សង្ខេប​គោលនយោបាយ របស់​គណបក្ស​ទាំង​ប្រាំបី ក្នុង​ការ​ប្រជែង​ឆ្នោត​ឆ្នាំ​២០១៣

ចង់ដឹងថា តើគណបក្សនយោបាយទាំងប្រាំបី ដែលចូលរួមក្នុងការបោះឆ្នោតខាងមុខ មាននយោបាយអ្វីខ្លះ? ខាងក្រោម​នេះជាគោលនយោបាយរបស់គណបក្សទាំងនោះ ដែលមនោរម្យព័ងអាំងហ្វូ សូមធ្វើការសង្ខេបជូន ដើម្បីនិយាយ​ឲ្យ​«ស្រួលស្ដាប់»បាន គ្រាន់នឹងទុកជូនខ្មែរអ្នកម្ចាស់ឆ្នោត ធ្វើការត្រិះរិះពិចារណា។
Loading...
  • ដោយ: អ៊ុម វ៉ារី
  • កែប្រែចុងក្រោយ: June 29, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ចង់ដឹងថា តើគណបក្សនយោបាយទាំងប្រាំបី ដែលចូលរួមក្នុងការបោះឆ្នោតខាងមុខ មាននយោបាយអ្វីខ្លះ? ខាងក្រោម​នេះជាគោលនយោបាយរបស់គណបក្សទាំងនោះ ដែលមនោរម្យព័ងអាំងហ្វូ សូមធ្វើការសង្ខេបជូន ដើម្បីនិយាយ​ឲ្យ​«ស្រួលស្ដាប់»បាន គ្រាន់នឹងទុកជូនខ្មែរអ្នកម្ចាស់ឆ្នោត ធ្វើការត្រិះរិះពិចារណា។


ការចូលរួមបោះឆ្នោតឃុំសង្កាត់ កាលពីឆ្នាំ២០១២កន្លងទៅ។

ប្រាំឆ្នាំម្តង «នៅកម្ពុជា» ជាពេលវេលាមួយ ដែលគ្រប់គណបក្សនយោបាយត្រូវបង្ហាញពីគោលនយោបាយ និងការ​តាំង​ចិត្តរបស់ខ្លួន ជូនដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ដើម្បីធ្វើការពិចារណា និងសម្រេចចិត្ត។ គ្រប់និន្នាការនយោបាយ ការឃោសនានា ការបង្ហាញពីគោលការណ៍ដឹកនាំរបស់គណបក្សទាំងនេះ ត្រូវបានផ្តល់នូវសិទ្ធិស្មើរៗគ្នាដោយ គ.ជ.ប តាមគ្រប់វិធី«សុច្ចរិត និងសមធម៌»។

មនោរម្យព័ងអាំងហ្វូ សូមធ្វើការបង្ហាញដោយសង្ខេបនូវ«គោលនយោបាយ»សំខាន់ៗ របស់គណបក្សទាំងប្រាំបី​ដែល​មានចំនូន«ប្រាំបីបន្ទាត់» ស្របតាមចំនួនគណបក្សក្នុងបញ្ជីបោះឆ្នោត ដោយឈរលើ«គោលការណ៍ស្មើភាពគ្នា»។ យើង​សូមរៀបតាមលំដាប់លេខរៀងរបស់គណបក្ស នូវ«ខ្លឹមសារ» ដោយយោងតាមកិច្ចសម្ភាសន៍ផ្ទាល់ និងតាមឯកសារ​របស់គណបក្សនីមួយៗ បានដាក់តំកល់នៅ គ.ជ.ប ដើម្បីចូលរួមការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃអាទិត្យ ទី២៨ ខែកក្កដា ឆ្នាំ២០១៣។ សូមតាមដានដូចខាងក្រោម៖

១- គណបក្ស«សញ្ជាតិកម្ពុជា»

