អ.ស.ប. បរិហារ​ពី​ការ​បំបិត​សិទ្ធិ លើ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា

ស្នងការជាន់ខ្ពស់ នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកផ្នែកសិទ្ធិមនុស្ស បានប្រកាសកាលពីថ្ងៃអង្គារ​ម្សិល​ម៉ិញ ពីការ​ព្រួយបារម្ភរបស់ខ្លួនយ៉ាងជ្រាលជ្រៅ ទៅលើបរិយាកាស នៃការបំបិទសិទ្ធិសេរីភាព ផ្នែក​នយោបាយ ដែល​ចេះ​តែ​កើត​កម្ដៅ​ខ្លាំងឡើង ប្រឆាំងនឹងក្រុមអ្នកនយោបាយជំទាស់ និងក្រុមអង្គការ​សង្គម​ស៊ីវិល នៅ​ក្នុង​ប្រទេស​កម្ពុជា។
អ.ស.ប. បរិហារ​ពី​ការ​បំបិត​សិទ្ធិ លើ​ក្រុម​ប្រឆាំង​នៅ​កម្ពុជា
អ្នកស្រី រ៉ាវីណា សាមដាសានី អ្នកនាំពាក្យរបស់ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួលបន្ទុកខាងសិទ្ធិមនុស្ស។ (រូបថត UN)
Loading...
  • ដោយ: សេក មនោរកុមារ អត្ថបទ និងយកការណ៍៖ សេក កុមារ ([email protected]) - បារីស ថ្ងៃទី០៧ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: September 07, 2016
  • ប្រធានបទ: នយោបាយ-កម្ពុជា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

«នៅក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការចល័ត បង្ហាញកម្លាំង​របស់កងទ័ពកម្ពុជា នៅក្បែរ​ទីស្នាក់ការ​ធំ របស់គណបក្សសង្គ្រោះជាតិ។ កិច្ចអន្តរាគមន៍នេះ ក៏ដូចជាការលើកឡើង ក្នុងពេលថ្មីៗនេះ ដោយ​​មេ​​ដឹកនាំ​​ជាន់​ខ្ពស់ របស់កងទ័ព ដែលបានធ្វើការស្បថស្បែ ថានឹងការពារ​គណបក្ស​កាន់អំណាច ទល់​នឹង​​ចលនា​​​ប្រឆាំង​​​បែប​​នយោបាយ​នោះ មានលក្ខណៈ​គួរឲ្យបារម្ភ​ជាទីបំផុត។» នេះជាការថ្លែង របស់អ្នកស្រី រ៉ាវីណា សាមដាសានី (Ravina Shamdasani) អ្នកនាំពាក្យរបស់ស្នងការជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិ ទទួល​​បន្ទុក​ខាង​សិទ្ធិ​មនុស្ស ចេញពីទីក្រុង ហ្សឺណែវ ប្រទេសស្វីល នៅក្នុងសន្និសីទសារព័ត៌មានមួយ កាល​ពីថ្ងៃ​​អង្គារ​ម្សិល​ម៉ិញ។

ផ្ដើមចេញពីការព្រួយបារម្ភ ដែលត្រូវបានបង្ហោះផ្សាយជាផ្លូវការ នៅលើគេហទំព័រ របស់អង្គការ​ពិភពលោក​មួយ​នេះ អ្នកនាំពាក្យស្នងការជាន់ខ្ពស់ បានថ្លែងរំលឹកទៅរដ្ឋាភិបាលកម្ពុជា ពីកាតព្វកិច្ចរបស់ខ្លួន ក្នុងការ​អនុវត្តន៍ និង​​ធានា​ឲ្យបាន នូវសុវត្ថិភាពជូនដល់ពលរដ្ឋកម្ពុជាគ្រប់រូប ជាពិសេសជូនដល់ក្រុមអ្នកនយោបាយ បើ​​ទោះ​​ជា​ពួកគេ​មាន​និន្នាការ​បែបណាក្ដី។ អ្នកស្រី រ៉ាវីណា បានលើកយកមកថ្លែង ពីករណីអនុប្រធាន (សព្វថ្ងៃ​​ជា​​ប្រធាន​​ស្ដីទី) គណបក្សសង្គ្រោះជាតិ លោក កឹម សុខា ដែលកំពុងត្រូវញាំញីដោយសំនុំរឿងក្ដីក្ដាំ នៅឯ​តុលាការ​​ជា​មួយ​​នឹង​សមាជិក និង​អ្នកគាំទ្រចំនួន២៩នាក់ផ្សេងទៀត ក្នុងនោះមាន១៤នាក់ ត្រូវបាន​ផ្ដន្ទា​ទោស ឲ្យ​ជាប់​ពន្ធនាគារ​​យ៉ាង​​ធ្ងន់ធ្ងរ។

