HTC ប្រកាសចេញ ទូរស័ព្ទទំនើបសេរីថ្មី របស់ខ្លួនទៀតហើយ
ក្រុមហ៊ុន HTC បានប្រកាស់ឲ្យដឹង កាលពីថ្ងៃទី១៩ ខែកុម្ភៈ ម្សិលម៉ិញនេះថា នៅមានពេលមិនយូទៀតនោះទេ HTC នឹងសម្រេចបញ្ចេញជាផ្លូវការ នូវទូរស័ព្ទ សេរីថ្មីរបស់ខ្លួន ដែលក្រុមហ៊ុននេះបានបង្ហើបឲ្យដឹងថាយ៉ាងយូរ នៅថ្ងៃ ២៥ មីនាខាងមុខនេះ។
ប្រភេទទូរស័ព្ទថ្មី ដែលគេយល់ថា ជាប្រភេទទូរស័ព្ទ M8 របស់ HTC។ (រូបថត ក្រុមហ៊ុន)
បច្ចេកវិទ្យា - តាមប្រភព geek.com បានឲ្យដឹងថាក្រុមហ៊ុន HTC កំពុងតែត្រៀមនឹងបញ្ចេញទូរស័ព្ទស្មាតហ្វូន របស់ខ្លួនសេរីថ្មីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៤ ខាងមុខនេះ ដែលឈ្មោះរបស់ទូរស័ព្ទទំនើប ស្ថិតនៅជាអាថ៌កំបាំងនៅឡើយ។
តាមសេចក្ដីរាយការណ៍ បានបន្តឲ្យដឹងទៀតថា គេមិនទាន់ដឹងច្បាស់ថាទូរស័ព្ទទំនើបមួយនេះ នឹងមានឈ្មោះជាផ្លូវការថា HTC M8 នេះឬ អ្វីនោះទេ ប៉ុន្តែប្រភពមួយចំនួន បានប្រកាសឲ្យដឹងដែរថា ទូរស័ព្ទសេរីថ្មីនេះនឹងមានឈ្មោះថា HTC One Two (HTC One 2) ឬHTC One (2014)។
រីឯប្រភពមួយទៀត ដែលមានមូលដ្ឋាននៅប្រទេសចិន បានអះអាងថា ក្រុមហ៊ុន HTC នឹងហៅឈ្មោះទូរស័ព្ទទំនើប ដែលនឹងចេញមកជំនួសដំណែង HTC One នោះថា HTC One+ (ឬ HTC One Plus) ។ ដោយឡែក ប្រភពគេហទំព័រដ៏គួរឲ្យជឿជាក់មួយដែលមានឈ្មោះថា @evleaks បានឲ្យដឹងថា ស្មាតហ្វូនសេរីថ្មីនេះ នឹងឲ្យឈ្មោះថា HTC M8 ដែលផលិតឡើង ដោយយកទម្រង់ និងលក្ខណៈទូទៅមួយចំនួន តាម HTC One មួយភាគធំផងដែរ។
បើទោះជាទូរស័ព្ទទំនើបថ្មី ដែលនឹងចេញនៅថ្ងៃខាងមុខមានឈ្មោះអ្វីក៏ដោយ តែសម្រាប់ទូរស័ព្ទ HTC One វិញ វាត្រូវបានគេទទួលស្គាល់ដោយបណ្ដាអ្នកប្រើប្រាស់ ពីរូបរាងរចនារបស់វាដ៏អស្ចារ្យ។ ទូរស័ព្ទប្រភេទនេះ បំពាក់ស៊ុមជុំវិញដោយសារធាតុ អាលុយម៉ីញ៉ូម ស្ពីកឃឺ សម្លេងឮខ្លាំង រួមផ្សំជាមួយនឹង កាម៉េរ៉ា Ultrapixel ផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន HTC បានសន្យាថា ខ្លួននឹងប្រកាសចេញជាផ្លូវការនូវ ទូរស័ព្ទប្រភេទថ្មី នៅថ្ងៃទី២៥ ខែមីនានេះ។ ដូច្នេះសម្រាប់ព័ត៌មានបន្ថែម ទាក់ទងនឹងទូរស័ព្ទទំនើបជំនាន់ថ្មីរបស់ HTC សូមប្រិយមិត្តរង់ចាំតាមដាន នៅថ្ងៃនោះ ទាំងអស់គ្នា៕
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