ចោរពានវាំង ថ្លើមធំហ៊ានក្លែងបន្លំព្រះរាជក្រឹត្យរបស់ព្រះរាជា!
- ដោយ: មនោរម្យ.អាំងហ្វូ ([email protected]) - ភ្នំពេញ ថ្ងៃទី១១ មិថុនា ២០១៧
- កែប្រែចុងក្រោយ: June 12, 2017
- ប្រធានបទ: នយោបាយខ្មែរ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
តើមានទោសដល់កម្រិតណា ដែលហ៊ានយកព្រះរាជក្រឹត្យរបស់ស្ដេចផែនដី មកកោសប្ដូរ បំភ័ន្ដបន្លំ បង្កឲ្យមានការយល់ច្រឡំ ធ្វើការបរិហារកេរ្តិ៍ និងឈានទៅដល់ការរើសអើងជាតិសាសន៍ ថែមទៀតនោះ? ច្បាប់កម្ពុជា មិនត្រឹមតែដាក់ទោសជនពានវាំង (ម្នាក់ ឬច្រើននាក់) ដែលថ្លើមធំហ៊ានប្រព្រឹត្តិអំពើទាំងនេះ ទាំងងងើលនោះទេ តែបើសូម្បីអ្នកចែករំលែកឯកសារក្លែងក្លាយ ក៏ត្រូវមានទោសជាទម្ងន់ដែរ។
តាំងពីថ្ងៃទី៦ ខែមិថុនានេះមក ពោលគឺពីរថ្ងៃក្រោយការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤រួច រូបថតបង្ហាញពីទម្រង់ព្រះរាជក្រឹត្យមួយសន្លឹក ត្រូវបានបង្ហោះផ្សព្វផ្សាយ នៅពាសពេញបណ្ដាញសង្គម និងថែមទាំង ត្រូវបានសារព័ត៌មានក្នុងស្រុកជាច្រើន យកទៅផ្សព្វផ្សាយបន្តនោះទៀត។ ការបង្ហោះ និងការផ្សព្វផ្សាយទាំងនោះ មិនបានគិតដល់ផងទេ ពីសិទ្ធិបុគ្គល នៃមនុស្សដែលមានឈ្មោះ នៅក្នុងរូបព្រះរាជក្រឹត្យនោះ។
» រូបស្ដីពីព្រះរាជក្រឹត្យក្លែងបន្លំ៖
ប៉ុន្តែមូលហេតុខាងក្រោមនេះ នឹងបង្ហាញឲ្យឃើញថា ចោរពានវាំង(ម្នាក់ ឬមួយក្រុម)នោះ មានបំណងដ៏ទុរយសច្រើនយ៉ាង ដែលបំណងដំបូងបំផុត គឺបំបាក់រូបភាពនយោបាយ របស់គណបក្សមួយ ដោយបានអះអាងទាំងទទឹងទិស ថាបេក្ខនារីចៅសង្កាត់មួយរូប ដែលទើបនឹងជាប់ឆ្នោត មកពីគណបក្សនោះ ជាជនជាតិវៀតណាម ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់ផ្ដល់សញ្ជាតិកម្ពុជាឲ្យ។ ការអង្កេតរបស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ ដែលសហការជាមួយ នឹងមន្ត្រីច្បាប់ខាងរាជកិច្ចច្រើននាក់ បានបញ្ជាក់ឲ្យដឹងទៀតថា ព្រះរាជក្រឹត្យពិតប្រាកដមួយ ត្រូវបានយកមកធ្វើការកាត់ត កោសលប់ និងដាក់បញ្ចូលបន្ថែមបន្ថយ ខណៈជននៅពីក្រោយការក្លែងបន្លំនេះ មិនទាំងដឹងថា អ្វីទៅជាឯកសារបទដ្ឋាន ទាក់ទងនឹងការចុះបញ្ជី នៃឯកសារព្រះរាជកិច្ចផងទេ។
