គណៈកម្មាធិការចម្រុះឯករាជ្យនឹងត្រូវបង្កើត តែបក្សប្រឆាំងសុំពង្រីកសមាសភាព
- ដោយ: អ៊ុម វ៉ារី
- កែប្រែចុងក្រោយ: August 03, 2013
- ប្រធានបទ:
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ភ្នំពេញ៖ គណៈកម្មាធិការចម្រុះឯករាជ្យមួយ ទំនងជានឹងអាចចេញជារូបរាង ក្រោយពីមានជំនួបរវាង គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) តំណាងមកពីគណបក្សប្រជាជនកម្ពុជា និងមកពីគណបក្សសង្គ្រោះជាតិ កាលពីព្រឹកថ្ងៃសៅរ៍ទី៣ ខែសីហានេះ នៅទីស្តីការគ.ជ.ប។ ប៉ុន្តែសម្រាប់គណបក្សសង្គ្រោះជាតិ សមាសភាពដែលត្រូវបានកំណត់ឡើង មិនសមប្រកបនឹងអាចធានាបាន នូវយុត្តិធម៌មិនលំអៀងនោះឡើយ។
ពីឆ្វេងទៅស្ដាំ លោក គួយ ប៊ុនរឿន លោក យឹម សុវណ្ណ លោក ហូ វ៉ាន់ មន្ត្រីរបស់គណបក្សសង្គ្រោះជាតិ នាព្រឹកថ្ងៃទី៣ខែសីហានេះ។ (រូបថត MONOROOM.info/ O. Vary)
ក្នុងជំនួបត្រីភាគីលើកទីមួយ ដែលមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គណបក្សប្រជាជនកម្ពុជាដែលមាន លោក ព្រុំ សុខា ជាតំណាង និងគណបក្សសង្គ្រោះជាតិ មានលោក គួយ ប៊ុនរឿន ជាតំណាង។ ក្នុងជំនួបស្តីពីការសម្រេចបង្កើតគណៈកម្មាធិការចម្រុះឯករាជ្យមួយ បានធ្វើឡើងបន្ទាប់ពីការបោះឆ្នោតត្រូវបានបញ្ចប់ និងដោយមានការទាមទារ ដោយគណបក្សប្រឆាំង ដើម្បីពិនិត្យ និងស៊ើបអង្កេតទៅលើភាពមិនប្រក្រតីដែលបានកើតឡើង ពិសេសក្នុងដំណាក់កាលនៃការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។
ក្នុងកិច្ចប្រជុំដោយបិទទ្វានេះ លោក យឹម សុវណ្ណ មន្ត្រីអ្នកនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ ក៏បានស្នើរសុំដល់គ.ជ.ប អនុញ្ញាតិឲ្យអ្នកសង្កេតការណ៍ និងអ្នកយកព័ត៌មានចូលរួមស្តាប់ ដើម្បីផ្តល់នូវព័ត៌មានទាំងនេះដល់ម្ចាស់ឆ្នោត តែត្រូវបានបដិសេធដោយគ.ជ.ប។
លោកទេព នីថា បានបញ្ជាក់ថា ក្រោយពីជំនួបនេះមក អង្គប្រជុំបានសម្រេចទៅលើករណីពីរ ទីមួយការសម្រេចបង្កើតគណៈកម្មាធិការចម្រុះដែលមាន គ.ជ.ប តំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ។ ទីពីរគណៈកម្មាធិការចម្រុះនិងធ្វើការពិភាក្សាគ្នាអំពីអាណត្តិ និងភារកិច្ចរបស់ខ្លួន។
លោកបន្តរថាអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ មិនមែនជាភាគីពាក់ព័ន្ធក្នុងករណីនេះទេ មិនអាចចូលរួមជាសមាជិកបានទេ ប៉ុន្តែមានសិទ្ធិ និងតួនាតីក្នុងការចូលរួមជាអ្នកសង្កេតការណ៍ និងវាយតម្លៃនៃដំណើរការគណៈកម្មាធិការចម្រុះ ក៏ដូចជាដំណើរការនៃការដោះស្រាយបញ្ហាទូទៅបាន តែមិនមានវត្តមានរបស់អង្គការសហប្រជាជាតិ (UN) ចូលរូមទេ ដោយហួសពីសមត្ថភាពគ.ជ.ប។ លោកបន្តរថាគណៈកម្មាធិការចម្រុះនេះ នឹងធ្វើការបង្កើតឲ្យបានឆាប់បំផុត តែមិនទាន់មានកំណត់នូវចំនួនសមាជិក នៃគណបក្សដែលនឹងត្រូវចូលរួម ធ្វើការងារនេះនៅឡើយនោះទេ។ តែជាបឋមក្រោយការបង្កើត គណៈកម្មាធិការចម្រុះនឹងពិនិត្យទៅលើរបាយការណ៍នៃភាពមិនប្រក្រតី ដែលបានដាក់ដោយគណបក្សនយោបាយ នៅតាមរាជធានីខេត្ត-ក្រុង។
