សម រង្ស៊ី ក្លាយ​​ជា​​ប្រធាន​​ក្រុម​​តំណាង​​រាស្រ្ត​​មតិ​​ភាគ​​តិច ក្នុង​​រដ្ឋសភា

ប្រធានក្រុមតំណាងរាស្រ្តពីររូប ត្រូវបានតែងតាំងដោយរដ្ឋសភាកម្ពុជា ដែលមានឋានៈស្មើនាយករដ្ឋមន្រ្តី និង​អាច​ធ្វើការ​ជជែក តវ៉ា ពិភាក្សា ជាមួយនាយករដ្ឋមន្រ្តី ក្នុងការស្វែងរកដំណោះស្រាយសម្រាប់ជាតិ និងប្រជាពលរដ្ឋ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ និងយកការណ៍៖ អ៊ុម វ៉ារី ([email protected]) - ភ្នំពេញថ្ងៃទី២១ មករា ២០១៥
  • កែប្រែចុងក្រោយ: January 21, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រដ្ឋសភា​កម្ពុជា​នីតិកាល​ទី​៥ ដែល​មាន​គណបក្ស​ពីរ គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូល​រូម​ប្រជុំ​នេះ បាន​ជ្រើស​តាំង លោក សម រង្ស៊ី ជា​ប្រធាន​ក្រុម មតិ​ភាគ​តិច​នៃ​តំណាង​រាស្ត្រ​ក្នុង​សភា សម្រាប់​​នីតិកាល​ទី​៥នេះ។ មេ​ដឹកនាំ​គណបក្ស​ប្រឆាំង​រូប​នេះ ត្រូវ​បាន​ប្រធាន​រដ្ឋសភា​កម្ពុជា​លោក ហេង សំរិន មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ប្រកាស​ទទួល​ស្គាល់​ជា​អ្នក​គ្រប់​គ្រង​តំណែង​នេះ ចាប់​ពី​ថ្ងៃ​ចេញ​សេចក្ដី​ប្រកាស ថ្ងៃ​ទី២០ ខែ​មករា ម្សិល​ម៉ិញ។

ក្រៅ​ពី​តែងតាំង​លោក សម រង្ស៊ី ជា​ប្រធាន​ក្រុម​តំណាង​រាស្រ្ត​មតិ​ភាគ​តិច​នៃ​រដ្ឋសភា រដ្ឋសភា​ក៏​បាន​បន្ថែម​ឋានៈ​ទៅ​ឲ្យ​តំណាង​រាស្រ្ត​ចំនួន​៦រូប ក្នុង​នោះ​បី​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា និង​បី​រូប​មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ។

តាមសេចក្តីប្រកាសដដែលរបស់ប្រធានរដ្ឋសភា លោក ហេង សំរិន បានទទួលស្គាល់ថ្នាក់ដឹកនាំ តំណាង​រាស្រ្តនៃគណបក្សប្រជាជនកម្ពុជាចំនួនបីរូបរួមមានឧបនាយករដ្ឋមន្ត្រី លោក ស ខេង និងជារដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ជាប្រធានក្រុមតំណាងរាស្ត្របក្សប្រជាជនកម្ពុជា។ ឧបនាយករដ្ឋមន្ត្រីប្រចាំការ លោក គាត ឈន់ ជាអនុប្រធាន (ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា)។ ឧបនាយករដ្ឋមន្ត្រី លោកស្រី ម៉ែន សំអន និង​ជា​រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ជាអនុប្រធាន (ក្រុមតំណាងរាស្ត្រគណបក្ស​ប្រជាជនកម្ពុជា)។

សម្រាប់តំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិវិញ រដ្ឋសភាក៏បានទទួលស្គាល់លោក សម រង្ស៊ី ជាប្រធាន​ក្រុម​តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ លោក កឹម សុខា ជាអនុប្រធាន និងលោក យឹម សុវណ្ណ ជា​លេខាធិការ។

យ៉ាងណា ប្រធានរដ្ឋសភាក៏បានអនុញ្ញាតិឲ្យ ថ្នាក់ដឹកនាំក្រុមតំណាងរាស្រ្ត នៃគណបក្សនយោបាយ​ទាំងពីរ​ក្នុង​រដ្ឋសភានេះ មានការរិយាល័យជាមួយនឹងលេខាធិការ ចំនួន២ ទៅ៤រូប ដើម្បីជួយបំពេញការងារ របស់​ប្រធានតំណាងរាស្រ្តនៃគណបក្សនយោបាយនីមួយៗ។

