អនុប្រធាន CNRP អំពាវនាវឲ្យរក្សានិងការពារឆន្ទៈរាស្ត្រ ខណៈចលនាចាកចេញមានបន្តបន្ទាប់
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ តុលា ២០១៧
- កែប្រែចុងក្រោយ: October 24, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
«សូមបងប្អូនថ្នាក់ដឹកនាំគណបក្ស គ្រប់លំដាប់ថ្នាក់ ជាពិសេសលោក/លោកស្រី មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ សង្កាត់ រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មេត្តារក្សា និងការពារឆន្ទៈប្រជាពលរដ្ឋ ដែលជឿជាក់លើគណបក្សសង្គ្រោះជាតិ តាមរយៈការបោះឆ្នោត ឲ្យគណបក្សសង្គ្រោះជាតិ កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៧ កន្លងមកនេះ»។
ឃ្លាខាងលើ ជាសេចក្ដីអំពាវនាវ របស់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង ពីសហរដ្ឋអាមេរិក ទៅកាន់មន្ត្រីគណបក្ស នៅខណៈពេលដែលចលនាចាកចេញ ដើម្បីទៅចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា បានកើតមានជាបន្តបន្ទាប់ រាប់ចាប់តាំងពីតំណាងរាស្ត្រ ក្នុងថ្នាក់ជាតិ រហូតដល់មេឃុំ-ចៅសង្កាត់ និងសមាជិកក្រុមប្រឹក្សា ឃុំ-សង្កាត់ នៅតាមថ្នាក់មូលដ្ឋាន។
លោក អេង ឆៃអ៊ាង ដែលជាតំណាងរាស្ត្ រមណ្ឌលខេត្តកណ្តាលផង បានធ្វើសេចក្ដីអំពាវនាវខាងលើ នៅលើបណ្ដាញសង្គម ដោយបានពន្យល់ពីបុព្វហេតុ ប្រកបដោយភាពជឿជាក់ របស់គណបក្សប្រឆាំងថា៖ «ការតស៊ូរបស់យើងទាំងអស់គ្នា ដើម្បីកម្ពុជា មានការគោរពសិទ្ធិមនុស្ស គោរពគោលការណ៍ប្រជាធិបតេយ្យសេរីពហុបក្ស និងការបោះឆ្នោតសេរី ត្រឹមត្រូវ និងយុត្តិធម៌ ទទួលបានការគាំទ្រយ៉ាងពេញទំហឹង ពីសហគមន៍អន្តរជាតិ ហើយសហគមន៍អន្តរជាតិមិនបណ្តោយឲ្យប្រទេសកម្ពុជា វិលទៅរកអតីតកាល ដ៏អាក្រក់ឡើយ»។
កាលពីម្សិលម្ងៃ តំណាងរាស្ត្រមួយរូប មកពីគណបក្សសង្គ្រោះជាតិ លោក ឡុង ប៊ុន្នី និងកាលពីម្សិលម៉ិញ សមាជិកក្រុមប្រឹក្សាឃុំសង្កាត់ពីរនាក់ មកពីខេត្តតាកែវ និងរាជធានីភ្នំពេញ បានធ្វើលិខិតសុំ«ចុះចូល» ជាមួយគណបក្សប្រជាជនកម្ពុជា។ លិខិតសុំ«រួមជីវភាពនយោបាយ» របស់ក្រុមអ្នកចាកចេញ សុទ្ធតែមានសរសេរបញ្ជាក់ វាយតម្លៃប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ថាបានធ្វើទង្វើ«ក្បត់ជាតិ» ខណៈតុលាការនៅមិនទាន់សម្រេចទោស លើមេដឹកនាំបក្សប្រឆាំងរូបនេះនៅឡើយ។
