សម រង្ស៊ី ព្រមាន ហ៊ុន សែន ថានឹងទទួល​លទ្ធផល​«ផ្ទុយ​ស្រឡះ» ពី​ការ​រំពឹង​ទុក

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានចេញសារមួយព្រមានលោក ហ៊ុន សែន ពីរដ្ឋធានីប៉ារីស ប្រទេសបារាំងមកថា ការប៉ុនប៉ងទាំងឡាយណា ដែលចង់កំចាត់លោក ចេញពីឆាកនយោបាយនោះ នឹងនាំមក នូវលទ្ធផលផ្ទុយស្រឡះ ពីអ្វីដែលលោក ហ៊ុន សែន ខ្លួនលោកបានរំពឹងទុក។
សម រង្ស៊ី ព្រមាន ហ៊ុន សែន ថានឹងទទួល​លទ្ធផល​«ផ្ទុយ​ស្រឡះ» ពី​ការ​រំពឹង​ទុក
ពីឆ្វេងទៅស្ដាំ៖ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងនៅកម្ពុជា និងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រី - ប្រធានគណបក្សប្រជាជនកម្ពុជា។ (រូបថត ឯកសារ)
Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ កក្កដា ២០១៧
  • កែប្រែចុងក្រោយ: July 11, 2017
  • ប្រធានបទ: នយោបាយខ្មែរ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ភ្លាមៗ ក្រោយការអនុម័ត ការធ្វើវិសោធនកម្មច្បាប់ ស្ដីពីគណបក្សនយោបាយ ដែលត្រូវបានធ្វើឡើង ដោយរដ្ឋសភា (ដោយមានតែតំណាងរាស្ត្រ មកពីគណបក្សប្រជាជនកម្ពជា) ជាលើកទីពីរ ក្នុងរយៈពេលមិនដល់៥ខែផងនេះ លោក សម រង្ស៊ី មេដឹកនាំប្រឆាំងធំជាងគេ នៅកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន «ឈប់ខាតពេល ក្នុងការប៉ុនប៉ងសម្លាប់ សម រង្ស៊ី តាមផ្លូវនយោបាយ» តាមរយៈការកែច្បាប់ខាងលើនេះ។

លោក សម រង្ស៊ី បានសរសេរ នៅលើទំព័រហ្វេសប៊ុករបស់លោក ពីរដ្ឋធានី ប៉ារីស ប្រទេសបារាំង ទីកន្លែងដែលលោកបាននិរទេសខ្លួន ចេញពីការចាប់ចង របស់អាជ្ញាធរកម្ពុជា តាំងពីច្រើនខែមកនោះ ព្រមានលោក ហ៊ុន សែន ថាការប៉ុនប៉ងទាំងនោះ នឹងនាំមក«នូវលទ្ធផលផ្ទុយស្រឡះ» ពីអ្វីដែលោក ហ៊ុន សែន បានរំពឹងទុក។

«រដ្ឋសភាទីងមោង»

អតីតប្រធានគណបក្សប្រឆាំង បានសរសេរពន្យល់ថា ក្នុងរយៈពេល ២០ ឆ្នាំកន្លងទៅនេះ លោក ហ៊ុន សែន បានប៉ុនប៉ងតាមសម្លាប់លោក ឥតល្ហែ។ លោកបានរៀបរាប់ថា៖ «ប៉ុនប៉ងសម្លាប់រាងកាយក៏មាន ដូចក្នុងការវាយប្រហារ ដោយគ្រាប់បែកដៃ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃ ៣០ មិនា ១៩៩៧ ប៉ុនប៉ងសម្លាប់ តាមផ្លូវតុលាការក៏មាន តាមរយៈដីការាប់មិនអស់ ពីតុលាការអាយ៉ងរបស់គាត់ ឲ្យខ្ញុំជាប់ពន្ធនាគារ រាប់សិបឆ្នាំ ហើយចុងក្រោយនេះ ប៉ុនប៉ងសម្លាប់ តាមផ្លូវច្បាប់ តាមរយៈច្បាប់ ស្តីពីគណបក្សនយោបាយ គួរឲ្យអស់សំណើចនេះ ដែលគេកែច្នៃ ដើម្បីគ្រាន់តែសំដៅ មកលើបុគ្គលម្នាក់»។

