បកស្រាយច្បាប់ពីការប្រជុំសភាដំបូង ការដកហូតអសនៈ ចង់បង្កើតរដ្ឋាភិបាលតែឯង
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ ការប្រកាសរៀបចំរដ្ឋាភិបាល របស់នាយករដ្ឋមន្ត្រីចាំផ្ទះ លោក ហ៊ុន សែន ដោយមិនចាំបាច់មានការចូលរួម របស់គណបក្សប្រឆាំងដើម្បីបង្គ្រប់កូរ៉ូម ១២០រូបសម្រាប់ការចូលស្បថកាន់តំណែងដំបូងនោះ បានបង្កឲ្យមានប្រតិកម្មឆ្លើយតបភ្លាមៗ ទៅនឹងការលើកឡើងបែបនេះ។ មន្ត្រីអ្នកច្បាប់មួយរូបពីខាងអង្គការសង្គមស៊ីវិល បានបកស្រាយ«ផ្ទុយ»ទៅនឹងការលើកឡើងខាងលើ ហើយបានចាត់ទុកថា នេះជាការគម្រាមកំហែងមួយ ទៅលើស្ថាប័ន គ.ជ.ប។
លោក ហ៊ុន សែន (ឈរកណ្ដាល ) នៅថ្ងៃទី៣១ខែកក្កដា ឆ្នាំ២០១៣ នៅស្ទឹងមានជ័យ។ (រូបថត Nicolas Axelrod/Getty Images)
នាយករដ្ឋមន្ត្រី នៃរដ្ឋាភិបាលចាំផ្ទះរបស់ប្រទេសកម្ពុជា លោក ហ៊ុន សែន បានប្រកាសថាគណបក្សប្រជាជនកម្ពុជា ដែលឈ្នះឆ្នោតកាលពីថ្ងៃទី២៨ខែកក្កដានេះ មានសម្លេងគ្រប់គ្រាន់នឹងអាចរបង្កើតរដ្ឋាភិបាលម្នាក់ឯងបាន។ លោកបានបង្ហាញហេតុផលថាចាប់ពីឆ្នាំ២០០៦ ដោយសារតែមានការធ្វើវិសោធនកម្ម រដ្ឋធម្មនុញ្ញសមាជិករដ្ឋសភាពី ២ភាគ៣ ដែលត្រូវការសំលេង ៨២ រូប ពី មកត្រឹមសម្លេង៥០ភាគរយបូក១ មានន័យស្មើនឹង៦៣ រូបប៉ុណ្ណោះក្នុងចំណោមសមាជិករដ្ឋសភាសរុប ១២០រូប អាចកោះប្រជុំរដ្ឋសភាបាន។
ថ្លែងក្នុងពេល ចុះទៅពិនិត្យការដ្ឋានប្រឡាយទឹក នៅឃុំសន្លូង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល លោក ហ៊ុន សែន បានបញ្ជាក់ថា ចំពោះការមិនទទួលស្គាល់លទ្ធផលបោះឆ្នោត របស់គណបក្សប្រឆាំងក្នុងពេលនេះ មិនមែនជារឿងថ្មីទេ។ លោកហ៊ុន សែន បានបន្តថា គណបក្សលោកមានលទ្ធភាព គ្រប់គ្រាន់ក្នុងការកោះប្រជុំរដ្ឋសភាបាន មិនមានការជាប់គាំងផ្នែកនយោបាយនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏អាចបែងចែកអាសនៈ របស់គណបក្សសង្គ្រោះជាតិ ទៅឲ្យគណបក្សនយោបាយតូចៗ ដែលមិនមានអាសនៈរដ្ឋសភានោះទៀត ប្រសិនបើគណបក្សសង្គ្រោះជាតិមួយនេះធ្វើពហិកា មិនចូលរួមក្នុងសម័យប្រជុំរដ្ឋសភាដំបូងនោះ។
ទាក់ទងនឹងករណីនេះ លោក សម រង្ស៊ី និងលោក កឹម សុខា ក្នុងសន្និសិទកាសែតកាលថ្ងៃទី២៩ ខែកក្កដា នៅទីស្នាក់ការគណបក្សសង្គ្រោះជាតិ ធ្លាប់បានបញ្ជាក់យ៉ាងច្បាស់ថា គណបក្សសង្គ្រោះជាតិ មិនទទួលយកលទ្ធផលដែលប្រកាសដោយគ.ជ.ប និងស្នើរសុំឲ្យបង្កើតគណកម្មការចំរុះឯករាជ្យមួយ តែមិនមានន័យថា«បោះបង់ចំនួនអាសនៈ»នៅក្នុងរដ្ឋសភាទេ។
ចំនួនសមាជិករដ្ឋសភា«លើកដំបូង» ត្រូវតែមានចំនួន១២០រូប (មាត្រាទី៧៦ នៃរដ្ឋធម្មនុញ្ញ)
