សម្ដី ដែល​បង្ក​ជា​សង្គ្រាម​

ពាក្សសម្ដី ដែលធ្វើឲ្យក្លាយជា«សង្គ្រាម» តែងតែត្រូវបានលើកឡើង នៅចំពោះមុខអ្នកគាំទ្រគោលនយោបាយរបស់ខ្លួន បាញ់ឆ្ពោះទៅកាន់គណបក្ស ឬអ្នកនយោបាយបដិបក្ខ ដែលទីបំផុតទៅ សម្រាប់គ្រាន់តែទាញរកប្រជាប្រិយភាព និង​ផល​ចំណេញ​ឲ្យខ្លួន និងក្រុមរបស់ខ្លួនប៉ុណ្ណោះ។
Loading...
  • ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២០ មករា ២០១៤
  • កែប្រែចុងក្រោយ: January 21, 2015
  • ប្រធានបទ: នយោបាយ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ជា​ទម្លាប់​សម្រាប់​អ្នក​នយោបាយ នៃ​ប្រទេស​កម្ពុជា​ទៅ​ហើយ ដែល​ចូល​ចិត្ត​ជ្រើស​រើស​រក​យកផ្លូវ បរិហារ​គ្នា​ទៅ​វិញ​ទៅ​មក ក្នុង​វេទិការ​នីមួយៗ​មិន​ដែល​លោះ។ ជា​ពិសេស​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ អ្នក​នយោបាយ​មក​ពី​គណបក្ស​ធំៗ​ចំនួន​បី បាន​ជ្រើស​រើស​ផ្លូវ​ដដែលៗ​នេះ ដើម្បី​ស្រូប​ទាញ​យក​​ចំណាប់​អារម្មណ៍ ពី​អ្នក​គាំទ្រ​និង​ពី​ពលរដ្ឋ​តែ​រៀងៗ​ខ្លួន។

ព្រឹត្តិការណ៍​បាន​ផ្ទុះ​ឡើង​ខ្លាំង កាល​ពី​ថ្ងៃ​ទី១៩ ខែ​មករា​នេះ បន្ទាប់​ពី​លោក ហ៊ុន សែន នាយក​រដ្ឋមន្រ្តី​ មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​បង្ហាញ​នូវ​ជំហរ​រួម​ជា​មួយ​​មេ​ដឹកនាំ​ថ្មី​របស់​គណបក្ស​ហ៊្វុនស៊ិនប៉ិច បាន​ធ្វើ​ការ​វាយបក​យ៉ាង​ធ្ងន់ៗ ទៅ​លើ​មេ​ដឹក​នាំ​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​បាន​ព្រមាន​ដាក់​បញ្ចប់​វប្បធម៌​សន្ទនា ដែល​ធ្លាប់​បាន​ធ្វើ ក្នុង​ពេល​កន្លង​មក​ដើម្បី​បញ្ចប់​ភាព​ជាប់​គាំង​នយោបាយ។

គេត្រូវរំលឹកឡើងវិញ ពីពាក្យសំដីដើមហេតុដំបូង ដែលជាការលើកឡើងរបស់ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៥ កន្លងមក ក្នុងពីធីភ្ជាប់បេតុងស្ពានអ្នកលឿង «ស៊ូបាសា» ថា កម្ពុជា​ជាប្រទេសមួយដ៏កម្សត់ ដែលទើបទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍ពីបាត់ដៃទទេរបស់លោក ជាង​៣០ឆ្នាំមកនេះ។ លោកថា បើគ្មានការពុះពារឧបសគ្គជាច្រើន ដើម្បីបុព្វហេតុនៃសន្តិភាព ឈានទៅរកកិច្ច​ចរចា​សន្តិភាពទីក្រុងប៉ារីស បញ្ចប់ការផ្ទុះអាវុធទាំងស្រុងនៅកម្ពុជា ហើយបើគ្មានបាតដៃរបស់លោក ហ៊ុន សែន ទេ ក៏គ្មានសន្តិភាពដូចពេលនេះ រហូតមានការអភិវឌ្ឍន៍នៅកម្ពុជាយ៉ាងដូច្នេះដែរ។