ខាងក្រោមនេះ ជាការរកឃើញបីចំណុចធំៗ ដែលបញ្ជាក់ថា រូបខាងលើជាព្រះរាជក្រិត្យក្លែងបន្លំ៖
១) គ្រាន់តែមូលហេតុមួយនេះ អាចបញ្ជាក់បានរួចទៅហើយ ថារូបព្រះរាជក្រឹត្យខាងលើ មានលក្ខណៈក្លែងបន្លំ ប្រឌិត ឬហៅម្យ៉ាងទៀត ថាជាព្រះរាជក្រឹត្យ«សេះហោះ»។ នោះ គឺព្រះរាជក្រឹត្យខាងលើ ដែលចុះព្រះហស្ថលេខានៅខែមីនា ឆ្នាំ២០១៤ គ្មានចុះនៅក្នុងសៀវភៅព្រះរាជកិច្ច ដែលជាសៀវភៅចុះបញ្ជីផ្លូវការ តែមួយគត់ នៃបណ្ដាព្រះរាជសារ ឬលិខិតស្នាមគតិយុត្តិទាំងឡាយ ដែលចេញពីស្ថាប័នព្រះមហាក្សត្រ (ឬស្ថាប័នប្រមុខរដ្ឋ ដែលអាចរាប់បញ្ចូល ពីប្រមុខរដ្ឋស្ដីទី នៅពេលអវត្តមានព្រះមហាក្សត្រ) នោះទេ។
» ចំណុចសំខាន់ៗ ដែលពន្យល់ថារូបនេះ ជាការកោសលប់ ក្លែងបន្លំ ក្នុងព្រះរាជក្រឹត្យក្លែងបន្លំនេះ៖
២) ការចុះបញ្ចីលេខ របស់ព្រះរាជក្រឹត្យខាងលើ បង្ហាញពីភាពខ្វះចន្លោះរបស់ចោរពានវាំង ដែលគ្រាន់តែចេះកាត់ត ឬសរសេរបញ្ជាន់ពីលើប៉ុណ្ណោះ។ រូបព្រះរាជក្រឹត្យនេះ បានសរសេរ (បញ្ជាន់កាត់ត) នៅត្រង់លេខចុះបញ្ជីដូច្នេះថា «នស/រកត/០៣១៧/៣៨៣»។ លេខចុះបញ្ជីមួយឃ្លានេះ មានសេចក្ដីថា នស=នរោត្ដម សីហមុនី / រកត=រាជក្រិត្យ / ០៣១៧=ខែមីនា ឆ្នាំ២០១៧ / និងលេខ៣៤៣=លេខរៀងរបស់ព្រះរាជក្រិត្យ ដែលស្ថាប័នព្រះមហាក្សត្រ ព្រះបាទ នរោត្ដម សីហមុនី បានត្រាស់បង្គាប់ (បានចុះព្រះហស្ថលេខា ឬចេញផ្សាយ)។ តែផ្ទុយទៅវិញ ការចុះបញ្ជីលេខខាងលើ មិនត្រូវគ្នាជាមួយនឹងលេខ «ពរល.៧៩២៤ ២៣៥» (នៅខាងក្រោម-ឆ្វេង) និងថ្ងៃខែឆ្នាំ (នៅខាងក្រោម-ស្ដាំ) ដែលបញ្ជាក់ពីកាលបរិច្ឆេទ នៃការចុះព្រះហស្ថលេខា នៅខែមីនា ឆ្នាំ២០១៤នោះទេ។ ភាពមិនត្រូវគ្នានេះ បញ្ជាក់ច្បាស់ថា ព្រះរាជក្រឹត្យខាងលើ ជាឯកសារក្លែងបន្លំ។
៣) អញ្ចឹងតើរូបថត នៃព្រះរាជក្រឹត្យ«សេះហោះ»មួយនេះ ចេញពីណា? យើងបានរកឃើញ និងចាប់អារម្មណ៍ ទៅលើព្រះរាជក្រឹត្យពិតប្រាកដមួយ ដែលចុះលេខបញ្ជី «នស/រកត/០៤១៥/៣៧៩» ចុះថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៥ (ដាក់បង្ហាញជូន ដូចខាងក្រោម) ដែលព្រះមហាក្សត្រត្រាស់បង្គាប់ ផ្តល់សញ្ជាតិខ្មែរ ដល់លោក ឡេ ឌិញប៊ូ (LE DINH BUU) មានដើមកំណើតជាជនជាតិវៀតណាម កើតថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ១៩៥៨ នៅស្រុកតៃស៊ឺន ខេត្តបិញឌិញ ប្រទេសវៀតណាម ដោយប្តូរឈ្មោះខ្មែរជា កែវ តារា (KEO DARA)។ ព្រះរាជក្រឹត្យពិតនេះ ដូចគ្នាបេះបិទ ទៅនឹងព្រះរាជក្រិត្យ«ក្លែងបន្លំ»ខាងលើ ដោយគ្រាន់តែខុសគ្នា ត្រង់ការចុះលេខបញ្ចី ឈ្មោះសាមីខ្លួន និងថ្ងៃខែ ឆ្នាំប៉ុណ្ណោះ។ ជាពិសេស កន្លែងដែលខុសគ្នា នៅលើព្រះរាជក្រឹត្យក្លែងក្លាយ ត្រូវបានសរសេរអក្សរ ដែលមានសភាព«ស្ដើង»ជាងអក្សរនៅលើព្រះរាជក្រឹត្យពិត។
» រូបស្ដីពីព្រះរាជក្រឹត្យពិត៖
ទាំងនេះហើយ ជាអ្វីដែលគេគប្បីត្រូវយល់។ ហើយការចែករំលែក ដែលធ្វើឡើងដោយគ្រាន់តែ«ផ្អើលតាមគ្នា» អាចនឹងធ្វើជនរងគ្រោះម្នាក់ ស្លាប់ទាំងគ្នាមិនបានដឹងរឿងអ្វីទាំងអស់។ គេគប្បីយល់បន្ថែមទៀតថា បើទោះមានដើមកំណើត មកពីជនជាតិអ្វីក៏ដោយ ក៏ការធ្វើសញ្ជាតូបនីយកម្ម មានន័យស្មើនឹងផ្ដល់ទៅឲ្យជនបរទេសរូបនោះ នូវ«សិទ្ធិនិងកាតព្វកិច្ច» ដូចពលរដ្ឋកម្ពុជាទូទៅដែរ រាប់ទាំងសិទ្ធិនយោបាយ ដូចជាការឈរឈ្មោះ ជាបក្ខជន-បេក្ខនារី តំណាងនៅតាមមូលដ្ឋាន ឬតំណាងនៅថ្នាក់ជាតិ។ នោះ គឺដោយសារតែជនជាតិបរទេសម្នាក់នេះ ត្រូវបានធ្វើសញ្ជាតូបនីយកម្ម ត្រាស់បង្គាប់និងផ្ដល់ដោយព្រះរាជា ដែលសូម្បីនាយករដ្ឋមន្ត្រី ក៏ត្រូវគោរព និងអនុវត្តន៍តាមដែរ។
ប៉ុន្តែសំនួរជាបន្តទៅទៀត សួរថាតើនរណាជា«ចោរពានវាំង» និងជា«អ្នកនៅពីក្រោយ»ចោរពានវាំង? ជាសំនួរ ដែលមិនពិបាកឆ្លើយទេ ព្រោះ«ចោរពានវាំង»នោះ ត្រូវតែជាអ្នកមានអំណាច (ម្នាក់ ឬមួយក្រុម) ដែលអាចរកឯកសារព្រះរាជក្រឹត្យបែបនេះ បានយ៉ាងងាយ និងដែលដឹងខ្លួនថា ពេលធ្វើអំពើនេះហើយ នឹងគ្មាននរណាម្នាក់ ហ៊ានចាប់ទោសអូសដំណើរអ្វីឡើយ។ «ចោរពានវាំង»នោះ ក៏ត្រូវជាអ្នកដែលដឹងយ៉ាងច្បាស់ដែរ ពីលទ្ធផលបឋម នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤នេះ ព្រមទាំងដឹងយ៉ាងច្បាស់ និងលឿនជាងគេបំផុត នូវឈ្មោះបេក្ខជនចៅសង្កាត់ថ្មីរូបណា ដែលទើបនឹងជាប់ឆ្នោត ខណៈលទ្ធផលបឋម«ផ្លូវការ» ត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសយឺតពេល រហូតមកដល់ជិតមួយសប្ដាហ៍ ក្រោយការបោះឆ្នោត៕