អគ្គលេខាធិការរូបនេះ បានលើកឡើងពាក់ព័ន្ធការបង្កើតគណៈកម្មាធិការចម្រុះនេះថា «ជាការសម្រេចដ៏ល្អមួយ ដែលអាចឲ្យបងប្អូបប្រជាពលរដ្ឋ អ្នកបោះឆ្នោតទាំងអស់មានការនឹងធឹងក្នុងចិត្ត ថាគណបក្សដែលបានជាប់ឆ្នោតទាំងពីរ រួមទាំងគ.ជ.ប បានរួមសហការគ្នា ដោះស្រាយបញ្ហាដែលយើងថា មានភាពមិនប្រក្រតីក្នុការបោះឆ្នោតនោះ»។
លោក ព្រុំ សុខា តំណាងគណបក្សប្រជាជនកម្ពុជា បានគេចចេញពីអ្នកកាសែតដោយគ្រាន់តែបញ្ជាក់យ៉ាងខ្លីថា «លទ្ធផលប្រជុំថ្ងៃនេះ យើងកំពុងតែធ្វើដំណើរទៅមុខហើយ»។
ឯលោក គួយ ប៊ុនរឿន តំណាងគណបក្សសង្រ្គោះជាតិ បានផ្តល់បទសម្ភាសជាមួយអ្នកកាសែតថា «ជាគោលការណ៍យើងនឹងបើកការស៊ើបអង្កេតមួយ ព្រោះយើយទាំងអស់គ្នា សុទ្ធិតែមានសុឆន្ទះ ចង់បង្កើតឲ្យមានគណៈកម្មការចម្រុះនេះទាំងអស់គ្នា»។ គណៈកម្មាធិការ នេះត្រូវបានបង្កើតឡើង បន្ទាប់ពីមានការតវ៉ាអំពីភាពមិនប្រក្រតី នៃការបោះឆ្នោតដោយគណបក្សប្រឆាំង។ លោកក៏បានបង្ហាញភាពមិនអស់ចិត្តមួយចំនួន នូវការបដិសេធដោយ គ.ជ.ប ចំពោះវត្តមានរបស់អង្គការសហប្រជាជាតិ (UN) ចូលរូមក្នុងគណកម្មាធិការអង្កេតនេះ។
ការព្រមព្រៀងគ្នាដែលមិនសូវមានភាពច្បាស់លាស់ខាងលើ ត្រូវបានគណបក្សសង្គ្រោះជាតិលើកមកបញ្ជាក់ឡើងវិញនៅល្ងាចថ្ងៃដដែល ដោយបានទាមទារឲ្យមានការចូលរួមកាន់តែទូលាយថែមទៀត ទាក់ទងនឹងសមសភាពនៅក្នុងគណៈកម្មាការចម្រុះនេះ។ នៅក្នុងលិខិត ចុះហត្ថលេខាដោយប្រធានគណបក្ស លោក សម រង្សី បាននិយាយថា គណបក្សសង្គ្រោះជាតិ ចង់ឱ្យ គណៈកម្មការចម្រុះដោះស្រាយភាពមិនប្រក្រតី ក្នុងពេលបោះឆ្នោត មានសមាសភាព គណបក្សសង្គ្រោះជាតិ គណបក្សប្រជាជនកម្ពុជា ព្រមទាំងអង្គការសង្គមស៊ីវិល អ្នកអង្កេតការជាតិ និងអន្តរជាតិ ដោយមានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជាអ្នកសម្របសម្រួល និងអង្គការសហប្រជាជាតិ ជាអាជ្ញាកណ្តាល។
អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យឹម សុវណ្ណ បានថ្លែងព្រមានថា គណបក្សសង្គ្រោះជាតិនឹងមិនចូលរួមគណៈកម្មការចម្រុះនេះទេ បើគ្មានអង្គការពាក់ព័ន្ធ និងអង្គការសហប្រជាជាតិជាអាជ្ញាកណ្តាល ព្រោះលោកបានអះអាងថា វាគ្មានន័យ៕
---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី០៣ សីហា ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