ប៉ុន្តែការថ្លែងរបស់លោក ហ៊ុន សែន ដដែលៗនេះ មិនទំនងជាផ្ដល់ការសប្បាយចិត្ត ដល់ក្រុមអ្នកនយោបាយ​ប្រឆាំង និង​ពលរដ្ឋរងគ្រោះជាច្រើននាក់ ដែលតែងតែចាត់ទុកថា ជាភាសាដែលលែងមាន​រសជាតិអ្វីទៀត និង​ដែលបានសម្លឹងឃើញតែមួយចំហៀង។ អ្នកខ្លះថែមទាំងបរិហាថា មានលោក ហ៊ុន សែន និង​មាន​គណបក្ស​ប្រជាជនកម្ពុជា ទើបប្រទេសកម្ពុជាជួបនូវបញ្ហាសង្គមធ្ងន់ធ្ងរ ដូចសព្វថ្ងៃ។

ពីក្នុងចំណោមអ្នកនយោបាយប្រឆាំង លោក កឹម សុខា បានដកដាវចេញមកមុនគេ ហើយរត់សំដៅ​បន្ទាយ​នយោបាយរបស់លោក ហ៊ុន សែន។ ក្នុងវេទិកាតំណាងរាស្រ្ត និងម្ចាស់ឆ្នោត កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ​២០១៥ ស្ថិតក្នុងភូមិសំរោង ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លោក កឹម សុខា បានព្រលះលោក​នាយក​រដ្ឋមន្រ្តីវិញថា រយៈពេល៣០ឆ្នាំ នៃការដឹកនាំប្រទេសដោយគណបក្សប្រជាជនកម្ពុជានោះ អំពើ​អយុត្តិធម៌​ជា​ច្រើន​បានកើតមានឡើង។

លោក កឹម សុខា បានថ្លែងថា៖ «ការដឹកនាំរាជរដ្ឋាភិបាល ដោយគណបក្សប្រជាជន អស់រយៈពេលជាង៣០ឆ្នាំ​មកហើយ គឺមានភាពអយុត្ដិធម៌ជាច្រើននៅក្នុងសង្គម។ គ្មាននីតិរដ្ឋ បញ្ហារំលោភសិទ្ធិមនុស្ស រំលោភយកដីធ្លី តុលាការមិនឯករាជ្យ អំពើពុករលួយ និងសុខមាលភាពរបស់ប្រជាពលរដ្ឋជាដើម។ (…) គណបក្សប្រជាជន​កម្ពុជា បងប្អូនជ្រាបហើយថា ការដឹកនាំរបស់គាត់ ៣០ឆ្នាំមកនេះ គឺគ្រប់គ្រាន់ហើយ ដែលមតិជាតិ អន្តរជាតិ​គេស្គាល់គាត់ច្បាស់ហើយ។ បញ្ហាជាច្រើនក្នុងសង្គមខ្មែរសព្វថ្ងៃនេះ បើមានអ្នកដឹកនាំគ្រាន់បើបន្តិច គេដោះ​ស្រាយបានគួរសមណាស់ហើយ ប៉ុន្តែនេះវាអន់ មហាអន់ពេក! ៣០ឆ្នាំហើយប្រជារាស្ត្រនៅវេទនា បញ្ហាសង្គម​នៅស្មុគស្មាញដដែល។»។

មិនត្រឹមតែដកដាវ រត់សំដៅបន្ទាយរបស់លោក ហ៊ុន សែន ប៉ុណ្ណោះទេ តែលោក កឹម សុខា បានឆ្លៀតបាញ់​មួយ​ព្រួយសំដៅ«ផ្ទះបាក់បែក»មួយ ដែលទើបនឹងជួសជុលសង់ជាថ្មី និងទើបនឹងទទួលមនុស្សពិសេសម្នាក់ ដែល​បាន​រត់ចោលផ្ទះនេះជាង៨ឆ្នាំ ឲ្យមករស់នៅឡើងវិញ។ ផ្ទះបែកបាក់ គឺគណបក្សហ៊្វុនស៊ិនប៉ិច។ រីឯ​មនុស្ស​ពិសេស​នោះ គឺសម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ ដែលធ្លាប់ជាក្លើធ្លាប់លួចចាក់ខ្នងគ្នា របស់លោក ហ៊ុន សែន។

