គ្រោះជាតិម្នាក់ទៀត ក៏ត្រូវបានសន្តិសុខ របស់ទីស្តីការគណរដ្ឋមន្រ្តី បណ្តេញចេញ ដោយមិនអនុញ្ញាត ឲ្យឆ្លើយនឹងសំនួរភ្លាមៗ របស់អ្នកសារព័ត៌មាន ក្នុងបរិវេណទីស្តីការដែរ។
បុរសម្នាក់ ក្នុងសំលៀកបំពាក់ស៊ីវិល មាឌធំដំបង បានចូលពីក្រោយ ហើយដើរទៅឈរមុខ លោក អ៊ុំ សំអាន ដោយបាននិយាយថា៖ «បងៗ សុំទោសបងៗ ការងារខ្ញុំ សូមចប់ត្រឹមហ្នឹង»។ លោក អ៊ុំ សំអាន បានឆ្លើយតបថា៖ «នែ បងឯងចង់យ៉ាងម៉ិចហ្នឹង ខ្ញុំតំណាងរាស្រ្ត បងសាកប៉ះខ្ញុំលមើល!»។ បុរសនោះបាននិយាយទៀតថា «ខ្ញុំមានប៉ះបងេងឯណា?»។
ការចូលមកធ្វើអន្តរាគមន៍ របស់បុរសមាឌធំនោះ បានធ្វើឡើងនៅបន្ទាប់ពី លោកអ៊ុំ សំអាន បានលើកឡើង ទៅកាន់អ្នកសារព័ត៌មានថា ផែនទីដែលបង្ហាញដោយលោក វ៉ា គឹមហុង នោះ ជាផែនទីដែលគូសវាស ដោយប្រទេសវៀតណាម មិនមែនជាផែនទី ដែលបានដំកល់ទុក នៅប្រទេសបារាំងឡើយ។ នៅចំពោះបំណងរារាំង របស់បុរសនោះ លោក អ៊ុំ សំអាន មិនព្រមបញ្ឈប់ការបកស្រោយ ទៅដល់អ្នកសារព័ត៌មានឡើយ លោកនៅតែព្យាយាម ពន្យល់តទៅទៀត ហើយក្រុមមនុស្ស ដែលគេសា្គល់ថា ជាសន្តិសុខនោះ ក៏បានព្យាយាម មកបំបែកអ្នកសារព័ត៌មានវិញម្ដង។
យ៉ាងណាក៏ដោយ ក្នុងការដេញអ្នកតំណាងរាស្រ្តនោះ លោក ទិត្យ សុធា អ្នកនាំពាក្យទីស្តីការគណរដ្ឋមន្រ្តី មិនបាននិយាយអ្វីឡើយ ក្រៅពីពាក្យសុំអធ្យាស្រ័យ ពីអ្នកសារព័ត៌មាន ហើយដេញអ្នកសារព័ត៌មាន ចេញក្រៅទាំងអស់តែម្តង។
លោកតំណាងរាស្ត្រ អ៊ុំ សំអាន ត្រូវបានគេស្គាល់ថា ជាតំណាងរាស្រ្ត ដែលសកម្មក្នុងការឈ្មូសឈ្មុល ជីកគាស់កកាយ បញ្ហាព្រំដែនរវាងប្រទេសកម្ពុជា-វៀតណាម ដែលសង្ស័យថា បានបាត់បង់ ព្រោះតែការរំកិលចូល ដោយប្រទេសក្បែរខាងមួយនេះ។ លោកបានដឹកនាំកម្លាំងយុវជន ចុះទៅអង្កេតបញ្ហាព្រំដែន ជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៥ នេះ អំពើហិង្សាមួយ បានផ្ទុះឡើង រវាងពលរដ្ឋកម្ពុជា ដែលចុះទៅមើលព្រំដែន ក្នុងខេត្តស្វាយរៀង ជាមួយនឹងពលរដ្ឋ និងទាហានវៀតណាម បង្កឲ្យភាគីទាំងពីរ មានរបួសរៀងៗខ្លួន៕
» សូមចូលរួមទស្សនាវីដេអូ ដូចខាងក្រោម៖