ជនម្នាក់ជិះរទេះអ្នកពិការ មកប្លន់ធនាគារនៅក្រុងញ៉ូយក
- ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី០២ កក្កដា ២០១៥
- កែប្រែចុងក្រោយ: July 02, 2015
- ប្រធានបទ: ប្លន់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បុរសម្នាក់ ដែលមានអាយុ ប្រមាណជាង ២០ឆ្នាំ បានចូលទៅប្លន់ធនាគារ សេនតេនដ័រ កណ្ដាលក្រុងញ៉ូយក សហរដ្ឋអាមេរិក ដោយជិះយាន្ដមួយដ៏ទំនើប៖ រទេះជនពិការ។ បន្ទាប់ពីជិះរទេះជនពិការ ចូលមកក្នុងធនាគារ ជននេះ បានចូលទៅក្បែរ បុគ្គលិកធនាគារម្នាក់ មុននឹងគម្រាមឲ្យបុគ្គលិកនោះ ថាខ្លួនមានអាវុធ និងស្នើឲ្យប្រគល់ប្រាក់មកខ្លួន។ ក្រោយពីទទួលបានប្រាក់ ១២០០ដុល្លារ (ត្រូវជា១១អ៊ឺរ៉ូ) ពីបុគ្គលិកនោះរួច ជនដ៏ចម្លែក បានជិះរទេះរបស់ខ្លួន គេចចេញពីធនាគារ ដោយសុវត្ថិភាព។
នៅក្នុងវីដេអូខាងលើ ដែលត្រូវបានបង្ហោះចេញ ដោយនគរបាលក្រុងញ៉ូយក ដើម្បីស្វែងរកចាប់ខ្លួននោះ គេឃើញជននេះ បានជិះរទេះរបស់ខ្លួន កាត់ពីមុខហាងទំនិញមួយ ដែលនៅក្បែរនឹងធនាគារ។
នៅក្នុងរូបភាព ដែលចាប់បានដោយកាម៉េរ៉ាសុវត្ថិភាព របស់ធនាគារ ក៏មិនបានបង្ហាញឲ្យឃើញដែរថា ចោរប្លន់ម្នាក់នេះ មានប្រដាប់ដោយអាវុធ ឬដកអាវុធចេញមកនោះទេ។ តែល្បឿននៃការបញ្ជារទេះ ក្នុងការគេចខ្លួន មានលក្ខណៈលឿនគួរឲ្យកត់សម្គាល់។ អាចនិយាយថា លឿនជាងល្បឿនឧទ្ធម្ភាគចក្រ របស់កងកម្លាំងនគរបាល ដែលបានមកដល់ ក្រោយហេតុការណ៍នេះ តែបន្តិចផង។
ការប្លន់ធនាគារ ដោយជិះរទេះនេះ មិនមែនជាលើកទីមួយទេ។ កាលពីឆ្នាំ២០១០ បុរសម្នាក់អាយុជាង៦០ឆ្នាំ ត្រូវបានចាប់ខ្លួន បន្ទាប់ពីបានចូល ទៅប្លន់ធនាគារមួយ នៅក្នុងរដ្ឋអាយដាហូ (Idaho) ភាគខាងជើងសហរដ្ឋអាមេរិក ខណៈពេលដែលបុរសម្នាក់នេះ ប៉ុនប៉ងជិះរថយន្ដតាក់ស៊ី ដើម្បីគេចខ្លួន។ បុរសចំណាស់បានពន្យល់ ប្រាប់នគរបាលថា នៅក្នុងពន្ធនាគារ ខ្លួននឹងអាចទទួល នូវការព្យាបាលមួយ ដែលខ្លួនមិនមានប្រាក់ដើម្បីចំណាយ៕
» នេះជាវីដេអូមួយទៀត គូរបង្ហាញពីសកម្មភាព របស់ជនសង្ស័យ៖