«លិង្គ និងគូទ»

សម្រាប់លោក កឹម សុខា ការវិលត្រឡប់មកគណបក្សហ្វ៊ុនស៊ីនប៉ិចវិញ របស់សម្តេចក្រុមព្រះ នរោត្តម រណឬទ្ធិ គ្រាន់តែជាស្លឹកចេក ដែលគេត្រូវការយកមករំអន្សមក្នុងពេលនេះ មុននឹងគេបកវាគ្រវាត់ចោលប៉ុណ្ណោះ។ អន្សម ដែលនៅក្នុងទំនៀមទំលាប់ប្រពៃណីខ្មែរ តំណាងឲ្យ«លិង្គ» គូរជាមួយនំគម ដែលតំណាងឲ្យយោនី។

ជាពិសេសទៅទៀត កាលពីថ្ងៃទី១៨ ខែមករានេះ នៅជិតវត្តព្រែកលាប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ លោក កឹម សុខា បានដៀមដាមដាក់អតីតនាយករដ្ឋមន្ត្រីទីមួយ និងគណបក្សស្នាព្រះហស្ថ​ទៀតថា៖ «គ្មានគណបក្សណាមួយអាចទប់ទល់ គណបក្សប្រជាជនបាននោះទេ ក្រៅពីគណបក្សសង្គ្រោះ​ជាតិ។ ពីព្រោះគណបក្សមួយ ដែលទើបនឹងគេរើសចេញពីធុងសម្រាមនោះ រឹតតែទៅលែងរួចហើយ ព្រោះ​ធ្លាប់​ឲ្យឈ្នះម្តងហើយ ហើយអ្នកដែលខំបង្កើតនាយអាយទៀតហ្នឹង គឺកាន់តែមិនអាចទៅរួចទៀត​ហើយ។»

ពាក្យសម្ដីដ៏មុតស្រួចទាំងនេះ បានបញ្ឆេះទ្រង់ រណឬទ្ធិ ឲ្យខ្ញាល់ឡើង។ ខ្ញាល់ខ្លាំង រហូតធ្លាយមាត់ប្រើ​ពាក្យ​«គូទ» នៅក្នុងបន្ទូលជាហូរហែរបស់ព្រះអង្គ និងបានហៅលោក កឹម សុខា វិញថា ជាសត្វក្រពើវង្វេងបឹង។ ក្នុង​ថ្ងៃទី១៩ ខែមករា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានមានបន្ទូលថា លោក កឹម សុខា គួរបញ្ឈប់វប្បធម៌ រិះ​គន់​គណបក្សហ្វ៊ុនស៊ិនប៉ិច នៅទីសាធារណៈ។ ព្រះអង្គ បានពន្យល់រៀបរាប់ថា តាមពិតទៅមេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ គឺសុទ្ធតែព្រះអង្គធ្លាប់ធ្វើគុណ ក្នុងជីវិតនយោបាយរបស់ពួកគេ។ ទាំងលោក កឹម សុខា និង​លោក សម រង្ស៊ី ជាពិសេស លោក កឹម សុខា។ ព្រះអង្គបានចាត់ទុកលោក កឹម សុខា ជាអ្នកនយោបាយ​ដែល​ភ្លេចគុណ ក្នុងគ្រាជួបបញ្ហាកាលពីអតីតកាល។ ព្រះអង្គបញ្ជាក់ដូច្នេះថា «មនុស្ស កឹម សុខា នេះជា​មនុស្ស​ដល់​ត្រើយសើយគូទ។»៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...