ប្រតិកម្មនឹងការលើកឡើងរបស់លោក ហ៊ុន សែន ពីការយកអាសនៈក្នុងរដ្ឋសភា ទៅប្រគល់ឲ្យគណបក្សផ្សេង ដែលគ្មានឈ្មោះក្នុងសភានោះ លោក នី ចរិយា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់សមាគមការពារសិទ្ធិមនុស្សអាដហុក និងជាមេធាវី បានបញ្ជាក់ប្រាប់ទស្សនាវដ្តីមនោរម្យព័ងអាំងហ្វូ យ៉ាងដូច្នេះថា៖ «បើយោងតាមរដ្ឋធម្មនុញ្ញ មិនអាចទៅរួចនោះទេ ក្នុងការដកហូតអាសនៈរបស់គណបក្សមួយក្នុងរដ្ឋសភា ឲ្យគណបក្សមួយទៀតដែលមិនមានអាសនៈក្នុងរដ្ឋសភា ប្រសិនបើគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា មិនប្រកាសខ្លួនឯងថាឈប់ចូលរួមក្នុងរដ្ឋសភា ឬក្នុងក្របខណ្ឌដែលគណបក្សនេះ ប្រកាសរំលាយខ្លួនឈប់ជាគណបក្សហើយ»។
លោក នី ចរិយា បានពន្យល់ថា ទោះបីជារដ្ឋធម្មនុញ្ញមាត្រា៨២ថ្មី ប្រធានសភា អនុប្រធានសភា គណកម្មាធិការចិន្ត្រៃយ៍ទាំងអស់ ត្រូវបានបោះឆ្នោតដោយសម្លេងភាគច្រើនដាច់ខាត (៥០ភាគរយបូក១) ក៏ពិតមែន តែក្នុងរដ្ឋធម្មនុញ្ញមានត្រា៧៦ បានកំណត់ថាចំនួនសមាជិករដ្ឋសភា«លើកដំបូង» ត្រូវតែមានចំនួន១២០រូប។
លោកបានបញ្ជាក់បន្ថែមថា ទោះបីជាក្រោយការចូលស្បថ នៅព្រះបរមរាជវាំងនោះក៏ដោយ ក៏មិនមានន័យថាក្លាយជាសមាជិកសភាពេញលេញនោះដែរ (វា)គ្រាប់តែជាការស្បថសុំអភ័យឯកសិទ្ធិតែប៉ុណ្ណោះ។ ហើយបើសិនជារដ្ឋសភាប្រជុំ មិនមានសមាជិកសភាគ្រប់១២០រូបនោះទេ មានន័យថា រដ្ឋសភានេះ មិនមានលក្ខណៈពេញលេញជារដ្ឋសភានោះទេ។ គ្មានរដ្ឋសភា ក៏គ្មានរដ្ឋាភិបាលដែរ។
លោកបានធ្វើការកត់សម្គាល់ឃើញថា ទាំងគណបក្សប្រជាជន ទាំងគណបក្សប្រឆាំង សុទ្ធតែបានប្រកាសពីចំនួនអសនៈយកឈ្នះរៀងៗខ្លួន និងថាអាចបង្កើតរដ្ឋាភិបាលមួយតែម្នាក់ឯង។ ការលើកឡើងនេះហាក់ដូចជាលឿនេពេក ខណៈដែលគ.ជ.ប មិនទាប់ប្រកាសពីចំនួនអសនៈជាផ្លូវការផងនោះ ករណីនេះលោកចាត់ទុកថា នេះជាការគំរាមកំហែងមួយតាមបែបនយោបាយ ដែលអាចធ្វើឲ្យប៉ះពាល់ ដល់បរិយាកាសនៃការរស់នៅរបស់ពលរដ្ឋ។
យកអសនៈប្រគល់ទៅគណបក្សដែលរាស្ត្រមិនបោះឆ្នោតឲ្យ ជាការម៉ាក់ងាយម្ចាស់ឆ្នោត?
ទាក់ទងនឹងការ ប្រគល់អាសនៈទៅឲ្យគណបក្សតូចៗផ្សេងទៀតនោះ មន្រ្តីរូបនេះបញ្ជាក់ថា «គ្មានច្បាប់ណាមួយ ដែលអនុញ្ញាតិប្រគល់អាសនៈ ទៅឲ្យគណបក្សណាមួយ ដែលមិនជាប់ឆ្នោតនៅក្នុងរដ្ឋសភានោះទេ។ វាលែងតែគណបក្សដែលមានឈ្មោះក្នុងរដ្ឋសភា អាចទទួលយកអាសនៈនោះបាន បើសិនជាគណបក្សមួយទៀត ប្រកាសរំលាយគណបក្សរបស់ខ្លួនចេញពីរដ្ឋសភា។ តែបើសិនជាមិនមានការប្រកាសណាមួយជាសាធារណៈ ជាផ្លូវការ ថាមិនបានរំលាយគណបក្សខ្លួនចេញពីរដ្ឋសភាទេ ពេលនោះគណបក្សដទៃ មិនអាចមានសិទ្ធិណាទៅដកហូតយកអាសនៈទាំងនោះ យកមកធ្វើការបែងចែកនៅក្នុងរដ្ឋសភាបានទេ។»
លោកនី ចរិយា បានចាត់ទុកថាការលើកឡើងរបស់លោក ហ៊ុន សែន ដែលបានប្រកាសថា គណបក្សលោកទទួលបាន៦៧អសនៈ ហើយអាចបង្កើតរដ្ឋាភិបាលបាននោះ ជាការគំរាមកំហែងទៅដល់គ.ជ.ប ដើម្បីតម្រូវឲ្យស្ថាប័នមួយនេះ រៀបចំទៅតាមចំនួនអសនៈ ដែលបានលើកឡើងជាបឋម របស់គណបក្សប្រជាជននោះ។ នេះអាចប៉ះពាល់ ដល់ឯករាជ្យភាពរបស់គ.ជ.ប៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០២ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