អ្នកស្រីបានបន្តថា៖ «ការដាក់បន្ទុកទៅលើពួកគេ ដែលមិនមានទំងន់ និងភាពខុសប្រក្រតី នៃដំណើរ​នីតិវិធី បាន​​បង្កើត​​ឲ្យ​មាន​ការព្រួយបារម្ភយ៉ាងខ្លាំង ពីភាពត្រឹមត្រូវ យុត្តិធម៌ ដែលទទួលបាន ពីការជំនុំជម្រះ​ក្ដី​ទាំង​នេះ»។

អ្នកនាំពាក្យបានថ្លែងទៀតថា៖ «យើងសូមជំរុញទៅអាជ្ញាធរ (កម្ពុជា) ឲ្យគោរពយ៉ាងខ្ពាប់ខ្ជួន នូវការជំនុំជម្រះ​ក្តី​ដោយ​ត្រឹមត្រូវ តាមស្តង់ដារអន្តរជាតិ ក្នុងនីតិវិធីព្រហ្មទណ្ឌ រួមទាំងការធានាឱ្យមានតម្លាភាព ក្នុងការ​គ្រប់​គ្រង​រដ្ឋបាល របស់​ប្រព័ន្ធ​តុលាការ»។

មន្ត្រីជាន់ខ្ពស់ របស់អង្គការសហប្រជាជាតិរូបនេះ ក៏បានលើកយកមកបញ្ជាក់ដែរ ទាក់ទងនឹងការ​បិត​ផ្លូវ​មួយ​ចំនួន នៅក្នុងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទ ពីសំណាក់អាជ្ញាធរ បន្ទាប់ពីមានការប្រកាស របស់ក្រុមអ្នក​គាំទ្រ​គណបក្សប្រឆាំង ក្នុងការដាក់ញត្តិ និងការដង្ហែដោយ«សន្តិវិធី» នូវញត្តិទាំងនោះ ទៅដាក់នៅតាម​បណ្ដា​ស្ថានទូត​​បរទេសមួយចំនួន ប្រចាំនៅប្រទេសកម្ពុជា។ អ្នកស្រី រ៉ាវីណា សាមដាសានី បានបន្តថា៖ «អាជ្ញាធរ​បាន​ឃាត់ខ្លួន មនុស្ស១០នាក់ នៅក្នុងព្រឹត្តិការណ៍ សំដែងមតិដាច់ដោយឡែកមួយ និង១០នាក់ទៀត ​ក្នុង​​ការ​ជួបជុំ​គ្នា​មួយ​ផ្សេង នៅរាជធានីភ្នំពេញ»។

អ្នកស្រីបានថ្លែងថា៖ «យើងសូមជំរុញឲ្យរដ្ឋាភិបាល (កម្ពុជា) ឲ្យបង្កើតនូវបរិយាកាល សម្រាប់ការអាស្រ័យ​ផល នៃសេរីភាព "នៃការបញ្ចេញមតិ - ការជួបជុំដោយសន្តិវិធី និងការបង្កើតអង្គការសមាគម" ដែល​ជាសារៈ​សំខាន់​ដ៏ពិសេស នៅក្នុងបរិបទ​មុនការបោះឆ្នោត​ឃុំសង្កាត់ ឆ្នាំ២០១៧ និងបោះឆ្នោតជាតិ ឆ្នាំ២០១៨ មក​ដល់»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...