«តាំង​សមាធិ»​ជា​ប្រចាំ​នៅ​ពេលណាខ្លះ ដើម្បី​ជីវិត​ជោគ​ជ័យ?

ការ«តាំងសមាធិ» មិនត្រូវបានប្រជាជនខ្មែរ យកចិត្តទុកដាក់ឡើយនាពេលបច្ចុប្បន្ននេះ ខណៈពេលអត្ថប្រយោជន៏​របស់វា ត្រូវបានគេមើលរំលងនោះ។ «តាំងសមាធិ» មិនត្រឹមជួយដល់បុគ្គលគ្រប់គ្នា រួចផុតពីក្តីលំបាកនៃចិត្ត​មិន​ស្ងប់ទេ ថែម​ទាំងអាចជួយដល់មនុស្សគ្រប់គ្នាព្យាបាលជំងឺផ្លូវចិត្ត និងសម្រេចគោលបំណង ដែលខ្លួនចង់ធ្វើថែម​ទៀត។
Loading...
  • ដោយ: ក. សេងហុង
  • កែប្រែចុងក្រោយ: November 27, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការ«តាំងសមាធិ» មិនត្រូវបានប្រជាជនខ្មែរ យកចិត្តទុកដាក់ឡើយនាពេលបច្ចុប្បន្ននេះ ខណៈពេលអត្ថប្រយោជន៏​របស់វា ត្រូវបានគេមើលរំលងនោះ។ «តាំងសមាធិ» មិនត្រឹមជួយដល់បុគ្គលគ្រប់គ្នា រួចផុតពីក្តីលំបាកនៃចិត្ត​មិន​ស្ងប់ទេ ថែម​ទាំងអាចជួយដល់មនុស្សគ្រប់គ្នាព្យាបាលជំងឺផ្លូវចិត្ត និងសម្រេចគោលបំណង ដែលខ្លួនចង់ធ្វើថែម​ទៀត។


ការតាំងសមាធិ ដោយប្រើអារម្មណ៍ មកនៅចុងត្រឹមចុងម្រាមដៃ។ (រូបថត  ឯកសារ)

សុខភាព - មានឯកសារជាច្រើនបានចងក្រង និងមានមនុស្សល្បីជាច្រើនបានប្រព្រឹត្តការតាំងសមាធិនេះ ទៅតាម ប្រភេទផ្សេងៗគ្នា។ ដើម្បីសំរបតាមកាល ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ សូមលើកយកវិធីសាស្រ្តងាយៗ​ចេញពី​សៀវភៅមួយមានចំណងជើងថា សមាធិ សំរាប់កុមារា កុមារី យុវជន យុវតី ដែលរៀបរៀងដោយ ព្រះបាឡាត់ សម្បត្តិ​ចន្ទសុវណ្ណោ (ម៉ា សុរិន ភិក្ខ) បោះពុម្ពផ្សាយជាលើកទី១ នៅភ្នំពេញនាឆ្នាំ១៩៩៣ មកចែករំលែកជូនលោក​អ្នកដោយសង្ខេប។

ការ«តាំងសមាធិ» ជាការប្រមូលអារម្មណ៍ ឬអាចនិយាយបញ្ច្រាសមកវិញ ថាជាការធ្វើឲ្យអារម្មណ៍​ឈប់ជាប់​ជំពាក់​នឹងអ្វីទាំងអស់។ ការប្រតិបត្តិ«តាំងសមាធិ» នឹង​ធ្វើអោយ​រូបរាងកាយ ប្រាជ្ញាស្មារតី មាន​ភាព​​ធូរស្រាល​យ៉ាងច្រើន​ហើយអ្នកដែលប្រតិបត្តិនូវការតាំងសមាធិនេះ ច្រើនសម្រេចនូវកិច្ចការផងទាំងពួង បានច្រើន ឬបានប្រសើរ​ជាងអ្នក​មិនប្រតិបត្តិ។

ជាឧទាហរណ៍ នៅពេលអ្នកចង់ផ្អាកធ្វើអ្វីមួយ ដែលមិនទាន់ដល់ពេលគួរឈប់ អ្នកត្រូវតាំងចិត្តឲ្យស្ងប់ ដកដង្ហើមឲ្យ​ធូរពីទ្រូង ហើយ​ព្យាយាមធ្វើការងារលំបាកទាំងនោះ។ នៅពេលដែលអ្នកបានសម្រេចការងារបានជាផ្លែផ្ការួចមក អ្នកនឹងយល់ថា ការតាំងចិត្តឲ្យស្ងប់ ដកដង្ហើមឲ្យវែងនេះហើយ ជាការ«តាំងសមាធិ»។ ការតាំងសមាធិនេះ មិន​មាន​របៀបរបបលក្ខខណ្ឌអ្វីឡើយ ដែលខុសពីការតាំងសមាធិ តាមកាលៈទេសៈមួយចំនួនខាងក្រោម ដែលអ្នកប្រតិបត្តិ​គួរត្រូវ​ធ្វើជា​ប្រចាំ៖

