មន្រ្តី​សិទ្ធិ​មនុស្ស​អ.ស.ប. គ្រោង​ជួប វន់ ពៅ នៅ​ពន្ធនាគារ​ព្រៃ​ស

បើគ្មានអ្វីប្រែប្រួល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នេះ ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹងចុះទៅទស្សនកិច្ចពន្ធនាគារព្រៃស ជួបលោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកជាប់ឃុំផ្សេងទៀត។
Loading...
  • ដោយ: អ៊ុំ បូរី
  • កែប្រែចុងក្រោយ: May 02, 2014
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បើគ្មានអ្វីប្រែប្រួល នៅថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នេះ ឧត្តមស្នងការរងផ្នែកសិទ្ធិមនុស្ស អង្គការ​សហប្រជាជាតិ លោកស្រី ហ្វ្លាវា ផាន់សៀរី (Flavia Pansieri) នឹងចុះទៅពន្ធនាគារព្រៃស ជួបលោក វន់ ពៅ ប្រធាន​សមាគម​ប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងអ្នកជាប់ឃុំផ្សេងទៀត។


លោកស្រី ហ្វ្លាវា ផាន់សៀរី និងលោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសខ្មែរ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៤ ក្នុង​ទីស្ដីការក្រសួង។ (រូបថត Siv Channa)

សិទ្ធិ - «អ្វីដែលខ្ញុំបានដឹងច្បាស់ ពីមន្រ្តីអង្គការសហប្រជាជាតិ គឺថាគាត់នឹងចូលជួបលោកវន់ ពៅ នៅពន្ធនាគារ​ព្រៃសរនៅព្រឹកនេះ»។ នេះជាការបញ្ជាក់របស់លោកស្រី បា្រក់ សុវណ្ណារី ជាភរិយាលោកវន់ ពៅ ដល់​ទស្សនាវដ្តី​ មនោរម្យ.អាំងហ្វូ នៅព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៤ នេះ។

លោកស្រីបា្រក់ សុវណ្ណារី ក៏បានសម្តែងការរំពឹងទុកដែរថា វត្តមានឧត្តមស្នងការរង ផ្នែកសិទ្ធិមនុស្ស របស់​អង្គការ​សហប្រជាជាតិនៅកម្ពុជា លោកស្រី ហ្វ្លាវា ផាន់សៀរី ក្នុងការចុះទៅពន្ធនាគារព្រៃស ដើម្បីជួបលោក វន់ ពៅ នៅ​ពេលនេះ ទំនងជា​ការរួមចំណែកផ្តល់យុត្តិធម៌ដល់លោកវន់ ពៅ និងអ្នកជាប់ឃុំផ្សេងទៀត តាមរយៈការដាក់សម្ពាធ​ដល់តុលាការ​កម្ពុជា ពិចារណាឡើងវិញ ចំពោះសំណុំរឿងដ៏រសើបនេះ។

បើទោះជាមានគណបក្សជំទាស់ អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ បានអះអាងថាលោកវន់ ពៅ និងជនទាំង​២២នាក់ គ្មានទោស និងទទូចដល់តុលាការឲ្យដោះលែងលោកវន់ ពៅ និងជនទាំង២២នាក់ជាបន្តបន្ទាប់ ក៏ដោយ ក៏សមត្ថកិច្ច និងតុលាការកម្ពុជាដែលផ្អែកលើសំអាងច្បាប់ និងភស្តុតាងរបស់ខ្លួន នៅតែបន្តឃុំខ្លួនលោកវន់ ពៅ និង​ជនជាប់ឃុំទាំងនោះនៅឡើយ ហើយបានផ្តើម បើកសវនាការ កាលពីព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៤។

កន្លងមកគណបក្សសង្រ្គោះជាតិ ដែលជាគណបក្សជំទាស់បានអះអាងថា គណបក្សខ្លួននឹងលើក​យកករណី​លោក វន់ ពៅ និងជនជាប់ឃុំផ្សេងទៀត ទៅជជែកជាមួយគណបក្សប្រជាជនកម្ពុជា មុននឹងឈានទៅចរចាផ្នែកនយោបាយ ដើម្បីសម្រេចថាត្រូវចូលរួមរដ្ឋសភានីតិកាលទី៥នេះឬយ៉ាងណា។ តែការលើកឡើងរបស់គណបក្ស​សង្រ្គោះជាតិ​នៅ​គ្រានោះ ត្រូវបានលោក ជាម យៀប មន្រ្តីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជា លើកឡើងថា អ្វីគ្រប់យ៉ាងគឺ​អាស្រ័យ​លើច្បាប់ និងឆន្ទានុសិទ្ធ របស់ចៅក្រម។

គួរកត់សម្គាល់ថា លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកម្មករ២២នាក់​ផ្សេងទៀត ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់ខ្លួន ក្នុងហេតុការណ៍ប៉ះទង្គិចគ្នារវាងកម្មករ និងកម្លាំងសមត្ថកិច្ចចម្រុះ នៅពេលដែលកម្មករធ្វើបាតុកម្មទាមទារដំឡើងប្រាក់ឈ្នួលគោលដល់កម្មករ ១៦០ដុល្លារ កាលពីដើមខែមករា ឆ្នាំ​២០១៤ នៅមុខរោងចក្រយ៉ាកជីង និងសួនឧស្សាហកម្មកាណាឌីយ៉ា ផ្លូវវ៉េងស្រេង៕

-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី០២ ឧសភា ២០១៤

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...