បទយកការណ៍៖ យុវជនគណបក្សប្រជាជនកម្ពុជា និងការឃោសនាបោះឆ្នោត
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: June 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្ងៃទីពីរនេះ នៅតាមដងវិថីនានាក្នុងរាជធានីភ្នំពេញ ហាក់មានសភាពស្ងប់ស្ងាត់ជាងថ្ងៃទីមួយ។ ពុំឃើញមានត្តមានប្រជាពលរដ្ឋឡើងមកច្រើន ដើម្បីចូលរួមក្នុងការឃោសនានោះច្រើនកុះករ ដូចអាណត្តិមុនឡើយ មិនថាតែគណបក្សប្រជាជន គណបក្សសង្គ្រោះជាតិ និងគណបក្សដ៏ទៃទៀតនោះទេ។
សកម្មភាពឃោសនារកសម្លេងឆ្នោត របស់យុវជនគណបក្សប្រជាជនកម្ពុជា។ (រូបថត MONOROOM.info/ O. Vary)
តែទោះជាយ៉ាងនេះក្តី ក្នុងឆ្នាំនេះគេសង្កេតឃើញវត្តមាននៃក្រុមយុវជន បានចូលប្រឡូកក្នុងឆាកនយោបាយ ដែលមានឈ្មោះថា«ក្រុមសកម្មជនយុវជន ក.៧៧»។ ចាប់ពីម៉ោងប្រាំបីព្រឹក នៅសួនមុខវត្តបុទុមវត្តី មានចលនាយុវជនរបស់គណបក្សប្រជាជនកម្ពុជានេះ ជាងពីររយនាក់ បានរៀបចំបើកយុទ្ធនាការឃោសនា ពីគោលនយោបាយគណបក្ស។ ការឃោសនានេះ ក៏បានដាក់បង្ហាញពីស្នាដៃរីកចំរើននានា ក្រោមកិច្ចអភិវឌ្ឍន៍ និងដឹកនាំដោយសម្តេចទាំងបី (លោកហ៊ុន សែន លោកជា ស៊ីម និងលោកហេង សំរិន) និងបានរៀបរាប់ពី ការរស់រានមានជីវិតជាថ្មី ជាលើកទីពីររបស់ពលរដ្ឋកម្ពុជា តាមរយៈការរំដោះ ឲ្យរួចផុតពីការសម្លាប់រង្គាលរបស់ប៉ុល ពត ដោយរណៈសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលសព្វថ្ងៃប្តូរមកជា«គណបក្សប្រជាជនកម្ពុជា»។
ក្នុងវេទិការនេះមានការតុបតែងលំអដោយទង់ជាតិ និងទង់គណបក្សកាត់ខ្វាត់ខ្វែងរោង មានពាក្យស្លោក រូបសញ្ញាបក្ស រូបផ្ទាំងស្លាកសញ្ញា និងនិម្មិតសញ្ញាបក្ស«រូបទេវតាបាចផ្កា» ព្រមទាំងលំដាប់លេខរៀងទី៤ របស់គណបក្សដែលចេញដោយគ.ជ.បជាដើម។ ក្រៅពីចាក់ចម្រៀងកន្ត្រាក់អារម្មណ៍ ក្រុមអ្នកគាំទ្របានស្រែកជ័យឃោសឆ្លើយឆ្លងដាក់គ្នា ខ្លះបន្ទរតាម ខ្លះឆ្លើយចម្លើយតបមកវិញជាដើម។
ជយោ! គណបក្សប្រជាជនដ៏រុងរឿង គណបក្សប្រជាជនធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាពលរដ្ឋ «ហ៊ានថាហ៊ានធ្វើ»។ បើគណបក្សប្រជាជនកម្ពុជាឈ្នះឆ្នោត គណបក្សប្រជាជនបន្តដឹកនាំកសាង និងអភិវឌ្ឍន៍លើគ្រប់វិស័យ។ គណបក្សប្រជាជន ធានាលទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាពពលរដ្ឋ ការពារ ពង្រឹង និងលើកស្ទួយនូវយុត្តិធម៌សង្គម។ ទាំងនេះក៏ជាជ័យឃោស របស់គណបក្សប្រជាជនក្នុងយុទ្ធនាការនេះដែរ។
