ខៀវ កាញារីទ្ធ៖ ការដកមន្ត្រីបក្សមិនបម្រើរាស្ត្រ ចាប់ផ្ដើមហើយ
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១០ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 10, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ជិត៤០ឆ្នាំ (រាប់ពីឆ្នាំ១៩៧៩) ឬជាង២០ឆ្នាំ (រាប់ពីឆ្នាំ១៩៩៣) ដែលគណបក្សប្រជាជនកម្ពុជា នៅកាន់អំណាច ស្រាប់តែទើបនៅពេលនេះ ដែលសមាជិកជាន់ខ្ពស់ របស់គណបក្សនេះ និងជារដ្ឋមន្ត្រីមួយរូប បានថ្លែងឡើងថា៖ «ចាប់ផ្ដើមហើយ»។
ចាប់ផ្ដើមរឿងអ្វី? គឺចាប់ផ្ដើមចាត់ការ លើមន្ត្រី«បក្ស»ណា ដែលមិនបម្រើរាស្ត្រ ដោយហេតុថា ទុកមន្ត្រី«អសកម្ម»ទាំងនោះ ឲ្យនៅធ្វើការផ្ដល់សេវាសាធារណៈ ឲ្យពលរដ្ឋម្ចាស់ឆ្នោត គឹមានន័យស្មើនឹងគណបក្សប្រជាជនកម្ពុជា កំពុងបន្តអនុវត្តន៍ រូបមន្តធ្វើ«អត្តឃាត»។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាសមាជិកជាន់ខ្ពស់ របស់គណបក្សកាន់អំណាច បានឆ្លើយ «ចាប់ផ្ដើមហើយ» ដូច្នេះ ទៅកាន់ប្រិយមិត្តម្នាក់ ដែលទំនងជាយល់ស្រប ពីការលើកឡើងរបស់លោក នៅលើបណ្ដាញសង្គម ជុំវិញកង្វះខាត ក្នុងការផ្ដល់សេវាសាធារណៈ ទៅឲ្យពលរដ្ឋ។ លោកបានរំលឹកឡើងវិញ ពីការ«គ្រប់គ្រង» ទៅដល់ថ្នាក់ដឹកនាំទាំងឡាយ និងបានទម្លាក់កំហុសធំបំផុត ទៅឲ្យមន្ត្រីរាជការ មកពី«គណបក្សនយោបាយ»» ដែលជាអ្នកទទួលបន្ទុក ផ្ដល់សេវាសាធារណៈទាំងនោះ។
រដ្ឋមន្ត្រីក្រសួងរដ្ឋរូបនេះ បានសរសេរឡើងថា៖ «មិនមែនការពាររឿងអាក្រក់ទេ តែឃើញបងប្អូនយើង និយាយពីចំនុចខ្វះខាតសេវាសាធារណៈ ដែលជាមូលហេតុមួយ នាំអោយមានការដូរចិត្ត [ក្នុងការបោះឆ្នោតថ្មីៗនេះ]។ ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ត្រូវចាប់ភ្លឹកពីរឿងគ្រប់គ្រង ប៉ុន្តែខ្ញុំចង់រំលឹកថា ក្នុងរដ្ឋមាន[មន្ត្រី]បក្សច្រើន។»។
សំណេរបស់លោក ខៀវ កាញារីទ្ធ បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន ជាពិសេសរហូតធ្វើឲ្យប្រិយមិត្តម្នាក់ ដាក់ឈ្មោះ «Leewood Phu» លូកមាត់លូកដៃ ផ្ដល់ជាយោបល់ និងចោទសួរថា៖ «បើក្នុងរដ្ឋមាន[មន្ត្រី]បក្សច្រើន ហេតុអីបន្តរក្សាទុក[មន្ត្រី]បក្ស ដែលមិនបម្រើរាស្ត្រ? មិនអាចបន្ត រូបមន្តអត្តឃាត តទៅទៀតបានទេ!»។
ដោយទំនងជាចង់បញ្ជាក់ពីអ្វី ដែលគណបក្សប្រជាជនកម្ពុជា ត្រូវអនុវត្តនយោបាយថ្មីរបស់ខ្លួន បន្ទាប់ពីបានរបូតអស់ ជិត៥០០កៅអីឃុំសង្កាត់... ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំសង្កាត់ អណត្តិទី៤នេះផង ទើបលោករដ្ឋមន្ត្រីបានសរសេរឆ្លើយតតប នឹងសំនួរខាងលើថា៖ «ចាប់ផ្តើមហើយ»៕