ទូរស័ព្ទដៃអេចធីស៊ីវ័ន ប្រកាសចេញពណ៌«ក្រហមស្រស់» ១ពណ៌ទៀត
- ដោយ: វិន ជីវ័ន្ត
- កែប្រែចុងក្រោយ: June 28, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្រុមហ៊ុនអេចធីស៊ី (HTC) បានប្រកាសចេញនូវទូរស័ព្ទដៃអេចធីស៊ីវ័ន (HTC One) ពណ៌ក្រហមស្រស់ (Glamour Red) មួយពណ៌ទៀត ដើម្បីផ្តល់ជូនដល់អតិថិជន នូវជម្រើសច្រើនយ៉ាង ខណៈដែលការប្រកាសចេញ អេចធីស៊ីវ័នជាផ្លូវការលើកដំបូង មានចំនួន៣ពណ៌ ពោលគឺមានពណ៌ស, ទឹកប្រាក់ និងពណ៌ខ្មៅ។
អេចធីស៊ីវ័ន (HTC One) ពណ៌ក្រហមស្រស់ (Glamour Red)។ (រូបថត ក្រុមហ៊ុន)
ក្រៅពីមានភាពខុសប្លែកគ្នាត្រង់ពណ៌ អ្វីផ្សេងៗមានលក្ខណៈដូចគ្នាទាំងអស់ ដែលលក្ខណៈសម្បត្តិទាំងនោះ មានដូចជា៖
• អេក្រង់៖ ៤.៧អ៊ីញ ចុចលើអេក្រង់ ទំហំ១០៨០ភិចស្យ៊ែល
• ម៉ាស៊ីន៖ ១.៧ជីហ្គាអែក ប្រភេទ Qualcomm Snapdragon 600 quad-core
• អង់ចងចាំ៖ ២ជីហ្គាបៃ
• អាចផ្ទុកបាន៖ ៣២ជីហ្គាបៃ
• ទម្ងន់៖ ១៤៣ក្រាម
• វិមាត្រ៖ ១៣៧.៤ X ៦៨.២ X ៩.៣មីលីម៉ែត្រ
• កាមេរ៉ាទំហំ៖ ៤ម៉េហ្គាភិចស្យ៊ែល អាចចាប់រូបភាពបានទំហំធំបំផុត ២៦៨៨ X ១៥២០ភិចស្យ៊ែល
• កាមេរ៉ាមុខ៖ ២.១ម៉េហ្គាភិចស្យ៊ែល ចាប់រូបភាពបានទំហំ ១០៨០ភិចស្យ៊ែល
• ប្រព័ន្ធដំណើរការ៖ អេនដ្រយ ជេលីប៊ីន ៤.១.២ (Android OS, v4.1.2 Jelly Bean)
ប្រធានក្រុមហ៊ុនអេចធីស៊ី ប្រចាំនៅតំបន់អ៊ឺរ៉ុប និងតំបន់អាស៊ី លោកហ្វីលីប ប្លៀរ (Philip Blair) បាននិយាយថា៖ «យើងតែងតែខិតខំប្រឹងប្រែងបំផុត ធ្វើយ៉ាងណាដើម្បីផ្តល់ជូនដល់អតិថិជន នូវជម្រើសកាន់តែសម្បូរបែប ហើយយើងផ្តោតសំខាន់បំផុតទៅលើទូរស័ព្ទដៃ។»
លោកបន្តថា៖ «ទូរស័ព្ទដៃស៊េរីទំនើប អេចធីស៊ីវ័ន ពណ៌ក្រហមថ្មីនេះ នឹងកាន់តែមានឥទ្ធពលបន្ថែមទៀត ហើយនឹងទទួលបានភាពទាក់ទាញខ្ពស់ ដោយសារតែពណ៌របស់វាស្រស់ឆើតឆាយ។ ជាពិសេសវានាំមកជាមួយ នូវការរចនាម៉ូដដ៏ទាន់សម័យ និងមានគុណភាពល្អ។»
ទូរស័ព្ទដៃអេចធីស៊ីវ័ន ពណ៌ក្រហមស្រស់នេះ នឹងចរាចរណ៏លើទីផ្សារប្រទេសអង់គ្លេសដំបូងគេ នៅពាក់កណ្តាលខែកក្កដាខាងមុខនេះ។ ប៉ុន្តែចំពោះតម្លៃរបស់វា ក្រុមហ៊ុនពុំទាន់បង្ហាញនៅឡើយទេ៕
----------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