សេចក្តីប្រកាសបង្កើតឲ្យមាន ប្រធានក្រុមតំណាងរាស្រ្តមតិភាគតិចក្នុងរដ្ឋសភានេះ ត្រូវបានចេញជាផ្លូវការ តែប៉ុន្មានថ្ងៃបន្ទាប់ពីស្ថានការនយោបាយបានឡើងកំដៅ បង្កើតបានជាសង្គ្រាមពាក្យសម្តី បាញ់ទៅគូបដិបក្ខ​រៀងៗខ្លួន ដោយថ្នាក់ដឹកនាំកំពូលនៃគណបក្សធំៗនៅកម្ពុជា។

សម្រាប់សង្គមស៊ីវិលមួយចំនួន បានទទួលគាំទ្រថាជាជម្រើសមួយប្រសើរ សម្រាប់ស្ថានការនយោបាយ​នៅ​កម្ពុជាបច្ចុប្បន្ននេះ។ លោក យ៉ង់ គឹមអេង ធ្លាប់បានផ្តល់បទសម្ភាសជាមួយទស្សនាវដ្តីមនោរម្យ.អាំងហ្វូថា ការបង្កើតឲ្យមានប្រធានក្រុមតំណាងរាស្រ្តភាគតិច ក្នុងរដ្ឋសភាជារឿងត្រឹមត្រូវ។ លោកបានពន្យល់ថា ព្រោះ​(វា)បានបង្កើតឱកាសច្រើន ដល់បក្ស«មិន»កាន់អំណាច ដើម្បីជជែកពិភាក្សា ជាមួយបក្ស«កាន់»អំណាច តាម​រយៈឋានៈស្មើនាយករដ្ឋមន្រ្តីនេះ។ លោក បានថ្លែងអះអាងទៀតថា៖ «តំណាងរាស្រ្តមានសម្លេងភាគតិច ក្នុងរដ្ឋសភាកន្លងមក គ្មានអំណាចអ្វីទាំងអស់។ (…) ការចូលរួមក៏គ្មានប្រសិទ្ធិភាព គ្មានគុណភាព ដើម្បីកែ​ទម្រង់ និងចូលរួមកិច្ចស្ថាបនានានាឡើយ។»

ប៉ុន្តែលោក យ៉ង់ គីមអេង ក៏បានថ្លែងបញ្ជាក់ដែរថា ការផ្តល់ឋានៈ ឬតួនាទី របៀបនេះ ហាក់ដូចជាមាន​ភាព​ងាយស្រួល មានប្រសិទ្ធិភាព និងបានអនុវត្តច្រើន ជាងការកែទម្រង់ទៅវិញ។ លោកបាន​និយាយទៀតថា៖ «បើកំណែទម្រង់អត់ដើរទេ ទោះបីក្រុមភាគតិចត្រូវបានផ្តល់តួនាទី យ៉ាងម៉េចក៏ដោយ ក៏វាគ្មាន​ន័យ​ដែរ»។

» សូមអានអត្ថបទទាក់ទងឡើងវិញ ដោយចុចនៅលើទីនេះ

សូមរំលឹកថាកាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅ ក្រោយជំនួបសម្ងាត់រវាងលោក ហ៊ុន សែន និង​លោក សម រង្ស៊ី បានបង្កើតឲ្យមានចំណុចថ្មីពីរឡើង។ ទីមួយការឯកភាពគ្នា ក្នុងការកែសម្រួលបទ​បញ្ជាផ្ទៃ​ក្នុង​រដ្ឋសភា និងចំណុចទីពីរបង្កើតឲ្យមានប្រធានក្រុមមតិភាគតិច មកជជែកជាមួយនាយករដ្ឋមន្ត្រី។ កាលនោះ ក្នុង​សេចក្ដីសម្រេចរបស់ថ្នាក់ដឹកនាំទាំងពីរបានសរសេរថា៖ «ប្រធានក្រុមភាគតិចនេះ នឹងមានថានះស្មើ​នាយក​រដ្ឋមន្ត្រី»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...