ប្រតិកម្មជុំវិញការផ្អាក ការផ្សាយបន្តរបស់វិទ្យុបរទេសក្នុងពេលបោះឆ្នោត របស់ក្រសួងព័ត៌មាន
- ដោយ: មនោរម្យ.អាំងហ្វូ
- កែប្រែចុងក្រោយ: June 29, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
បន្ទាប់ពីការចេញសេចក្ដីណែនាំ របស់ក្រសួងព័ត៌មានកម្ពុជា ដែលបានហាមដល់គ្រប់វិទ្យុ FM ក្នុងស្រុកទាំងអស់ ឲ្យផ្អាករាល់ការផ្សាយបន្តពីវិទ្យុបរទេស ដែលផ្សាយជាខេមរភាសា នៅក្នុងអំឡុងពេញមួយយុទ្ធនាការឃោសនាបោះឆ្នោតនោះ ប្រតិកម្មបានធ្លាក់ចុះមកភ្លាមៗ ពីបណ្ដាវិទ្យុ អង្គការសង្គមស៊ីវិល និងមន្ត្រីជំនាញមួយចំនួនទាក់ទងការបោះឆ្នោត។
រូបសញ្ញារបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក និងវិទ្យុអាស៊ីសេរី។
ក្នុងនាមជារដ្ឋមន្រ្តីស្តីទី ក្រសួងព័ត៌មាន លោកអ៊ុក ប្រាថ្នា បានចេញសេចក្ដីណែនាំនេះ ដែលគេទើបនឹងទទួលបាននៅរសៀលថ្ងៃទី២៨ ខែមិថុនា ដោយទទួលស្គាល់ជាអាថ៌ថា «ប្រព័ន្ធផ្សព្វផ្សាយ មានតួនាទីដ៏សំខាន់ ក្នុងការចូលរួមចំណែក ឲ្យដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ លើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ អំពីការបោះឆ្នោត»។
តែសេចក្ដីណែនាំ ដែលបានចុះហត្ថលេខាតាំងពីថ្ងៃទី២៥ ខែមិថុនាមកនេះ បានដាក់បម្រាមឲ្យគ្រប់ស្ថានីយ៍វិទ្យុ FM ផ្អាកការផ្សាយបន្ត ពីវិទ្យុបរទេសផ្សាយជាខេមរភាសា សម្រាប់សុពលភាព ពេញមួយអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល ៣១ថ្ងៃ ដែលចាប់ផ្តើមបើកធ្វើ កាលពីថ្ងៃព្រហស្បតិ៍ ២៧ មិថុនាម្សិលមិញ រហូតដល់ថ្ងៃបោះឆ្នោតថ្ងៃទី២៨ខែកក្កដាខាងមុខ។ នៅពីខាងក្រោមឃ្លាបំរាមនេះ ក្រសួងព័ត៌មាន ក៏បានព្រមានផងដែរ ថានឹង «ចាត់វិធានការតាមផ្លូវច្បាប់» ចំពោះស្ថានីយ៍វិទ្យុ FM ណា ដែលនៅតែបន្តការផ្សាយបន្តរបស់វិទ្យុបរទេស ផ្សាយជាខេមរភាសា រំលោភលើបម្រាមនេះ។
ទាក់ទងនឹងបញ្ហានេះ អគ្គលេខាធិការនៃគណកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប លោក ទេព នីថា ទំនងជាបានគាំទ្រនឹងសេចក្ដីណែនាំនេះ ដោយបានចាត់ទុកថា វាជាសមត្ថកិច្ចរបស់ក្រសួងព័ត៌មាន។ លោកបញ្ជាក់ថា បើតាមបទបញ្ជានិតិវិធីរបស់គ.ជ.ប ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាទាំងអស់ ត្រូវប្រកាន់អព្យាក្រិត្យភាព ទាក់ទងនឹងការឃោសនាក្នុងដំណាក់កាលបោះឆ្នោតនេះ លើកលែងតែម៉ោងផ្សាយមួយចំនួន ដែលជួលដោយគណបក្សនយោបាយ។ លោកបានរំពឹងថា ការផ្សាយរបស់វិទ្យុនៅបរទេសទាំងនេះ អាចនឹងមានការលំអៀង ដែលអាជ្ញាធរ (របស់ប្រទេសកម្ពុជា) អាចនឹងមិនមានសមត្ថកិច្ចគ្រប់គ្រងបាន។
សេចក្ដីណែនាំនេះ ត្រូវគេមើលឃើញថា បានសំដៅទៅវិទ្យុរបស់អាមេរិកចំនួនពីរ ដែលផ្សាយជាខេមរភាសា ហើយមានប្រជាប្រិយភាពយ៉ាងលើសលប់ នៅក្នុងចំណោមស្រទាប់ប្រជាពលរដ្ឋខ្មែរ។ វិទ្យុទាំងពីរតែងធ្វើរបាយការណ៍ ជាញឹកញាប់ពីបញ្ហានយោបាយ សង្គម និងពីចំនុចអសកម្មជាច្រើន នៃរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនសព្វថ្ងៃ ដែលអាចនឹងមិនផ្ដល់ផលចំណេញ ដល់គណបក្សកាន់អំណាច ក្នុងការបោះឆ្នោតខាងមុខដែលឈានជិតចូលមកដល់។
