ហោ ណាំហុង អាចទទួលញត្តិបន្ទោសពីសភា រឿងព្រំដែននៅឃុំជាំ
- ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) -ភ្នំពេញថ្ងៃទី២២ ឧសភា ២០១៥
- កែប្រែចុងក្រោយ: May 23, 2015
- ប្រធានបទ: ព្រំដែន
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តំណាងរាស្រ្ត មកពីគណបក្សសម្លេងភាគតិច ក្នុងរដ្ឋសភា លោក ម៉ៅ មុនីវណ្ណ បានធ្វើការអះអាងថា បើទោះជាតំណាងរាស្រ្ត គណបក្សសង្គ្រោះជាតិ ក្នុងរដ្ឋសភាខ្វះសម្លេង ត្រឹមតែប្រាំពីរនាក់ក៏ដោយ តែសមាជិកតំណាងរាស្រ្ត គណបក្សកាន់អំណាច ដែលនឹងមើលឃើញដែរថា ពិតជាមានការបាត់បង់ទឹកដី ឬការបកស្រាយនោះ ខុសពិការពិត ហើយអាចនឹង«គាំទ្រ» ក្នុងការស្នើញ្ញត្តិបន្ទោស ដកសេចក្តីទុកចិត្តបាន។
ការថ្លែងរបស់លោកតំណាងរាស្ត្ររូបនេះ បន្ទាប់ពីលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងក្នុងកម្មវិធីតុមូល របស់ទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី២១ ខែឧសភា ម្សិលម៉ិញនេះថា ការឆ្លើយតបលិខិត ទៅតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិ រឿងព្រំដែនកម្ពុជា-វៀតណាមនៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នោះ មិនមែនជាការធ្វើឡើង ដោយ«អត្តនោម័ត»របស់លោក តែម្នាក់នោះទេ។ លោក ណាំហុង ថែមទាំងបានអះអាង នៅក្នុងកម្មវិធីនោះថា អ្វីដែលលោកបានឆ្លើយតបនោះ ក៏យោងតាមមាត្រាពីរ នៃរដ្ឋធម្មនុញ្ញនោះដែរ។ លោកបានទទួលស្គាល់ថា៖ «ការការពារព្រំដែនកម្ពុជា បូរណភាពទឹកដីកម្ពុជា មិនមែនជាសិទ្ធិផ្តាច់មុខរបស់បុគ្គលណាមួយ ឬគណបក្សណាមួយទេ»។
ឆ្លើយតបនឹងការអះអាងខាងលើ ក្នុង លោក ម៉ៅ មុនីវណ្ណ តំណាងរាស្រ្តខេត្តត្បូងឃ្មុំ បានបញ្ជាក់ ក្នុងកិច្ចសម្ភាស ជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូ ក្នុងថ្ងៃទី២២ ខែឧសភានេះ បានបង្ហាញថា លោកចង់ឲ្យមានការបង្ហាញ នូវការពិត តាមរយៈការលាតត្រដាង នូវឯកសារ ដែលតំណាងរដ្ឋាភិបាល បានយកមកធ្វើ ជាគោលការណ៍គ្រឹះ ក្នុងការកំណត់ថា «ពលរដ្ឋកម្ពុជា ពិតជាបានបំពានលើដី របស់វៀតណាម»។
តំណាងរាស្រ្តមណ្ឌលកំពង់ចាមរូបនេះ បានពន្យល់ថា រាល់ការបកស្រាយ ឬដោះសារ វាមិនមែនជាមូលដ្ឋាន ក្នុងការបញ្ជាក់ «ការពិត»នោះឡើយ។ តែអ្វីដែលលោកចង់បាន ក៏ដូចជាប្រជាពលរដ្ឋទូទៅ ចង់ដឹងនោះ គឺលោក ហោ ណាំហុង ត្រូវតែបង្ហាញនូវផែនទី ជាមូលដ្ឋានមួយលើមួយរយពាន់ (ផែនទីខ្នាត ១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣) ដែលខ្លួនកំពុងអះអាងថា ជាខ្នាតគោល ក្នុងការរៀបចំ ឲ្យមានការបោះបង្គោលព្រំដែន កំណត់ដោយឥណ្ឌូចិន និងកំពុងដំកល់ទុក នៅអង្គការសហប្រជាជាតិ មកធ្វើការបង្ហាញជាសាធារណៈ។