នៅសួនមុខវត្តបុទុមវត្តីក្នុងថ្ងៃទីពីរនេះ មានក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងសម្លៀកបំពាក់«ពីរពណ៌» អាវសរ មួកសរ និងអាវពណ៌ខៀវ មួយខៀវ។ យុវជន យុវនារីទាំងនោះបានឈរកាន់ទង់(ជាតិ)តំណាងឲ្យប្រទេសជាតិ និងទង់គណបក្សប្រជាជនកម្ពុជា។ ឈរអមសងខាងមហាវិថីព្រះសុរាមរិត(២៦៨) គ្រវីចុះឡើង និងអ្នកខ្លះទៀតរាំគ្រលែងចង្កិះ និងស្រែកឃោសនាតាមចង្វាក់ភ្លេងដែលបានប្រគុំ។
ក្នុងសម្លៀកបំពាក់អាវសរ មួកសរ ដែលរំលេចដោយពាក្យថា «ខ្ញុំស្រលាញ់ ខ្ញុំអាណិត ខ្ញុំពេញចិត្ត ខ្ញុំជឿទិកចិត្ត សម្តេចតេជោហ៊ុនសែន (មានរូបសញ្ញាគណបក្ស និងការគូលលើលេខ៤) ខ្ញុំបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។ សម្រាប់អាវពណ៌បៃតងវិញ ក៏បានចារនៅផ្នែកខាងខ្នងដែរថា «យុវជនគណបក្សប្រជាជនកម្ពុជា» និងនៅផ្នែកលើនៃចុងដៃអាវ ខាងឆ្វេងដាក់ថា «ក.៧៧»។
ដោយធ្វើជាសម្លេង«ម្ញែក» ពោលដោយយុវជន ចរិយា តំណាងឲ្យក្រុមយុវជន បាននិយាយថា បាឡុងលេខមួយគឺមានលេខប៉ុន្មាន? (យុវជន-យុវនារី ដែលចូលរួមបានស្រែកព្រមៗគ្នាថា «គឺលេខ៤»)។ យុវជននេះបន្តទៀតថា ចុះបាឡុងលេខពីរគឺមានលេខប៉ុន្មាន? (ក្រុមយុវជន៖ «គឺលេខ៤»)។ ចុះបាឡុងលេខបីគឺមានលេខប៉ុន្មាន? (ក្រុមយុវជន៖ «គឺលេខ៤»)។ ចុះបាឡុងលេខបួន គឺមានលេខប៉ុន្មាន? (ក្រុមយុវជន៖ «គឺលេខ៤»)។
អង្គុយក្រោមម្លប់ឈើដោយស្ងៀមស្ងាត់ ទំនងជានឿយហត់ យុវជននារី សិលា ជាមួយនឹងក្រុមមានគ្នាបីនាក់ បាននិយាយថា ការដែលនាងមកចូលរួម ក្នុងយុទ្ធនាការឃោសនានេះ ព្រោះតែគណបក្សប្រជាជនកម្ពុជា បានបង្កើតនូវសមិទ្ធិផលថ្មីៗជាច្រើន ដូចជាស្ពានថ្នល់ មន្ទីរពេទ្យ សាលារៀន ពិសេសក្នុងភូមិខ្ញុំដែលពីដើមឡើយមិនមានទេ ។ មួយទៀតបានផ្តល់អាហារូបករណ៍ថ្នាក់មហាវិទ្យាល័យបួនឆ្នាំដល់ខ្ញុំ។ «គ្រួសារខ្ញុំក្រីក្រ គ្នានលទ្ធភាពបញ្ជូនខ្ញុំមករៀននៅភ្នំពេញទេ តែដោយខ្ញុំបានចូលរួមជាមួយ នឹងចលនាយុវជនគណបក្សប្រជាជនកម្ពុជា ទើបខ្ញុំមានឱកាស បានស្គាល់ការសិក្សានៅភ្នំពេញនេះ»។
និយាយដោយទឹកមុខញញឹម យុវតី ចិន្តា បានបន្ថែមថា សម្រាប់រូបនាងវិញក៏មិនខុសពីសិលា ដែរ ហើយម្យ៉ាងទៀតឪពុក ម្តាយរបស់នាងជាអ្នកគាំទ្រគណបក្សប្រជាជន គាត់មានតួនាទីធំក្នុងរដ្ឋាភិបាលដែរ។ «ឪពុកម្តាយខ្ញុំគាត់ មិនបានហាមឃាត់ ឬបិទបាំងសេរីភាព ក្នុងការចូលរួមយុទ្ធនាការឃោសនានេះទេ ហើយក៏មិនបង្ខំខ្ញុំក្នុងការគោរព ឬស្រលាញ់បក្សណាមួយដែរ តែខ្ញុំជ្រើសរើសយកគណបក្សប្រជាជនដូចគាត់ដែរ ថ្ងៃមុខងាយស្រួលធ្វលការក្នុងស្ថាប័នរដ្ឋ»។
