សូនី បញ្ចេញទូរស័ព្ទទំនើបថ្មី Xperia G មកផ្ទឹមជាមួយ SP និង V
កាលពីម្សិលម៉ិញនេះ ក្រុមហ៊ុនបច្ចេកវិទ្យាសូនី (Sony) របស់ជប៉ុន បានប្រកាសបង្ហាញ នូវទូរស័ព្ទទំនើបសេរីថ្មីមួយទៀតរបស់ខ្លួន ដែលគេបានឲ្យឈ្មោះវាថា អ៊ិចភីរៀ ជី (Xperia G) ដែលត្រូវបានរចនាសាជាថ្មី មានលក្ខណៈសម្បត្តិមួយចំនួន ប្រហាក់ប្រហែលទៅនឹង ទូរស័ព្ទដែលចេញមុន និងដែលមានឈ្មោះថា អ៊ិចភីរៀ ហ្សិត វ័ន (Xperia Z1) ដែរ។
អ៊ិចភីរៀ ជី របស់ក្រុមហ៊ុន សូនី ជប៉ុន។ (រូបថត 91mobiles.com)
បច្ចេកវិទ្យា - តាមសេចក្តីរាយការណ៍ បានបញ្ជក់ឲ្យដឹងដែរថា ទូរស័ព្ទទំនើបសេរីថ្មីនេះ នឹងត្រូវបានផលិតឡើងជាថ្មី ដែលមានបំពាក់ដោយ អេក្រង់ ៤.៨ អ៊ីង កាំមេរ៉ា ៨ មេហ្កាភីស៊ែល អង្គចងចាំ ឬហៅថា ម៉េម៉ូរី ទំហំ ១ ជីហ្កាប៉ាយ ដែលអាចរួមបញ្ចូលម៉េម៉ូរីក្រៅបានផងដែរ។ តើការផលិតឡើងថ្មីនេះមានអ្វីពិសេសខ្លះ បើប្រៀធៀបជាមួយនឹង សេរីចាស់ អ៊ិចភីរៀ អេសភី (Xperia SP) និងអ៊ិចភីរៀ វី (Xperia V) នោះ ។
ដូចនេះសូមតាមដាន នូវគុណសម្បត្តិ និងអត្ថប្រយោជន៍របស់វា ទាំងអស់គ្នា៖
ទូរស័ព្ទទំនើបសេរីថ្មី អ៊ិចភីរៀ ជី ជាទូស័ព្ទដែលមានតម្លៃមធ្យម (mid-range) របស់ក្រុមហ៊ុន សូនី ដែលត្រៀមនឹងបញ្ចេញនៅដើមឆ្នាំ២០១៤ នេះ។ ប៉ុន្តែនៅខណៈដែលក្រុមហ៊ុនមិនទាន់បានប្រកាស ចេញជាផ្លូវការនៅឡើយនោះ រូបភាព និងលក្ខណសម្បត្តិបច្ចេកទេសខ្លះ របស់ទូរស័ព្ទដ៏ទំនើបនេះ មិនទាន់ត្រូវបានក្រុមអ្នកសារព័ត៌មានប្រមាញ់ យកភាពលំអិតរបស់វា បាននៅឡើយ។ តែទោះជាយ៉ាងណាក៏ដោយ ក៏ខាងក្រោមនេះ រូបរាងលក្ខណៈសម្បត្តិរបស់វាត្រូវបានទំលាយបញ្ចេញឲ្យដឹង ជាបណ្ដើៗហើយ ។
១- គឺប្រព័ន្ធដំណើរការរបស់វា៖ គឺមានភាពខុសផ្លែកពីសេរីចាស់ នៅត្រង់ អ៊ិចភីរៀ ជី ដែលមាន ៤.៤.២ (Android 4.4.2 KitKat)។ មានន័យថា ទូរស័ព្ទសេរីថ្មីនេះ នឹងមានប្រព័ន្ធដំណើរការ របស់ខ្លួនឲ្យមានល្បឿនលឿនជាងមុន និងអាចដំណើរការបាន ជាមួយនឹងកម្មវិធីសេរីទំនើបៗបាន។
២- លក្ខណៈសម្បត្តិខាងក្នុងរបស់វា៖ ប្រសិនបើក្រុមហ៊ុន សូនី ដាក់ផលិតផលទូរស័ព្ទរបស់ខ្លួន ឲ្យដើរជាមួយប្រព័ន្ធប្រតិបត្តិការ អេនឌ្រ័យ ជំនាន់ថ្មីនោះ អ៊ិចភីរៀ ជី សេរីថ្មីនេះ នឹងដំណើរការជាលក្ខណៈ home launcher ដូចនៅក្នុង អ៊ិចភីរៀ អេសភី និងអ៊ិចភីរៀ វី អញ្ចឹងដែរ។ ក្នុងនោះមានរួមបញ្ចូលជាមួយនឹងប្រព័ន្ធម៉ាស៊ីនចាប់រូបភាព ទំនាក់ទំនងសង្គម (Timeshift Burst) ដែលមានឥទ្ធិពល AR សម្រាប់ការថតរូប និងរួមទាំងប្រព័ន្ធដំណើរការជាច្រើនទៀត។ ក្រុមហ៊ុន សូនី បានសង្ឃឹងយ៉ាងមុតមាំថា គេនឹងអាចបោះជំហានទៅមុខមួយជំហានទៀត ជាមួយនឹងទូរស័ព្ទទំនើបសេរីថ្មីនេះ។
ទោះជាស្មាតហ្វូនសេរីថ្មីនេះ ត្រូវបានរចនាម៉ូដ្ឋ មានរូបរាងប្រហាក់ប្រហែលនឹង អ៊ិចភីរៀ ហ្សិតវ័ន ក៏ដោយ ប៉ុន្ដែ លក្ខណៈសម្បត្តិជាទូទៅរបស់វា មិនដូចគ្នាឡើយ។ ខាងក្រោមនេះ ជាលក្ខណៈសម្បត្តិពិសេសរបស់ អ៊ិចភិរៀ ជី បើប្រៀបធៀបទៅនឹង អ៊ិចភីរៀ អេសភី៖
- សម្រាប់ អ៊ិចភីរៀ អេសភី មិនមានបំពាក់ដោយ ខ្សែព័ទ្ធជុំវិញ ចេញពន្លឺជាពណ៌ដូច អ៊ិចភីរៀ ជី នេះទេ
- អ៊ិចភីរៀ ជី មានកាម៉េរ៉ា ខាងក្រោយរហូតដល់ទៅ ៨ ម៉េហ្កាភីស៊ែល
- អ៊ិចភីរៀ ជី ធន់ជាមួយនឹងការធ្លាក់ចូលទឹកបាន
- ប៉ុន្ដែ អង្កចងចាំ មានទំហំស្រដៀងគ្នា ។
ទាក់ទងនឹងតម្លៃវិញ តាមប្រភពដដែលបានឲ្យដឹងថា អ៊ិចភីរៀ អេសភី មានតម្លៃប្រហាក់ប្រហែលទៅនឹង បងៗជំនាន់មុនរបស់ខ្លួនដែរ ប៉ុន្ដែនៅមិនទាន់មានអះអាង ឲ្យបានជាក់លាក់នៅឡើយ៕
--------------------------------------------------
ដោយ វ៉ន ដារ៉ា (ទំនាក់ទំនង៖ [email protected]) - ភ្នំពេញថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៤