លោក ម៉ៅ មុន្នីវណ្ណ បានថ្លែងឲ្យដឹងទៀតថា៖ «បើគាត់(ហោ ណាំហុង) ប្រើផែនទីណ្នឹងមែន មូលដ្ឋានណ្នឹងមែន ឲ្យគាត់បង្ហាញមក បង្ហាញផែនទីនោះ ជាសាធារណៈមក។ (...) ហើយយើងយក និយាមការពិតប្រាកដ ទៅដាក់លើផែនទីនោះទៅ ឃើញហើយ ឃើញថា តើចំណុចព្រំដែនហ្នឹង វាអនុលោមទៅតាមផែនទី ដែលដំកល់នៅអង្គការសហប្រជាជាតិមែន ឬមិនមែន។»
លោកបន្តថា តែរាល់ការអះអាង របស់លោក ហោ ណាំហុង ឬលោក វ៉ា គឹមហុង មិនដែលបានឃើញបង្ហាញ នូវផែនទីនោះ ជាសាធារណៈនៅឡើយទេ ក្រៅពីការលើកឡើង ដោយមាត់ទទេនោះ។ លោកក៏បាននាំពាក្យរបស់ លោក ហោ ណាំហុង ដែលបានលើក ក្នុងកិច្ចពិភាក្សាតុមូលម្សិលម៉ិញនេះថា ធម្មតាផែនទីមានតែមួយប៉ុណ្ណោះ ក្នុងការកំណត់បោះបង្គោលព្រំដែននោះ។
ក្នុងនាមលោក ជាតំណាងឲ្យប្រជាពលរដ្ឋ លោក មុន្នីវណ្ណ បានថ្លែងទៀតថា៖ «ក្នុងផែនទីនោះ វាមានលេខសំគាល់ផែនទីតើ! បើសិនជាផែនទី ដែលគាត់ (លោក ហោ ណាំហុង) អះអាង ប្រាកដជាផែនទី មួយលើមួយរយពាន់ ដែលតំកល់ទុក នៅអង្គការសហប្រជាជាតិ ឬប្រទេសបារាំង។ (...) ផែនទីតែមួយ ចឹងវាគ្មានចំណុចណាមួយ ខុសពីមួយទេ នៃបង្គោលព្រំដែនហ្នឹង។ បើត្រូវនឹងនិយាមការណ៍ នោះវាចប់ហើយ។ កន្លងមក រដ្ឋាភិបាលអះអាងថា ប្រើប្រាស់ផែនទី មួយលើមួយរយពាន់ តែមិនដែលបានបង្ហាញ ពីផែនទីហ្នឹងទេ។»
ទោះយ៉ាងនេះក្តី ក៏ក្នុងកិច្ចពិភាក្សាតុមូល របស់មន្រ្តីជាន់ខ្ពស់ របស់រាជរដ្ឋាភិបាល លោក ហោ ណាំហុង នៅតែបង្ហាញថា សន្ធិសញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ដែលមានលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាម្ចាស់ហត្ថលេខីនោះ មិនបានធ្វើឲ្យបាត់បង់ទឹកដីកម្ពុជាទេ។ លោករដ្ឋមន្ត្រីការបរទេស បានសំអាងថា កម្ពុជាបានគោរពតាមផែនទីខ្នាត ១/១០០០០០ ក្នុងការកំណត់បោះបង្គោល លេខ៩៤ និង៩៥ ទៅតាមខ្សែព្រំដែនជាក់ស្តែង ដែលប្រជាពលរដ្ឋកម្ពុជា បានកំពុងកាន់កាប់ ស្របតាមកិច្ចព្រមព្រៀងឆ្នាំ២០១១។ លោក នៅតែបង្ហាញការការពារ លើលិខិតរបស់លោក ដែលបានសរសេរថា៖ «ថ្មីៗនេះក្នុងឆ្នាំ២០១៥ ពលរដ្ឋយើង បានដាំដំណាំចូលដីវៀតណាម ចំនួន១៦,៦ហិកតាថែមទៀត ដែលនាំឲ្យវៀតណាម មានប្រតិកម្មបាញ់ថ្នាំពុល លើដីដំណាំកសិករយើង»៕