ជាមួយនឹងបាវចនាសញ្ជាតិ សាសនា អធិបតរយ្យ គណបក្សនេះប្រកាន់ជំហរបង្រួមបង្រួម ផ្សះផ្សារ ឯកភាពជាតិ មិនគិត​ពីអតីតកាល គិតតែពីបច្ចុប្បន្ន និងអនាគត យកអតីតកាលជាបទពិសោធន៍ ដោះស្រាយបញ្ហាតាមសន្តិវិធី គោរពសិទ្ធិ​មនុស្ស និងលិទ្ធិប្រជាធិបតេយ្យ គោរពសេរីភាពសាសនា ដោយមិនរើសអើងជំនឿសាសនា មិនប្រកាន់និន្នាការ​នយោបាយ លុបចោលទោសប្រហាជីវិត ពង្រឹងវប្បធម៌នីតិរដ្ឋ ជំរុញ និងលើកកំពស់ការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ចាត់ទុកភាពក្រីក្រជាសត្រូវចំពោះមុខ ដែលត្រូវដោះស្រាយ។ គាំទ្ររបបរាជានិយម គោរពរ​ដ្ឋធម្មនុញ្ញ ការពារ បំរើ និងឧបត្ថមរាស្ត្រ។ មិនរើសអើងសាសនា និន្នាការនយោបាយ ធ្វើការទប់ស្កាត់និងដោះស្រាយ​រាល់​បញ្ហាអវិជ្ជមាន។

២- គណបក្ស«ហ៊ុនស៊ិនប៉ិច»

ហ៊្វុនស៊ិនប៉ិច ជាគណបក្សរាជានិយម ការពាររបបរាជានិយម គោរព និងការពាររដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ និងបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ដែលមានព្រះមហាក្សជានិមិត្តរូបនៃសាមគ្គីភាព ឯកភាពជាតិ អធិបតេយ្យ បូរណភាពទឹកដី និង​យុត្តិធម៌សង្គម។ គោរពគ្រប់គោលការណ៍ ស្តីពីព្រះរាជបុព្វសិទ្ធិ នៃព្រះមហាក្សត្រស្របតាមរដ្ឋធម្មនុញ្ញ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ លើកស្ទួយ និងអនុវត្តមាគ៌ានយោបាយសីហនុនិយម ក្នុងការកសាង ស្ថាបនា និងអភិវឌ្ឍន៍​ប្រទេសជាតិ ឲ្យបាន​រុងរឿងថ្កើងថ្កាន ដូចមានគំរូដឹកនាំក្នុងសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាវីរក្សត្រ ជាព្រះបិតា​ស្ថាបនិកហ៊្វុនស៊ិនប៉ិច។ មាគ៌ានយោបាយរាជានិយម សីហនុនិយម គឺនយោបាយជាតិ បង្រួបបង្រួមខ្មែរគ្រប់​និន្នាការ។

៣- គណបក្ស«សាធារណរដ្ឋប្រជាធិបតេយ្យ»

គណបក្សនេះធ្វើការឯកភាពជាតិ, ការស្ថាបនាជាតិ, ការពារអធិបតេយ្យជាតិ បូរណភាពទឹកដី អនុវត្តលិទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ប្រឆាំងនូវរាល់អំពើភារវកម្មគ្រប់ប្រភេទ គោរពសិទ្ធិមនុស្សស្របតាមសន្ធិសញ្ញាអង្គការសហប្រជាជាតិ និង​ចូលរួមក្នុងការថែរក្សាសន្តិសុខពិភពលោក។ ឈរលើមូលដ្ឋានច្បាប់ និងការអនុវត្តច្បាប់ដើម្បី សុខភាព គ្រប់គ្រងដីធ្លី បៀវត្ស​ទាំងមន្ត្រីរាជការ និងឯកជន សិក្សាធិការជាតិ អំពើពុករលួយ សេដ្ឋកិច្ច(អតិផរណាទំនិញ) ជនអន្តោប្រវេស ការងារ ស្ត្រីនិងកុមារ យុត្តិធម៌សង្គម សន្តិសុខ និងសុវត្តិភាព យុត្តិធម៌សង្គម និងគ្រឿងញៀន។ អនុវត្តរដ្ឋធម្មនុញ្ញ ផ្តល់សិទ្ធិ និង​សេរីភាពជូនពលរដ្ឋខ្មែរ អនុវត្តប្រព័ន្ធឯកត្តនាម កំណែទម្រង់ប្រព័ន្ធរដ្ឋាភិបាល ព្រមទាំងលើកស្ទួយវិស័យការពារជាតិ។

៤- គណបក្ស«ប្រជាជនកម្ពុជា»

