ស៊ូប៊ែឌី ជំរុញឲ្យបក្សទាំងពីរប្រើយន្តការ«សន្ទនា» ដើម្បីលិទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
- ដោយ: អ៊ុម វ៉ារី អត្ថបទ៖ អ៊ុម វ៉ារី ([email protected]) - យកការណ៍៖ ស្រ៊ុន ទិត្យ - ភ្នំពេញថ្ងៃទី២០ មករា ២០១៤
- កែប្រែចុងក្រោយ: January 21, 2015
- ប្រធានបទ: សិទ្ធិ
- អត្ថបទ: មានបញ្ហា?
- មតិ-យោបល់
-
ក្នុងវត្តមានលើកទី១១ នៅកម្ពុជារបស់លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) នៅមិនទាន់មានលទ្ធផលជាផ្លូវការនៅឡើយ ចំពោះបញ្ហាសិទ្ធិមនុស្សនៅកម្ពុជានាពេលនេះ។ តែលោកស្នើឲ្យគណបក្សធំៗទាំងពីរ បន្តធ្វើការជាមួយគ្នាដើម្បីប្រជាពលរដ្ឋ និងប្រទេសកម្ពុជា តាមរយៈការសន្ទនាទៅមុខទៀត ដើម្បីពង្រឹងលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស នៅកម្ពុជា។
នាវិមានរដ្ឋសភា ថ្ងៃទី២០ ខែមករានេះ អ្នករាយការណ៍ពិសេស នៃអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) ក្នុងជំនួបជាមួយថ្នាក់ដឹកនាំកំពូលគណបក្សប្រឆាំង បានស្នើឲ្យគណបក្សទាំងពីរ បន្តធ្វើការរួមគ្នាតាមបែបសន្ទនា ឈរលើស្មារតីនៃកិច្ចព្រមព្រៀងនយោបាយរបស់ខ្លួន (កិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤)។
សម្រាប់លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំង បានថ្លែងបញ្ជាក់ទៅលោក សុរិយា ប្រាសាទ ស៊ូប៊ែឌី ថា គណបក្សសង្គ្រោះជាតិ តែងតែគោរពតាមស្មារតីនៃកិច្ចព្រមព្រៀងថ្ងៃទី២២ ខែកក្កដា។ មេដឹកនាំគណបក្សប្រឆាំង បានថ្លែងនៅចំពោះក្រុមអ្នកសារព័ត៌មានថា៖ «យើងនៅគោរពជានិច្ច គឺគោរពស្មារតីនៃកិច្ចព្រមព្រៀង ២២ កក្ដដា។ ខ្លឹមសារហ្នឹងអ្វី ដែលមានចែងនៅក្នុងនោះ។ (…) នឹងគោរពទៅតាមបទបញ្ជាផ្ទៃក្នុង របស់រដ្ឋសភា។»
ផ្ទុយទៅនឹងការលើកឡើងរបស់លោកសម រង្ស៊ី ខាងលើនេះ កាលពីថ្ងៃទី១៩ ខែមករា ម្សិលម៉ិញ នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន បានបង្ហាញថា លោក សម រង្ស៊ី មិនតាមគោរពស្មារតីនៃកិច្ចព្រមព្រៀងនោះឡើយ និងបានព្យាយាមធ្វើអ្វីៗផ្ទុយទាំងអស់ ដែលជាហេតុមិនអាចបន្តវប្បធម៌ នៃការសន្ទនាទៀតបាន។ ទំនងជាចង់សំដៅទៅលោក ស៊ូប៊ែឌី ដែលកំពុងបំពេញទសន្សកិច្ចនៅកម្ពុជានោះ លោកនាយករដ្ឋមន្រ្តីបានស្នើឲ្យបរទេសទាំងអស់ កុំលូកដៃក្នុងរឿងកម្ពុជា ត្រូវគោរពច្បាប់ និងតុលាការកម្ពុជា។ លោក ហ៊ុន សែន បានថ្លែងឡើងថា៖ «សុំបរទេសនានាកុំលូកដៃ កុំលូកលាន់ចូលកិច្ចការរបស់តុលាការកម្ពុជា។ អ្នកឯងធ្លាប់តែនិយាយពីបញ្ហា ទុកឲ្យតុលាការឯករាជ្យ។ (…) ខ្ញុំគោរពតុលាការ។»
ក្នុងដំណើរទស្សកិច្ចនៅកម្ពុជាលើកនេះ លោក ស៊ូប៊ែរឌី ចង់ធ្វើការវាយតម្លៃនូវស្ថានភាពទូទៅនៃសិទ្ធិមនុស្ស ការបង្កើតស្ថាប័នរដ្ឋឯករាជ្យ ការកែទម្រង់ប្រព័ន្ធច្បាប់ និងតុលាការកម្ពុជា។ ជាមួយគ្នានេះ លោកបន្តតាមដានការអនុវត្ត នូវរបាយការណ៍សិទ្ធិមនុស្ស ដែលលោកបានលើកឡើង ចំនួន៧ដងរួចមក។ របាយការណ៍លើកទី៧ របស់លោក ស្តីពីស្ថានភាពសិទ្ធិមនុស្សទីទៅនៅកម្ពុជា ត្រូវបានធ្វើឡើងទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៃអង្គការសហប្រជាជាតិកាលពីខែកញ្ញា ឆ្នាំ២០១៤កន្លងមក។
ក្រៅពីជំនួបជាមួយមេបក្សប្រឆាំង ក្នុងថ្ងៃទី២០ ខែមករានេះ លោក សុរិយា ប្រាសាទ សូប៊ែរឌី ក៏បានចុះជួបជាមួយប្រជាពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លី នៅតំបន់បុរីកីឡាជាបន្ត។ លើស្ថានភាពជាក់ស្តែង នៃការបន្តរស់នៅជាមួយនឹងគំនរសម្រាម របស់ពលរដ្ឋទាំងនោះ លោក ស៊ូប៊ែរឌី បានវាយតម្លៃថា រយៈពេលលោកចាកចេញពីកម្ពុជាមកទល់ពេលនេះ សម្រាប់អ្នករស់នៅបុរីកីឡា ហាក់ដូចជាគ្មានការរីកចម្រើនអ្វីសោះ ហើយក៏ដូចជាគ្មានដំណោះស្រាយជាក់លាក់ណាមួយ ពីរដ្ឋាភិបាលនោះដែរ។
សូមបញ្ជាក់ថា លោក សុរិយា ប្រាសាទ ស៊ូប៊ែឌី (Surya P. Subedi) បានមកដល់កម្ពុជាកាលពីយប់ថ្ងៃទី១៧ ខែមករានេះ ដើម្បីទស្សនកិច្ចផ្នែកសិទ្ធិមនុស្សលើកទី១១ របស់លោក។ លោកនឹងបញ្ចប់ដំណើរទស្សនកិច្ចនេះ ជាមួយនឹងការថ្លែងនូវលទ្ធផលការងាររបស់លោក ក្នុងសន្និសីទកាសែតមួយ នៅរសៀលថ្ងៃទី២៣ ខែមករា នៅការិយាល័យឧត្ដមស្នងការ អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា៕