មន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក ចន ស៊ីមិន (John Simmons) បានសម្ដែងការព្រួយបារម្ភ ទាក់ទងនឹងសេចក្ដីណែនាំនេះ ថាជាការរំលោភបំពានយ៉ាងច្បាស់ក្រឡែតមួយលើសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ហើយក៏ជាការផ្ទុយទៅនឹងស្មារតី នៃដំណើរការប្រជាធិបតេយ្យ។ លោកស៊ីមិន បានបញ្ជាក់អះអាងថា «ការដាក់កំហិតលើប្រព័ន្ធផ្សព្វផ្សាយ និងការកម្រិតព្រំដែនលើសេរីភាពបញ្ចេញមតិ នឹងធ្វើឱ្យមានចំណោទធ្ងន់ធ្ងរ ដល់ភាពស្របច្បាប់នៃដំណើរការបោះឆ្នោតនេះ»។
លោក ម៉ម សូណង់ដូ នាយកវិទ្យុសម្បុកឃ្មុំ ដែលជាវិទ្យុមួយលក់ម៉ោងផ្សាយ ទៅឲ្យវិទ្យុបរទេសទាំងនេះ បានថ្លែងវាយតម្លៃពីប្រទេសបារាំងមកថា សេចក្ដីណែនាំនេះ មានចរិកដូចកូនក្មេងបៀបដៃ។
សម្រាប់អង្គការសង្គមស៊ីវិលមួយចំនួន ដែលធ្វើការលើការបោះឆ្នោតក្នុងប្រទេស ការចេញសេចក្ដីណែនាំរបស់ក្រសួងព័ត៌មាន បាននាំមកជាមួយ នូវភាពសោកស្ដាយជាទីបំផុត។ នេះបើតាមលោក ហង្ស ពុទ្ធា នាយកប្រតិបត្តិ អង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជាហៅ និចហ្វិច នៅពេលលោកឆ្លើយតប នឹងការសាកសួររបស់មនោរម្យព័ងអាំងហ្វូ។ លោកបានវាយតម្លៃថា ការសម្រេចចិត្តនេះ អាចមានពាក់ព័ន្ធនឹងកក្តានយោបាយ ទើបក្រសួងព័ត៌មានផ្អាកការផ្សាយរបស់វិទ្យុបរទេសទាំងនោះ ដែលលោកគិតថា បាននាំព័ត៌មានឯករាជ្យទៅជម្រាបដល់ប្រជាពលរដ្ឋ។
លោក ហង្ស ពុទ្ធា បានពន្យល់ថា នៅក្នុងបរិបទបែបនេះ ក្រុមវិទ្យុទាំងនោះនឹងមិនមានជម្រើសអ្វីឡើយ ក្រៅតែពីអនុវត្តតាម តែពួកគេ(វិទ្យុដែលពាក់ព័ន្ធ) នឹងអាចចេញសេចក្ដីថ្លែងការណ៍រួមគ្នាមួយ ដើម្បីស្នើសុំឲ្យមានកែប្រែសេចក្ដីណែនាំ ដ៏ប្រទាំងប្រទើសនេះ។
គួរបញ្ជាក់ថា វិទ្យុបរទេសផ្សាយជាខេមរភាសា ដែលមានការផ្សាយបន្ត ដោយវិទ្យុ FM ជាដៃគូក្នុងស្រុក មិនមែនមានតែវិទ្យុអាមេរិក ដូចជាវិទ្យុអាស៊ីសេរី និងវិទ្យុសំឡេងសហរដ្ឋអាមេរិកប៉ុណ្ណោះទេ តែក៏មានផងដែរនូវវិទ្យុបរទេសផ្សេងទៀត ដូចជាវិទ្យុបារាំងអន្តរជាតិ វិទ្យុអូស្រ្តាលី វិទ្យុសម្លេងចិន និងវិទ្យុសម្លេងវៀតណាម ដែលបានផ្សាយជាខេមរភាសា នៅក្នុងប្រទេសកម្ពុជា។ អ្នកទទួលខុសត្រូវមួយរូប នៃវិទ្យុបារាំងអន្តរជាតិ បាននិយាយថា វិទ្យុបារាំងមិនត្រូវបានប៉ះពាល់ដោយផ្ទាល់ប៉ុន្មាននោះទេ ទាក់ទងនឹងសេចក្ដីណែនាំខាងលើ ដោយសារតែវិទ្យុរបស់លោក មានរលកធាតុអាកាសផ្សាយខ្លួនឯង នៅក្នុងប្រទេសកម្ពុជា ហើយមិនបានជួយម៉ោងផ្សាយវិទ្យុណាផ្សេង ក្រៅតែវិទ្យុសម្លេងស្ត្រី ១០២ FM នោះឡើយ។ លោកនិយាយថា នឹងរងចាំមើល ថាតើនឹងមានការវិវត្តន៍បែបណាទៀត ក្នុងថ្ងៃខាងមុខ។
ដោយឡែក នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងជាប្រធានវិទ្យុសម្លេងប្រជាធិបតេយ្យ លោកប៉ា ងួនទៀង បាននិយាយនៅក្នុងកម្មវិធី«វេទិការអ្នកស្ដាប់» របស់វិទ្យុអាស៊ីសេរី ដែលទំនងជាចង់ចំអកដាក់សេចក្ដីជូនដំណឹងនេះ ដូច្នេះថា «ចាំមើលមើល ថាតើរដ្ឋាភិបាលបិទវិទ្យុចិន និងវិទ្យុសម្លេងវៀតណាមដែរឬទេ»?
--------------------------------------------
អត្ថបទ៖ ដ. កែវ
សម្ភាស៖ អ៊ុំ បូរី - ភ្នំពេញថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