ហ៊ុន សែន លើកថ្ងៃបោះឆ្នោតព្រឹទ្ធសភាអាណត្តិថ្មី ជាង១ខែ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៤ តុលា ២០១៧
- កែប្រែចុងក្រោយ: October 24, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ការបោះឆ្នោតជ្រើសតាំងព្រឹទ្ធសភា អាណត្តិទីបួន ដែលលោកនាយករដ្ឋមន្ត្រី បានកំណត់ថ្ងៃខែ កាលពីពាក់កណ្ដាលខែមិថុនាកន្លងទៅ នឹងត្រូវលើកពេល ជាងមួយខែ គឺពីថ្ងៃអាទិត្យ ទី១៤ ខែមករា ឆ្នាំ២០១៨ ទៅដល់ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០១៨។ នេះ បើតាមការការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់រដ្ឋាភិបាល ឈ្មោះ «AKP» ហើយត្រូវបានយកមកផ្សាយបន្ត ដោយរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ នៅលើគណនីហ្វេសប៊ុករបស់លោក។
មកដល់ម៉ោងនេះ គេមិនឃើញរដ្ឋាភិបាលកម្ពុជា ចេញផ្សាយជាលាយលក្ខណ៍អក្សរ ពីការលើកថ្ងៃបោះឆ្នោតនេះទេ។
ច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រង់ជំពូក១ មាត្រា៣ កថាខណ្ឌដំបូង ចែងថា៖ «ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ត្រូវធ្វើឡើង ៦ឆ្នាំម្តង នៅថ្ងៃអាទិត្យ សប្តាហ៍ទី៨ មុនដំណាច់ឆ្នាំទី៦ នៃនីតិកាលព្រឹទ្ធសភា»។
រីឯនីតិកាលអាណត្តិទី៣ នៃព្រឹទ្ធសភាបានចាប់ផ្ដើម ចូលប្រជុំដំបូង នៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១២ ដែលតាមរដ្ឋធម្មនុញ្ញ នីតកាលចាស់នេះ នឹងត្រូវបញ្ចប់នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨ ខាងមុខ (វាលែងតែព្រះមហាក្សត្រ ស្នើសុំឲ្យបន្តនីតិកាល១ឆ្នាំ ក្នុងករណីដែលប្រទេសកម្ពុជា ធ្លាក់ក្នុងកលយុគ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញដដែល)។ ដូច្នេះ៨សប្ដាហ៍ មុនថ្ងៃបញ្ចប់នីតិកាលចាស់ របស់ព្រឹទ្ធសភាកម្ពុជា មិនអាចជាថ្ងៃអាទិត្យណាមួយ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៨ឡើយ។
ដូច្នេះ តើលោក ហ៊ុន សែន សំអាងលើអ្វី ដែលឈានទៅសម្រេចឲ្យលើកថ្ងៃបោះឆ្នោត ជ្រើសរើសសមាជិកព្រឹទ្ធសភា យ៉ាងអញ្ចឹង? បើតាមទីភ្នាក់ងារសារព័ត៌មាន របស់រដ្ឋាភិបាលដដែល បានបញ្ជាក់មូលហេតុ ដែលឈានទៅដល់ការលើកពេលនេះថា៖ «ការពន្យាពេល នៃការបោះឆ្នោតព្រឹទ្ធសភានេះ គឺវាទាក់ទិន ទៅនឹងការរំលាយគណបក្សនយោបាយ»៕