ដោយឡែកយុវជន ម្នាក់ផ្សេងទៀតឈ្មោះ វិចិត្រ បានបង្ហាញថា ប្អូនមានមោទនភាពណាស់ ដែលបានចូលរួមក្នុងចលនាយុវជននេះ។ ប្អូនបន្តរថា ដើមឡើងប្អូនឯកកោរណាស់ គ្មានទីពុំនាក់ រស់អាស្រ័យវត្ត គ្មានភាពក្លាហាន មិនដែលបានចូលរួមក្នុងកិច្ចការសង្គមទេ ទើបតែពេលនេះទេ បានចូលរួមយ៉ាងសកម្ម និងក៏បានបង្ហាញពីសម្ថភាពរបស់ខ្លួន ក្នុងការជួយសង្គម។ «ខ្ញុំអតីតក៏ជាចលនានិស្សិតវាស់វែងដីធ្លីដែរ ហើយខ្ញុំក៏បានប្រលងជាប់ ធ្វើការនៅក្រសួងសុរិយោដីដែរ។ ទាំងនេះហើយដែលធ្វើឲ្យខ្ញុំមានការពេញចិត្ត និងចូលរួមនោះ។»
សរុបជារួម នេះជាស្ថានភាពមួយ ប្លែកពីការបោះឆ្នោតអាណត្តិមុន ហើយក៏ជាជំហានទីមួយដែរ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោត របស់គណបក្សប្រជាជនកម្ពុជា ដោយមានក្រុមយុវជន និងក្រុមសិល្បករចូលរួមនេះ។ ក្នុងយុទ្ធនាការឃោសនានេះ គណបក្សប្រជាជនបានផ្ញើរសារជាច្រើន ជូនដល់ប្រជាពលរដ្ឋឲ្យបានដឹង ដូចជាគោលការណ៍ទាំងដប់មួយចំណុច និងសារសំខាន់ៗទ្រនានាជាច្រើនទៀត។
សូមរម្លឹកថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ អាណត្តិទីប្រាំមានរយៈពេលសាមសិបថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៣ ។ តាម លោក មាន សទិ សមាជិក គ.ជ.ប បានប្រកាសកាលពីថ្ងៃទី២៧ ខែមិថុនានេះថា ការឃោសនារបស់គណបក្សនយោបាយទាំងអស់ ត្រូវបានឈប់សម្រាកនៅចន្លោះម៉ោងដប់យប់ ដល់ម៉ោងប្រាំមួយព្រឹក។ រាល់ការឃោសនា ដោយមានឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់ចាប់ពីម៉ោងដប់ពីរថ្ងៃត្រង់ដល់ម៉ោងពីររសៀល។ យុទ្ធនាការនៃការឃោសនាបោះឆ្នោតនេះ ត្រូវបញ្ចប់នៅម្ភៃបួនម៉ោងមុនថ្ងៃបោះឆ្នោត (ថ្ងៃបោះឆ្នោតតំណាងរាស្រ្តអាណត្តិទីប្រាំ ឆ្នាំ២០១៣ នឹងត្រូវធ្វើនៅថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ខាងនុខនេះ)។
រីឯក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំគ្រឹស្ថានឧត្តមសិក្សាក្នុងរាជធានីភ្នំពេញ ហៅកាត់ថា ក.៧៧ បង្កើតឡើង ដើម្បីធ្វើសកម្មភាពឈរលើគោលការណ៍ ពង្រឹងគុណភាព និងសាមគ្គីផ្ទៃក្នុង ជាមួយអង្គការយុវជនដទៃទៀត របស់គណបក្សប្រជាជនកម្ពុជា។ ព្រមទាំងទទួលការគាំទ្រ និងធានាការកសាងគណបក្សឲ្យបានគ្រប់ជ្រុងជ្រោយ និង បង្កលក្ខណៈងាយស្រួលដល់និស្សិត បញ្ញវ័ន្ត ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាឲ្យបានច្រើន៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៨ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