ហ៊ុន សែន ថាកសិករកម្ពុជាត្រូវពង្រឹងជំនាញបន្ថែម
នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានលើកឡើងថា ប៉ុន្មានឆ្នាំចុងក្រោយនេះវិស័យកសិកម្មកម្ពុជា មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តែវិស័យកសិកម្មកម្ពុជា នៅមានបញ្ហាប្រឈមច្រើននៅឡើយ ពិសេសនោះ គឺចាំបាច់ត្រូវពង្រឹងជំនាញបន្ថែមដល់កសិករ។
នាយករដ្ឋមន្ត្រីខ្មែរ លោក ហ៊ុន សែន។
កសិកម្ម - បំពាក់បំប៉នសមត្ថភាពជំនាញដល់កសិករ និងធានាថាពួកគេមានលទ្ធភាពខ្លាំង ជាងពេលបច្ចុប្បន្ន ដើម្បីមានលទ្ធភាពកាន់តែប្រសើរឡើង ក្នុងការផលិតកសិផល ស្របតាមយុទ្ធសាស្រ្តរបស់រដ្ឋាភិបាល ទៅប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ គឺជាភារៈកិច្ចរបស់ភាគីពាក់ព័ន្ធ ត្រូវធ្វើជាមួយគ្នា។ នេះជាការអំពាវនាវរបស់ លោក ហ៊ុន សែន ក្នុងពិធីបិទសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០១៣ របស់ក្រសួងកសិកម្ម រុក្ខាប្របាញ់ និងនេសាទ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៤ នេះ។
ក្នុងពិធីដដែលនេះ លោក ហ៊ុន សែន បានបញ្ជាក់ថា៖ «ខ្ញុំសូមអំពាវនាវ ដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិ កងកម្លាំងប្រដាប់អាវុធ ដៃគូអភិវឌ្ឍន៍ អង្គការជាតិ អន្តរជាតិ វិស័យឯកជន សូមបន្តចូលរួមតាមគ្រប់រូបភាព ក្នុងការជួយដល់ប្រជាកសិករ និងការងារអភិវឌ្ឍន៍វិស័យកសិកម្ម ឲ្យមានការរីកចម្រើនជាលំដាប់ ដែលនឹងរួមចំណែកសំខាន់ ក្នុងការសមាហរណកម្មក្នុងសហគមន៍ សេដ្ឋកិច្ច អាស៊ាន នាឆ្នាំ២០១៥។»
ក្នុងពេលដែលប្រទេសកម្ពុជាមានប្រជាជនជាង១៤លាននាក់ ហើយជាង៨០%ក្នុងចំណោមនោះជាកសិករ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញ ជាយុទ្ធសាស្រ្តនាំអង្ករចេញឲ្យបាន១លានតោនទៅកាន់ទីផ្សារអន្តរជាតិ ត្រឹមឆ្នាំ២០១៥។ តែផែនការនេះ ត្រូវបានមជ្ឈដ្ឋានមួយចំនួន សម្តែងការព្រួយបារម្ភថា ពិបាកទទួជោគជ័យ ព្រោះប្រទេសកម្ពុជា នៅមានបញ្ហាប្រឈមច្រើន នៅឡើយ។
អង្គការក្រៅរដ្ឋាភិបាល ដែលមានឯកទេសពាក់ព័ន្ធនឹងវិស័យកសិកម្ម បានលើកឡើងថា ការពង្រឹងសមត្ថភាពកសិករតែមួយមុខ គឺមិនគ្រប់គ្រាន់ សម្រាប់ការសម្រេចជោគជ័យ លើយុទ្ធសាស្រ្តនាំអង្ករចេញរបស់រដ្ឋាភិបាលកម្ពុជា និងការធានានិរន្តរភាព នៃការអភិវឌ្ឍន៍វិស័យកសិកម្មកម្ពុជា នោះទេ។
អង្គការដដែលនេះអះអាថា វិស័យកសិកម្មកម្ពុជាមានចំណុចខ្វះខាតច្រើន បើប្រៀបធៀបជាមួយប្រទេសជិតខាង និងក្នុងតំបន់។ បញ្ហាខ្វះខាតទាំងនោះរួមមាន ប្រព័ន្ធធារាសាស្រ្ត បច្ចេកទេសកសិកម្ម ផលិតផលកសិកម្មខ្វះគុណភាព កង្វះទីផ្សារនាំចេញ និងការខ្វះខាតទុនក្នុងការវិនិយោគជាដើម។ ដូច្នេះរដ្ឋាភិបាល និងដៃគូពាក់ព័ន្ធគម្បីបំពេញបន្ថែម ចំពោះចំណុចខ្វះខាតទាំងនោះ៕
-------------------------------------
ដោយ អ៊ុំ បូរី (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញ ថ្ងៃទី២៨ មីនា ២០១៤