មេ​បក្ស​សង្រ្គោះ​ជាតិ ត្រូវ​ហាម​ឃាត់​មិន​ឲ្យ​មើល​ព្រំដែន

បន្ទាប់ពីចុះជួបអ្នកគាំទ្រនៅស្រុកកោះធំ ខេត្តកណ្តាលមក លោកសម រង្ស៊ី ជាប្រធាន និងលោកកឹម សុខា ជាអនុ​ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានបន្តដំណើរទៅពិនិត្យមើល​ព្រំដែនកម្ពុជាជាប់​ព្រំដែន​វៀតណាម លើទឹកដីខេត្តកណ្តាល តែដំណើរចុះទៅត្រួតពិនិត្យនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ដែលឈរជើង នៅតំបន់នោះ ហាមឃាត់មិនឲ្យចូលត្រួតពិនិត្យ ក្រោមហេតុផលថាគ្មានគោលការណ៍ ពីថ្នាក់លើ។
Loading...
  • ដោយ: សុខ ចាន់
  • កែប្រែចុងក្រោយ: May 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីចុះជួបអ្នកគាំទ្រនៅស្រុកកោះធំ ខេត្តកណ្តាលមក លោកសម រង្ស៊ី ជាប្រធាន និងលោកកឹម សុខា ជាអនុ​ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់ បានបន្តដំណើរទៅពិនិត្យមើល​ព្រំដែនកម្ពុជាជាប់​ព្រំដែន​វៀតណាម លើទឹកដីខេត្តកណ្តាល តែដំណើរចុះទៅត្រួតពិនិត្យនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកម្ពុជា ដែលឈរជើង នៅតំបន់នោះ ហាមឃាត់មិនឲ្យចូលត្រួតពិនិត្យ ក្រោមហេតុផលថាគ្មានគោលការណ៍ ពីថ្នាក់លើ។


លោក សម រង្ស៊ី នៅក្នុងដំណើរតាមដងទន្លេ ទៅមើលបង្គោលព្រំដែនកម្ពុជាវៀតណាម។ (រូបថតផ្តិតពីវីដេអូ)

សិទ្ធិ - «មានន័យថា មានលាក់លៀមអ្វីមិនល្អនៅក្នុងហើយ បានជាមិនឲ្យពួកយើងចូលទៅមើល។ ប្រសិនបើនៅ​ក្នុងហ្នឹងគ្មានអ្វីអាក្រក់ គឺអត់ខ្លាចឲ្យយើងទៅឃើញទេ។ អញ្ចឹងមានន័យថា មានអ្វីអាក្រក់នៅក្នុងហ្នឹង»។ នេះជាការ​បញ្ជាក់នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ របស់លោកកឹម សុខា ដល់អ្នកសារព័ត៌មាន នៅខេត្តកណ្តាល ជាប់ព្រំដែន​វៀតណាម ក្រោយការបដិសេធ មិនឲ្យចូលពិនិត្យព្រំដែន ដោយកម្លាំងសមត្ថកិច្ចកម្ពុជា។

ការហាមឃាត់មិនឲ្យទៅមើលព្រំដែន តាមដីគោកនេះ បានធ្វើឲ្យលោក សម រង្ស៊ី ធ្វើការផ្លាស់ប្ដូរចេញដំណើរទៅ​មើលព្រំដែនខាងផ្លូវទឹកវិញ។ ប្រធានគណបក្សប្រឆាំងរូបនេះ បានថ្លែងថា «គេមិនឲ្យខ្ញុំទៅមើលព្រំដែន ខាងដីគោក (អញ្ចឹង) ខ្ញុំទៅខាងទន្លេ»។

កងកម្លាំងសមត្ថកិច្ចជាច្រើននាក់ ដែលបានបដិសេធ ចំពោះការទទូចចូលទៅពិនិត្យព្រំដែន របស់ក្រុមមេដឹកនាំ​គណបក្សសង្រ្គោះជាតិបានអះអាងថា មានតែប្រជាពលរដ្ឋដែលរស់នៅតាមបន្ទាត់ព្រំដែន ឬរស់នៅជាប់តំបន់បន្ទាត់ ព្រំដែនទើបមានសិទ្ធិឆ្លងកាត់តំបន់ត្រួតពិនិត្យ ទៅមើលព្រំដែន ដោយឡែកអ្នកផ្សេងនេះ បើចង់មើលព្រំដែន ចាំបាច់​ត្រូវមានលិខិតស្នាម ឬត្រូវមានគោលការណ៍ពីថ្នាក់លើ។

តែការអះអាងរបស់ក្រុមសមត្ថកិច្ចព្រំដែនទាំងនោះ ត្រូវបានលោកកឹម សុខា បញ្ជាក់ថា៖ «អាជ្ញាធរដែលគ្រប់គ្រង​ដោយរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតឲ្យយើងចុះពិនិត្យព្រំដែនខ្មែរយួនមានន័យថា គណបក្ស​ប្រជាជន​កំពុងតែលាក់លៀម អំពើអាក្រក់របស់ខ្លួន»។ អនុប្រធានគណបក្សជំទាស់រូបនេះ ក៏បានសម្តែងការ​សោក​ស្តាយ នៅពេលដែលពួកគេជាអ្នកនយោបាយ តែបែជាគ្មានសិទ្ធិទៅមើលព្រំដែនលើទឹកដីកម្ពុជា ដូចតាមទម្លាប់​ដែល​ពលរដ្ឋកម្ពុជា ធ្លាប់ទៅមើលដល់កន្លែង ព្រំដែនកម្ពុជា និងវៀតណាម។

ភ្លាមៗទស្សនាវដ្តីមនោរម្យ.អាំងហ្វូមិនទាន់អាចទាក់ទងមន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាល និងមន្រ្តីគណបក្ស​ប្រជាជន​កម្ពុជា ដើម្បីធ្វើការអត្ថាធិប្បាយ បានទេ។ តែលោកជាម យៀប មន្រ្តីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា កន្លងមក​ធ្លាប់រិះគន់គណបក្សសង្រ្គោះជាតិ ថាជាឈ្មួញបាតុកម្ម និងចាំតែរិះគន់រដ្ឋាភិបាល ហើយមិនបានរួមចំណែក​អភិវឌ្ឍន៍ប្រទេសកម្ពុជានោះទេ៕

វីដេអូចុះមើលព្រំដែន ដែលលោក សម រង្ស៊ី ចុះផ្សាយក្នុងហ្វេសប៊ុករបស់លោក៖

-----------------------------------------------
ដោយ ក.ចាន់នីតា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...