យុត្តិធម៌ ជំនឿ នឹងការគាំទ្រការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលកើតចេញពីទឹកចិត្ត និងឆន្ទះដ៏ឧត្តុងឧត្តមរបស់​បងប្អូនប្រជាពលរដ្ឋទាំងអស់ ជាប្រភពដ៏ខ្លាំង និងដ៏ធំធេង ដែលធ្វើឲ្យគណបក្សប្រជាជនមានលទ្ធភាពគ្រប់គ្រាប់ ក្នុងការ​បំពេញភារកិច្ចបំរើជាតិ និងប្រជាជន ប្រកកបដោយជោគជ័យ។ រយៈពេលជិត៣៥ឆ្នាំមកនេះ នៅគ្រប់ស្ថានភាព និងគ្រប់​កាលៈទេសៈ គណបក្សប្រជាជនជាកម្លាំងនយោបាយតែមួយគត់ ដែលបានផ្សារភ្ជាប់ រួមសុខ រួមទុក្ខជាមួយប្រជាជន និង​ធ្វើអ្វីៗគ្រប់យ៉ាងដើម្បីប្រជាជន សម្រេចបានលមិទ្ធផលធំៗជាប្រវត្តិសាស្រ្តយ៉ាងច្រើនជូនជាតិ។ ការដឹកនាំតស៊ូ​សង្គ្រោះ​ជាតិឲ្យរស់ឡើងវិញរួចផុត ពីរបបប្រល័យពូជសាសន៍ថ្ងៃ៧ មករា ១៩៧៩ និងបាននាំមកនូវជូនប្រជាជន​វិញនូវសិទ្ធិ​សេរីភាព ប្រជាធិបតេយ្យ។

៥- គណបក្ស«ខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច»

គោលនយោបាយ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ចមាន អភិវឌ្ឍន៍ធនធានមនុស្ស កសិឧស្សាហកម្ម ទេសចរណ៍ និង​សេដ្ឋកិច្ច។ អត្ថន័យរបស់គណបក្ស ផ្តោតសំខាន់លើយុវជន ជាអ្នកស្នងមនុស្សជំនាន់មុន ជំនាន់អង្គធំ។ សច្ចៈ សុចរិត​យុត្តិធម៌ និងសង្គ្រោះបំរើការពារ មានន័យស្មើរនឹង រាល់សេចក្តីសម្រេច សេចក្តីប្រកាស ត្រូវទទួលខុសត្រូវនិង​អនុវត្តន៍​ជាចាំបាច់។ ធ្វើអ្វីៗគ្រប់យ៉ាងដោយភាពត្រឹមត្រូវ មិនប្រកាន់បក្សពួក មិត្តភ័ក្រ បងប្អូន អនុវត្តនីតិរដ្ឋ។ ផ្តល់យុត្តិធម៌ ស្មើគ្នា​មិនមានអ្នកធំ មិនមានអ្នកតូច មិនមានអ្នកមាន មិនមានអ្នកក្រ។ ជួយពលរដ្ឋដែលកំពុងរងទុក្ខ សុំឥ្យរដ្ឋាភិបាលជួយ។ ផ្តល់ការងារជូនពលរដ្ឋ និងពន្យល់បង្ហាញ ឲ្យបានយល់ និងធ្វើការបាន។ ចាត់មន្ត្រីពិនិត្យរាល់ការងារ មិនឲ្យជនឈ្លាត​ឱកាសកេងប្រវ័ញ្ញលើពលរដ្ឋ។

៦- គណបក្ស«ខ្មែរឈប់ក្រ»

ក្នុងចំណោមគោលនយោបាយជាងដប់ចំណុច  មានប្រាំមួយចំណុចដែលសំខាន់ជាងគេ។ ទីមួយកាត់បន្ថយ និង​ព្យាយាម​បំបាត់ឲ្យអស់ភាពក្រីក្រ។ ទីពីរបង្កើត និងរកការងារធ្វើឲ្យបានច្រើនសម្រាប់ប្រជាពលរដ្ឋ ជៀសវាងការធ្វើចំណាកស្រុក។ ទីបីបញ្ឈប់ការរំលោភបំពានយកដីធ្លី ពីប្រជាពលរដ្ឋស្លូតត្រង់ ពីអ្នកមានអំណាចផ្តាច់ការ។ ទីបួនបំបាត់អំពើពុករលួយ ដែល​ជាមេរោគមួយដែលស៊ីរូងផ្ទៃក្នុង ក្នុងសង្គមខ្មែរ និងសង្គមប្រជាធិបតេយ្យ បំបាត់តាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។ ទីប្រាំ​លើកតំកើងវិស័យអប់រំសិក្សា។ ទីប្រាំមួយផ្តល់ជំនួយដល់ចាស់ជរា និងជនពិការនូវថវិការ និងការធានារាប់រង​ផ្នែក​សុខភាព។ ការបង្រួមបង្រួមជាតិ គោរពការពារសេរីភាពពលរដ្ឋ ពិសេសស្ត្រីនិងកុមារ និងផ្តល់អំណាចដល់ប្រជាពលរដ្ឋ។