«ខ្ញុំមានកិត្តិយសណាស់ ដែលលោក ហ៊ុន សែន គិតគូរដល់ខ្ញុំឥតឈប់ឈរ តែក្នុងស្មារតីមិត្តភាព និងការទទួលខុសត្រូវ ខ្ញុំសូមស្នើទៅវិញ ឲ្យលោក ហ៊ុន សែន ក្នុងឋានៈគាត់ជានាយករដ្ឋមន្ត្រី គួរតែប្រើប្រាស់ពេលវេលា និងថាមពលរបស់គាត់ ដើម្បីធ្វើការផ្សេងៗទៀតវិញ ដែលមានប្រយោជន៍ជាងនេះ សម្រាប់ប្រទេសជាតិ»។

លោក សម រង្ស៊ី បានបន្តទៀតថា៖ «គួរណាស់លោក ហ៊ុន សែន ជម្រុញឲ្យរដ្ឋសភាធ្វើច្បាប់ ដែលមានប្រយោជន៍ពិតប្រាកដ ដើម្បីកែតម្រូវអ្វីដែលខុសឆ្គង នៅក្នុងប្រទេសមួយ ដែលមានភាពក្រឡាប់ចាក់ ធ្វើឲ្យរាស្ត្រ ជួបការលំបាកគ្រប់ទីកន្លែង។ គួរណាស់ផងដែរ លោក ហ៊ុន សែន បង្ហាញពីចក្ខុវិស័យរបស់គាត់ ដើម្បីប្រមើលមើល ពីភាពទាន់សម័យ និងភាពជឿនលឿន សម្រាប់ប្រទេសកម្ពុជា មានន័យថា គាត់មិនគួរបញ្ចេញរាល់ថ្ងៃ នូវចរិកជាមេទ័ពខ្មែរក្រហម ដូចគាត់បានធ្វើមែននោះ ក្នុងអតីតកាល។»។

«ភាពកម្សោយ និងភាពកំសាក»

មេដឹកនាំប្រឆាំង បានសង្កត់ធ្ងន់ថា លោក ហ៊ុន សែន គួរយល់ពីការប៉ុនប៉ង (កម្ចាត់លោក សម រង្ស៊ី) តាមមធ្យោបាយណាក៏ដោយ វាគ្មានបានប្រយោជន៍ទេ ទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងទាំងក្នុងអនាគតកាល។ លោកថា៖ «ផ្ទុយទៅវិញ ការប៉ុនប៉ងបែបនេះ វាគ្រាន់តែបង្ហាញពីភាពកម្សោយ និងភាពកំសាករបស់គាត់ បើគិតពីផ្លូវចិត្ត និងផ្លូវសីលធម៌ ហើយវានឹងនាំមក នូវលទ្ធផលផ្ទុយស្រឡះ ពីអ្វីដែលគាត់រំពឹងទុក»។

លោក សម រង្ស៊ី បានលើកយករឿងរ៉ាវមួយចំនួន នៅក្នុងសាសនា រឿងព្រេង និងជំនឿប្រពៃណីជាច្រើន មកបញ្ជាក់ ដោយប្រៀបធៀប ការប៉ុនប៉ងសម្លាប់តួឯក ដ៏សំខាន់ជាងគេ នឹង​ធ្វើឲ្យតួឯកនោះ កាន់តែរស់រវើកឡើង ហើយមានប្រជាប្រិយភាព កាន់តែខ្លាំងឡើង។ អតីតប្រធានគណបក្សសង្គ្រោះជាតិ បានសរសេរទៀតថា៖ «ដើម្បីជួយឲ្យលោក ហ៊ុន សែន កាន់តែងាយយល់ អំពីការយល់ច្រឡំរបស់គាត់ ខ្ញុំចង់ប្រាប់គាត់ថា មិនមែនមានតែ សម រង្ស៊ី មួយរូបទេ ដែលគាត់ចង់កម្ចាត់នោះ តែមាន សម រង្ស៊ី រាប់លាននាក់ នៅប្រទេសកម្ពុជា ពីព្រោះថា ពលរដ្ឋខ្មែរណា ដែលស្រឡាញ់ជាតិ ហើយដែលតស៊ូដើម្បីសេរីភាព និងយុត្តិធម៌ អាចទទួលបានឈ្មោះថាជា សម រង្ស៊ី»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...