ចលនាចាកចេញនេះ បានកើតឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាន ថ្លែងឲ្យថ្នាក់ដឹកនាំ របស់គណបក្សប្រឆាំង នៅតាមមូលដ្ឋាន ឲ្យចុះចូលជាមួយគណបក្សប្រជាជនកម្ពុជារបស់លោក ប្រសិនបើពួកគេ ចង់រក្សាតំណែងជាប់ឆ្នោត របស់ពួកគេ។
បុរសខ្លាំងកម្ពុជា បានថ្លែងកាលពីថ្ងៃអាទិត្យ តាមរយៈទូរទស្សន៍បាយ័ន្ដថា៖ «ឥឡូវ ខ្ញុំសូមផ្ដាំទៅមេឃុំ ចៅសង្កាត់ របស់គណបក្សសង្គ្រោះជាតិ ឬជំទប់ ឬសមាជិករបស់គណបក្សសង្គ្រោះជាតិ បើអ្នកចង់រក្សាតំណែង ជាចៅសង្កាត់ ជាមេឃុំតទៅទៀត អ្នកប្ដូរជីវភាព មកចូលគណបក្សប្រជាជនកម្ពុជាទៅ បន្តទៅ»។
នាយករដ្ឋមន្ត្រី-ប្រធានគណបក្សកាន់អំណាចរូបនេះ បានបន្តថា៖ «គណបក្សរបស់អ្នករលាយហើយ អ្នកមិនអាចនៅធ្វើជាមេឃុំ ចៅសង្កាត់ ឬជំទប់ ឬសមាជិកក្រុមប្រឹក្សាបានទៀតទេ ក៏ប៉ុន្តែ នៅពេលបក្សអ្នករលាយ អ្នកចង់ទៅតាមបក្សក៏ទៅ ប៉ុន្តែ បើអ្នកចង់នៅធ្វើមេឃុំ អ្នកប្រកាសចាកចេញ ពីគណបក្សហ្នុង ដែលគេរំលាយហើយ ទើបមិនប្រកាស ក៏វាអស់ដែរ ហើយគ្រាន់តែប្រកាសថា ខ្ញុំសុំចុះចូលគណបក្សប្រជាជន»។
ព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានផ្ទុះឡើងជាបន្តបន្ទាប់ រាប់បញ្ចូលទាំងបណ្ដឹង ទៅកាន់តុលាការ ដើម្បីប្ដឹងរំលាយគណបក្សប្រឆាំង និងការអនុម័តច្បាប់ធ្វើវិសោធនកម្ម ទៅច្បាប់ចំនួន៤ ដើម្បីដកហូតអាសនៈ ទាំងថ្នាក់ជាតិនិងមូលដ្ឋាន របស់គណបក្សនេះ ទៅចែកឲ្យគណបក្សផ្សេង ទោះគណបក្សទាំងនោះ គ្មានការគាំទ្រ ពីពលរដ្ឋម្ចាស់ឆ្នោតក៏ដោយ។
ប៉ុន្តែនៅចំពោះចលនាចាកចេញនេះ ក៏មានមន្ត្រីជាច្រើន បានសំដែងភក្ដីភាពរបស់ពួកគេ នៅជាមួយគណបក្សសង្គ្រោះជាតិ និងបានអះអាង ពីជម្រើសរបស់ផងខ្លួន ក្នុងការ«បម្រើ ឧត្ដមគតិ និងមនសិការ» ដែលពលរដ្ឋម្ចាស់ឆ្នោត បានប្រគល់មកឲ្យពួកខ្លួន។ ដូចយ៉ាង ចៅសង្កាត់ដ៏ល្បីឈ្មោះ នៅក្រុងបាត់ដំបង់ កញ្ញា ស៊ីន ចាន់រ៉ូហ្សែត បានប្រកាសពីជម្រើសរបស់នាង ក្នុងការមិនចាកចេញ ពីគណបក្សប្រឆាំង និងចុះចូល ជាមួយគណបក្សកាន់អំណាចឡើយ។
ចៅសង្កាត់ក្រមុំ នៅសង្កាត់អូរចារូបនេះ បានសរសេរ នៅលើគណបក្សហ្វេសប៊ុករបស់នាងថា៖ «កុំប្រើដៃម្ខាង គំរាមរំលាយបក្សខ្ញុំ និងដៃម្ខាងទៀត អូសទាញអោយខ្ញុំចុះចូល ជាមួយបក្សរបស់អ្នកឲ្យសោះ ព្រោះកាលខ្ញុំសម្រេចចិត្ត ចូលរួមជាមួយគណបក្សសង្គ្រោះជាតិដំបូង ខ្ញុំមិនដែលមានបំណង ចង់ធ្វើជាក្រុមប្រឹក្សាឃុំ/សង្កាត់ ឬមេឃុំ/ចៅសង្កាត់ ម្តងណាឡើយ គឺបំណងរបស់ខ្ញុំ មានតែមួយគត់ "ការផ្លាស់ប្តូរជាវិជ្ជមាន តាមរយះការបោះឆ្នោត ដោយឈរលើគោលការណ៍អហឹង្សា"»៕