បុកពីក្រោយរួច ចុះពីឡានទៅវាយធាក់យុវតីជិះម៉ូតូរហូតដួល
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី២៥ ធ្នូ ២០១៧
- កែប្រែចុងក្រោយ: December 25, 2017
- ប្រធានបទ: វាយតប់លើថ្នល់
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
រឿងរ៉ាវបានកើតឡើង តាំងពីរសៀលម៉ោងជាង៥ ក្នុងថ្ងៃទី២៣ ខែធ្នូនេះ ស្ថិតនៅតាមដងផ្លូវ២០០៤ សង្កាត់កាកាប រាជធានីភ្នំពេញ។ ពាក្យបណ្ដឹងរបស់យុវតីម្ចាស់ម៉ូតូ ដែលមានឈ្មោះ ឆែ សុផល អាយុ២៧ឆ្នាំ បានសរសេរឲ្យដឹងថា ដំបូងឡើយ នាងកំពុងបើកម៉ូតូចេញពីកន្លែងធ្វើការ ដែលស្ថិតក្នុងម្ដុំទួលគោក មកដល់ផ្លូវ២០០៤ ត្រង់ស្ថានីយ៍ប្រេងតូតាល់ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ស្រាប់តែជនសង្ស័យទាំង២នាក់ បើករថយន្តម៉ាកកូរ៉ូឡា អេស ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2Q-4653 មកបុកនាងពីក្រោយ។
ដោយសារការក្ដៅចិត្ត ត្បិតរថយន្ដបង្កមួយនេះ មិនព្រមឈប់ដើម្បីដោះស្រាយ នៅនឹងកន្លែង និងថែមទាំងបើកគេចចេញទៀតនោះ យុវតី ឆែ សុផល បានជិះម៉ូតូទៅតាមសួររកហេតុផល។ ប៉ុន្តែនាងបែរជាទទួលបានលទ្ធផល ខុសពីការំពឹងទុកទៅវិញ។
យុវតីបានសរសេរថា៖ «ពេលជិះមកដល់ស្ដុបអង្គតាម៉ិញ មនុស្សប្រុសចុះពីលើឡានមក វ៉ៃក្បាលនាងខ្ញុំចំនួនពីរដៃខាងក្រោយ រួច[បន្ត]ជិះឡាន រហូតមកដល់បាលីរីស៊ត ចុះពីលើរថយន្ដ[ជាថ្មី មក]ធាក់ខ្ញុំ [ចំ]ត្រកៀកខាងស្ដាំ រួចរត់គេច បើកឡានមកទុក នៅសាលាខណ្ឌពោធិ៍សែនជ័យ»។
វីដេអូដែលថតដោយកាម៉េរ៉ាសុវត្ថិភាព នៅត្រង់ចំណុចកើតហេតុ និងដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គមកាលពីម្សិលម៉ិញ បានបង្ហាញឲ្យឃើញបុរសម្នាក់ ចុះពីលើរថយន្ដប្រភេទ កូរ៉ូឡា អេស ហើយដើរទៅធាក់យុវតីដែលកំពុងជិះម៉ូតូ បណ្ដាលឲ្យដួលនៅលើទ្រូងផ្លូវ ក្រោមក្រសែរភ្នែករបស់អ្នកដំណើរ ជាច្រើននាក់ផ្សេងទៀត។ ក្នុងវីដេអូដដែល ដែលភ្ជាប់រូបភាពនៅពេលយុវតី ឆែ សុផល ចូលទៅប្ដឹងនៅឯប៉ុស្ដ៍នគរបាលនោះ គេឮយុវតីរូបនេះ និយាយថា នាងមិនបានស្គាល់បុរស«ខ្លាំង» ទាំងពីរនាក់នេះទេ ដោយទំនងជាចង់អះអាង ថាករណីនេះ មិនមែនជារឿងគំនុំអ្វីឡើយ។
ជនសង្ស័យទាំង២នាក់ មានម្នាក់ឈ្មោះ ស៊ី សុវណ្ណរិទ្ធ អាយុជាង៣០ឆ្នាំ ជាមន្រ្តីនៅសាលាខណ្ឌពោធិ៍សែនជ័យ ខណៈម្នាក់ទៀត គេនៅមិនទាន់ស្គាល់ឈ្មោះនៅឡើយ តែគេដឹងថាជាមន្រ្តី នៅសាលាខណ្ឌដូចគ្នា។ អ្នកទាំងពីរត្រូវបាននគរបាលកោះហៅ មកសាកសួរ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ ម្សិលម៉ិញ។ ខណៈនេះ ការសួរនាំកំពុងបន្តធ្វើ មុននឹងបន្តចំណាត់ការ តាមនីតិវិធី និងបញ្ជូនទៅតុលាការ៕