សម រង្ស៊ី ប្រាប់ ហ៊ុន សែន ឲ្យយកគំរូតាមវេជ្ជបណ្ឌិត រីចឆ្ន័រ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ប៉ារីស ថ្ងៃទី១១ កញ្ញា ២០១៨
- កែប្រែចុងក្រោយ: September 11, 2018
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«លោក ហ៊ុន សែន គួរណាស់តែយកគំរូ តាមលោកវេជ្ជបណ្ឌិត ប៊ីត រីចឆ្ន័រ (Beat Richner) ដើម្បីកែទម្រង់ប្រព័ន្ធសុខភិបាល នៅប្រទេសកម្ពុជា» នេះ ជាការថ្លែងឡើង របស់លោក សម រង្ស៊ី ដើម្បីរំលឹកពីគុណសម្បត្តិ របស់ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា ដែលបានលាចាកលោក កាលពីចុងសប្ដាហ៍នេះ នៅក្នុងក្រុង ហ្សុយរីច ភាគខាងជើងប្រទេសស្វីស។
ប្រធានចលនាសង្គ្រោះជាតិ បានអះអាងឡើងថា៖ «ប្រជារាស្ត្រខ្មែរទាំងមូល ចូលរួមកាន់មរណទុក្ខ បន្ទាប់ពីបានទទួលដំណឹង ស្តីពីមរណភាព លោកវេជ្ជបណ្ឌិត ប៊ីត រីចឆ្ន័រ។ លោកវេជ្ជបណ្ឌិត រីចឆ្ន័រ បានសង្គ្រោះជីវិតកុមារា កុមារីខ្មែររាប់លាននាក់ ដែលមកពីគ្រួសារក្រីក្រ តាមរយៈមន្ទីរពេទ្យ ដ៏ទំនើបរបស់លោក ដែលលោកបានបង្កើត និងគ្រប់គ្រង ២៥ ឆ្នាំមកហើយ ក្នុងស្មារតីមនុស្សធម៌សុទ្ធសាធ និងពិតប្រាកដ (ព្យាបាលជំងឺយ៉ាងល្អប្រសើរ ដោយមិនគិតថ្លៃ)។»
លោក ប៊ីត រីចឆ្ន័រ បានជួសជុល និងបង្កើតមន្ទីរពេទ្យគន្ធបុប្ផា ចំនួន៥ នៅកម្ពុជា។ មន្ទីរពេទ្យដំបូងគេ ត្រូវបានសម្ពោធ បើកទ្វាទទួលកុមារដែលមានជំងឺ នៅឆ្នាំ១៩៩២។ មន្ទីរពេទ្យ៤ទៀត បានបើកទ្វា រវាងពីឆ្នាំ១៩៩៦ មកទល់នឹងឆ្នាំ២០០៧ ក្នុងនោះ បីកន្លែងនៅរាជធានីភ្នំពេញ និងមួយកន្លែងទៀត នៅក្នុងក្រុងសៀមរាប។
មន្ទីរពេទ្យទាំងនោះ របស់លោក រីចឆ្ន័រ មានបុគ្គលិក និងគ្រូពេទ្យបម្រើការ ប្រមាណជា ២៥០០នាក់ និងផ្ដល់ការព្យាបាល ដោយមិនគិតថ្លៃ និងប្រកបដោយគុណភាព ទៅដល់កុមារប្រមាណជា ៨០% ដែលត្រូវបានចាត់ទុកថា ក្រីក្រគ្មានធនធាន។ ផ្ទុយទៅវិញ ពលរដ្ឋអ្នកមានធនធានភាគច្រើន រួមទាំងលោក ហ៊ុន សែន បានជ្រើសរើសការចាកចេញ ទៅក្រៅប្រទេស ដើម្បីព្យាបាលជំងឺរបស់ផងខ្លួន ដោយហាក់មិនចាប់អារម្មណ៍ និងឲ្យតម្លៃ ចំពោះប្រព័ន្ធសុខាភិបាលក្នុងស្រុក ប៉ុន្មានឡើយ។
សម្រាប់លោក សម រង្ស៊ី បានពន្យល់ថា នោះគឺដោយសារតែ «ប្រព័ន្ធសុខាភិបាល និងមន្ទីរពេទ្យ នៅកម្ពុជា ក្រោមរបបលោក ហ៊ុន សែន មានភាពរយីករយាក ដោយសារតែអំពើពុករលួយ និងការមិនយកចិត្តទុកដាក់ ពីសំណាក់អ្នកកាន់អំណាច»។
មេដឹកនាំប្រឆាំង បានរៀបរាប់ថា៖ «គុណសម្បត្តិលោកវេជ្ជបណ្ឌិត រីចឆ្ន័រ និងសហការីរបស់លោក មានជាអាទិ៍ សមត្ថភាព ភាពសុច្ចរិតស្អាតស្អំ ការយកចិត្តទុកដាក់ដ៏ស្មោះ និងការគ្រប់គ្រង ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព គួរណាស់តែដាស់សតិអារម្មណ៍ លោក ហ៊ុនសែន។ តែផ្ទុយទៅវិញ លោក ហ៊ុន សែន មិនឲ្យតម្លៃទៅគុណសម្បត្តិទាំងអស់នេះទេ គឺគាត់គ្រាន់តែផ្តល់ ជាអំណោយបន្តិចបន្តួច ម្តងម្កាល ដើម្បីបង្ហាញថា គាត់បានជួយលោកវេជ្ជបណ្ឌិត រីចឆ្ន័រ ដែរ។ តែរបៀបជួយ ជាអំណោយបែបនេះ មិនឆ្លុះបញ្ចាំង ពីស្មារតីទទួលខុសត្រូវ របស់អ្នកដឹកនាំទេ។»
ប្រធានចលនាសង្គ្រោះជាតិ បានបញ្ជាក់ថា៖ «លោក ហ៊ុន សែន គួរណាស់តែយកគំរូ តាមលោកវេជ្ជបណ្ឌិត រីចឆ្ន័រ ដើម្បីកែទម្រង់ប្រព័ន្ធសុខភិបាល នៅប្រទេសកម្ពុជា ដោយកម្ចាត់អំពើពុករលួយ ជាជាងការផ្តល់អំណោយ ដើម្បីគ្រាន់តែបិទបាំង អំពើពុករលួយរបស់គាត់ និងបក្ខពួកគាត់ ក្នុងរដ្ឋាភិបាល ដែលចេះតែបោកបញ្ឆោតប្រជារាស្ត្រ តាមរូបភាពមនុស្សធម៌ក្លែងក្លាយ»៕