១. ពេលភ្ញាក់ពីដំណេក
ចូរអ្នកចេញមកក្រៅ ហើយតាំងចិត្តហ្វឹកហាត់ និយាយអ្វីៗដែលល្អៗ ធ្វើអ្វីៗដែលល្អៗ ដូចជាការប៉ង ទៅរកបុគ្គលិក​លក្ខណៈ ឬបំណងប្រាថ្នាអ្វីមួយដែលខ្លួនចង់ធ្វើ។ អ្នកចិត្តវិទ្យាមួយចំនួនបានឲ្យតម្លៃ នៃការនិយាយខ្លាំងៗ នៅរឿង​ទាំងឡាយដែលខ្លួនចង់ធ្វើ ថាមានប្រសិទ្ឋភាពខ្ពស់។

២. ពេលចូលបន្ទប់ទឹក
ចូរអ្នកដួសទឹកឲ្យពេញផ្តិល ដើរត្រឡប់ចុះត្រឡប់ឡើងក្នុងបន្ទប់ទឹកនោះ ៣-៤ជុំ កុំឲ្យក្រឡក ឬកំពប់បាន។ព្យាយាម​ធ្វើបែបនេះរាល់ថ្ងៃ អ្នកនឹងបានសប្បាយចិត្ត ទឹកមុខញញឹម ស្រស់បស់ ពេញមួយថ្ងៃ។

៣. ពេលសិក្សា
ករណីនេះ អ្នកនិពន្ធសៀវភៅខាងលើ បានបញ្ជាក់ពីចំណុចបីយ៉ាង ដូចខាងក្រោម៖

- ទីមួយ ត្រូវគិតឲ្យបានមូល កុំឲ្យអារម្មណ៏រវើយរវាយ ដោយតាំងចិត្តក្នុងការស្តាប់តែម្យ៉ាង។ ទីពីរ ត្រូវហ៊ានសួរ និង​ឆ្លើយតប​នឹង​មេរៀននោះ មានការនឹកឃើញ និងយល់ ហើយកត់សម្គាល់ចំណាំទុក ដើម្បីបានចាំរហូតមួយជីវិត។ និងទីបី គឺការយកមេរៀនចាស់ថ្មី មកស្រាវជ្រាវ និងប្រៀបធៀបគ្នាបាន។

៤. ពេលហាត់កីឡា
ការហាត់កីឡា ធ្វើឲ្យរាងកាយរឹងមាំ និង ជាការហ្វឹកហាត់ផ្នែកផ្លូវចិត្ត។ កំឡុងពេលហ្វឹកហាត់ ត្រូវនឹក ដល់ការ​អត់​ធន់ក្នុងចិត្ត ទោះបីនៅក្នុងចំណោមមនុស្សទូទៅក៏ដោយ អ្នកមិនត្រូវបញ្ចេញ ឬសម្តែងឲ្យគេដឹង ឬបានឃើញ​ដាច់​ខាត។ឧទាហរណ៏ បើអ្នករងរបួសដោយប្រការណាមួយ អ្នកត្រូវតាំងចិត្ត ធ្វើឲ្យស្ងប់ ដោយមិនគិតអ្វី ក្រៅពីធ្វើឲ្យចិត្ត​ស្ងប់ដាច់ខាត។ ការធ្វើបែបនេះ អាការៈដែលឈឺនោះ នឹងបាត់ទៅដោយឯងៗ។

៥. ពេលទទួលទានដំណេក
នាពេលចូលគេង អ្នកគួរនឹងថា ខ្លួននឹងធ្វើអំពើល្អរហូត ក្រោកពីព្រលឹមជាដើម...។ នាពេលដាក់ក្បាល ដល់​កន្ទេល​ហើយ ត្រូវតាំងខ្លួនស្ថិតក្នុងដង្ហើមចេញចូលតែប៉ុន្មាននាទី នឹងគេងលក់ដោយស្រួល។

ការអង្គុយតាំងសមាធិ តាមរបៀបណា?

ការអង្គុយតាំងសមាធិនេះ គួរធ្វើតាមអាយុដែលមាន។ បើអាយុរបស់អ្នក ២០ឆ្នាំ គួរតែហាត់ឲ្យបាន២០ នាទីដូចគ្នា។ ការហាត់នោះគឺត្រូវតាំងសតិនៅនឹងខ្យល់ដែលខ្លួនបានដក។ មានន័យថា ពេលដកដង្ហើមចូល នឹកក្នុងចិត្តថា ​(ខ្យល់​ចូល) ខ្យល់ចេញ និងក្នុងចិត្តថា (ខ្យល់ចេញ) រហូតដល់ខ្យល់ឈប់ចេញចូល ដោយមិនបង្ខំដោយ។ ពេលឈប់​ចេញ ជាពេលដែលអ្នកកំពុងជួបប្រទះនឹងថិតិ (ចិត្ត) ថ្មីរបស់ ភាវៈចិត្តនៃជីវិត ដែលធ្វើឲ្យអ្នកមានអារម្មណ៏​សប្បាយ​រីករាយ និងស្រឡះ៕

--------------------------------------------
ដោយ៖ ក. សេងហុង ថ្ងៃ២១ ខែវិច្ឆិកា ឆ្នាំ ២០១៣
រក្សាសិទ្ឋដោយ៖ ទស្សនាវដ្តីមនោរម្យព័រអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...