៧- គណបក្ស«សង្គ្រោះជាតិ»

គណបក្សសង្គ្រោះជាតិ គោរពច្បាប់រដ្ឋធម្មនុញ្ញ ឈរលើកម្មវិធីនយោបាយប្រាំពីរចំណុចដូចជា ប្រជាពលរដ្ឋក្រីក្រ ទទួល​បានការព្យាបាលជំងឺដោយឥតគិតថ្លៃ (មិនយកប្រាក់)។ មន្ត្រីរាជការទាំងអស់ទទួលបានប្រាក់បៀវត្ស ទាបបំផុត​មួយ​លាន​រៀលក្នុងមួយខែ។ កសិករ ត្រូវទទួលបានការធានាលើតម្លៃកសិផល ជាពិសេសស្រូវឲ្យនៅកំរិតទាបបំផុត​មួយពាន់រៀល​ក្នុងមួយគីឡូក្រាម។ ចាស់ៗជរា ចាប់ពីអាយុហុកសិបប្រាំឆ្នាំឡើងទៅ ម្នាក់ៗនឹងទទួលបានប្រាក់ឧបត្ថមចំនួន​បួនម៉ឺនរៀល​ក្នុងមួយខែ។ កម្មករ កម្មការី ក៏នឹងទទួលបានប្រាក់ខែទាបបំផុត ហុកសិបម៉ឺនរៀលក្នុងខែ។ យុវជនជាទំពាំងស្នង ក៏នឹង​ត្រូវទទួយបានឱកាសដូចៗគ្នាក្នុងការអប់រំ និងការមានការងារត្រឹមត្រូវ។ ធ្វើការបញ្ចុះតម្លៃប្រេងសាំង ជីកសិកកម្ម អគ្គីសនី អត្រាការប្រាក់ ។

៨- គណបក្ស«សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ»

គោលនយោបាយរបស់សម្ព័ន្ធដើម្បីប្រជាធិបតេយ្យ សំដៅទៅរកការកាត់បន្ថយ«អំណាច»នាយករដ្ឋមន្ត្រី ឲ្យមានតុល្យភាព​រវាងអ្នកកាន់អំណាច ជាមួយនឹងប្រជាពលរដ្ឋដែលជាម្ចាស់អំណាច។ ការកាត់បន្ថយអំណាចនាយករដដ្ឋមន្ត្រីនេះ មាន​«ប្រាំបី»ចំណុចដូចជា៖ កំណត់អាណត្តិនាយករដ្ឋមន្ត្រីត្រឹមពីរអាណត្តិ, មិនអនុញ្ញាតឲ្យនាយករដ្ឋមន្ត្រី បង្កើតក្រុមអង្គរក្ស​ដោយខ្លួនឯង, តម្រូវឲ្យនាយករដ្ឋមន្ត្រីរស់នៅក្នុងនិវេសនដ្ឋានរដ្ឋ, បង្កើតតុលាការរដ្ឋបាល, ឋានន្តរសក្តិចាប់ពី​ឧត្តមសេនីយ៍​យោធា និងនគរបាលត្រូវសុំសេចក្តីទុកចិត្តពីសភា, អព្យាក្រិតមន្ត្រីរាជការ, បោះឆ្នោតជ្រើសរើស និងដកតំណាងគ្រប់​លំដាប់​ឃុំ/សង្កាត់ ក្រុង/ស្រុក/ខណ្ឌ ខេត្ត/រាជធានី ដោយប្រជាពលរដ្ឋផ្ទាល់ និងធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ​តាម​«ប្រព័ន្ធចម្រុះ» ។

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...